IMF ថាអាចផ្ដល់កម្ទីឱ្យប្រទេសស្រីលង្កា

IMF ថាអាចផ្ដល់កម្ទីឱ្យប្រទេសស្រីលង្កា ប៉ុន្តែត្រូវតែធានាសងបំណុលឱ្យបានទៀងទាត់


មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា ការពិភាក្សាជាមួយប្រទេសស្រីលង្កា ពីកម្មវិធីផ្ដល់កម្ចីប្រកបដោយសក្តានុពលរបស់មូលនិធិ IMF កំពុងស្ថិតនៅក្នុងដំណាក់ដំបូង ហើយគ្រប់កិច្ចព្រមព្រៀងទាំងអស់នឹងតម្រូវឱ្យមាន "ការធានាគ្រប់គ្រាន់" ថា បំណុលរបស់ប្រទេសនេះអាចត្រូវបានដាក់នៅលើផ្លូវមួយប្រកបដោយនិរន្តរភាព។
IMF ថាអាចផ្ដល់កម្ទីឱ្យប្រទេសស្រីលង្កា ប៉ុន្តែត្រូវតែធានាសងបំណុលឱ្យបានទៀងទាត់

ការ​លើក​ឡើង​របស់ IMF នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​ប្រទេស​ស្រី​លង្កា​ទើបតែ​បាន​ជួប​ពិភាក្សា​ជាមួយ​អ្នកតំណាង​អង្គការ​នេះ នៅ​ទីក្រុង​វ៉ា​ស៊ិ​ន​តោន​ក្នុង​ស​ប្ដា​ហ៍​នេះ ដើម្បី​ស្វែងរក​ការ​ផ្ដល់​ប្រាក់​កម្ចី​បន្ថែម​សម្រាប់​យក​ទៅ​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​ដែល​កំពុង​វិ​វត្ត​ទៅ​រក​ស្ថាន​ការ​អាក្រក់​ទៅ​ៗ​។

ប្រភព​ព័ត៌មាន​ពី Reuters បាន​និយាយ​ថា ប្រធាន​បេសកកម្ម​របស់​មូលនិធិ IMF ប្រចាំ​ប្រទេស​ស្រី​លង្កា​លោក ម៉ាសា​ហ៊ី​រ៉ូ ណូ​ហ្សា​គី (Masahiro Nozaki) បាន​និយាយ​ថា នាយិកា​គ្រប់គ្រង​មូលនិធិ IMF គឺ​លោកស្រី គ្រី​ស្តា​លី​ណា ច​ច​ហ្គី​វ៉ា (Kristalina Georgieva) បាន​ពិភាក្សា​អំពី​ជម្រើស​ផ្តល់​ប្រាក់​កម្ចី និង​ផែនការ​គោលនយោបាយ​ជាមួយ​គណៈប្រតិភូ​ស្រី​លង្កា​កាលពី​ថ្ងៃ​ទី ១៩ ខែមេសា ទាក់ទង​នឹង​ការ​ផ្ដល់​ហិរញ្ញប្បទាន​បន្ថែម​ទៅ​ឲ្យ​ប្រទេស​ដើម្បី​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​។

លោក Nozaki បាន​និយាយ​ថា កម្មវិធី​ដែល​គាំទ្រ​ដោយ​មូលនិធិ IMF គួរតែ​បាន​បង្កើត​ឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​តុល្យភាព​នៃ​ការ​ទូទាត់​បំណុល​ទាំងស្រុង​របស់​ប្រទេស​ស្រី​លង្កា និង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ងើបឡើង​វិញ​ដោយ​ឈរ​លើ​មាគ៌ា​កំណើន​ប្រកបដោយ​និរន្តរភាព​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

សេចក្តីថ្លែងការណ៍​របស់​មូលនិធិ IMF នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​ផ្ទុះ​ការ​តវ៉ា​ប្រឆាំង​ជា​ថ្មី​ទៀត ទៅ​នឹង​បញ្ហា​កង្វះខាត​ប្រេងឥន្ធនៈ​និង​សម្ភារៈ​សំខាន់​ៗ​ទៀត​នៅ​ស្រី​លង្កា ហើយ​ការ​តវ៉ា​ក៏​បាន​បាន​ប្រែជា​អំពើ​ហិង្សា​បណ្ដាល​ឱ្យ​មនុស្ស​ម្នាក់​បាន​ស្លាប់​ផង​ដែរ កាលពី​ថ្ងៃ​ទី​១៩​មេ​សា ខណៈ​ដែល​មនុស្ស​១២​នាក់​ទៀត​រង​របួស ដែល​ក្នុង​នោះ​មាន​២​នាក់​របួសធ្ងន់ នៅ​ពេល​ក្រុម​បាតុករ​និង​ប៉ូលិស​បាន​ប៉ះទង្គិច​គ្នា​នៅ​ទីក្រុង​រ៉ា​ម​ប៊ុ​ក​កា​ណា (Rambukkana)​។

សេចក្ដីថ្លែងការណ៍​នេះ​ក៏​បាន​កើតឡើង​បន្ទាប់​ពី​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ប្រទេស​ស្រី​លង្កា​បាន​ស្នើ​សុំ​ជា​ផ្លូវការ​នូវ​មូលនិធិ​កម្ចី​ហិរញ្ញវត្ថុ​បន្ទាន់​សម្រាប់​ប្រទេស​នេះ ដែល​កំពុង​ត្រូវការ​ជំនួយ​សម្រាប់​តុល្យភាព​នៃ​ការ​ទូទាត់​បំណុល​ជា​បន្ទាន់​របស់​ខ្លួន​ផង​ដែរ​។

លោក Nozaki បាន​និយាយ​ថា IMF មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​វិបត្តិ​សេដ្ឋកិច្ច​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​ស្រី​លង្កា និង​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ជា​ពិសេស​គឺ​អ្នក​ក្រីក្រ និង​ជន​ងាយ​រង​គ្រោះ​តែ​ម្ដង​។

ប៉ុន្តែ​លោក​បាន​កត់​សម្គាល់ថា បុគ្គលិក IMF កាលពី​ខែ​មុន​បាន​ពិនិត្យ​មើល​ឡើង​វិញ​នូវ​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​របស់​ស្រី​លង្កា​ឃើញ​ថា បំណុល​សាធារណៈ​របស់​ប្រទេស​នេះ​គ្មាន​និរន្តរភាព​នោះ​ទេ ដូច្នេះ​ហើយ​ប្រទេស​នេះ​ចាំបាច់​ត្រូវ​តែ​ចាត់វិធានការ​ស្តារ​និរន្តរភាព​បំណុល​ឡើង​វិញ​មុន​ពេល​ទទួល​បាន​ប្រាក់​ក​ម្ទី​ពី​អង្គការ IMF រួម​ទាំង​កម្មវិធី​ហិរញ្ញវត្ថុ​បន្ទាន់ (RFI) ក្នុង​គ្រាអាសន្ន​នេះ​ផង​ដែរ​។

ការ​ស្ដារ​ឡើង​វិញ​នូវ​និរន្តរភាព​បំណុល​បែប​នេះ ជា​ធម្មតា​ទាមទារ​ឱ្យ​មានការ​រៀបចំ​រចនាសម្ព័ន្ធ​ឬ​ក៏​ប៉ះប៉ូវ​បំណុល​សាធារណៈ​ឡើង​វិញ ដែល​នៅ​ក្នុង​ករណី​សម្រាប់​ប្រទេស​ស្រី​លង្កា​នេះ​គឺ​តម្រូវ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ពី​ប្រទេស​ចិន ដែល​ជា​ម្ចាស់បំណុល​ទ្វេភាគី​ដ៏​ធំ​បំផុត​មួយ​។

មូលនិធិ IMF តែងតែ​ប្រើ​កម្មវិធី​ហិរញ្ញវត្ថុ​បន្ទាន់​នេះ ក្នុង​លក្ខខណ្ឌ​ការ​ប្រាក់​ទាប​យ៉ាង​ទូលំទូលាយ ដើម្បី​ជួយ​ដល់​ប្រទេស​នានា​ក្នុងអំឡុងពេល​ជំងឺ​រាតត្បាត​ខូ​វី​ដ​១៩ ហើយ​កន្លង​មក IMF ក៏​បាន​ផ្តល់​កម្ចី​បែប​នេះ ដើម្បី​ជួយ​សម្រួល​ដល់​តុល្យភាព​នៃ​បញ្ហា​ទូទាត់​បំណុល​ក្រោយ​ពី​បាន​រង​គ្រោះ​ដោយ​គ្រោះ​មហន្តរាយ​ធម្មជាតិ ជម្លោះ និង​តម្លៃ​ទំនិញ​ធ្លាក់​ចុះ​ផង​ដែរ​៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ថានភាពអាកាសធាតុនៅឆ្នាំ២០២២ នឹងមានការប្រែប្រួលអ្វីខ្លះ?

ព័ត៌មាន
ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី ១៩ ខែ មេសា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការព្យាករអាកាសធាតុលើកទី២ សម្រាប់ឆ្នាំ២០២២ បន្ទាប់ពី…

វិបត្តិសង្គ្រាមអ៊ុយក្រែន បង្កឲ្យបញ្ហាអសន្តិសុខស្បៀងអាហារពិភពលោកកាន់តែអាក្រក់ទៅៗហើយ

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក លោកស្រី Janet Yellen បានចេញមុខមកស្តីបន្ទោសចំៗ ចំពោះបញ្ហាសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ដែលបានធ្វើឱ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ