ការនាំចេញរបស់ប្រទេសជប៉ុនទៅកាន់ប្រទេសរុស្ស៊ីក្នុងខែមីនាបានធ្លាក់ចុះជាង ៣១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលវាជាការកត់សម្គាល់ពីការធ្លាក់ចុះប្រចាំខែជាលើកដំបូងក្នុងរយៈពេលជាង១ឆ្នាំមកនេះ។ នេះបើយោងតាមទិន្នន័យបឋមដែលបានចេញផ្សាយ ដោយក្រសួងហិរញ្ញវត្ថុជប៉ុន។ ប៉ុន្ដែ ការនាំចេញសរុបរបស់ប្រទេសជប៉ុននៅខែមីនាវិញ បានកើនឡើងជិត ១៥% គិតជាទឹកប្រាក់មាន ៦៥ ពាន់លានដុល្លារ។
បើទោះបីជា មានការផ្អាកការនាំចេញរបស់ប្រទេសជប៉ុនទៅកាន់រុស្ស៊ីចំពោះផលិតផលមួយចំនួនក៏ដោយចុះ ប៉ុន្ដែវាមិនមែនជាបញ្ហាសម្រាប់សេដ្ឋកិច្ចជប៉ុនឡើយ ខណៈទីផ្សាររុស្ស៊ីមានចំណែកប្រហែលត្រឹមតែ ១% ប៉ុណ្ណោះនៃការនាំចេញសរុបរបស់ប្រទេសជប៉ុនក្នុងឆ្នាំ ២០២១ ជាមួយនឹងទំនិញសំខាន់ៗមួយចំនួនសម្រាប់ការជួញដូរមានដូចជា រថយន្ត និងគ្រឿងបន្លាស់រថយន្តជាដើម។ ទន្ទឹមនឹងនេះ ប្រទេសជប៉ុនកាលពីចុងខែកុម្ភៈបានប្រកាសថា ខ្លួននឹងហាមឃាត់ការនាំចេញផលិតផល បន្ទះឈីប និងផលិតផលបច្ចេកវិទ្យាសំខាន់ៗផ្សេងទៀតទៅកាន់ប្រទេសរុស្ស៊ីផងដែរ។
ក្រៅពីជប៉ុន ការនាំចេញរបស់សិង្ហបុរីទៅកាន់ប្រទេសរុស្ស៊ីក៏បានធ្លាក់ចុះជាង ៨៦% ផងដែរ នៅក្នុងខែមីនាធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រទេសសិង្ហបុរីកាលពីដើមខែមីនាបានប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាបន្តបន្ទាប់ប្រឆាំងនឹងរុស្ស៊ី រួមទាំងការហាមប្រាមការនាំចេញទំនិញយោធា គ្រឿងអេឡិចត្រូនិក កុំព្យូទ័រ និងឧបករណ៍ទូរគមនាគមន៍ទៅកាន់ព្រំដែនរុស្ស៊ី និងតម្រូវឱ្យស្ថាប័នហិរញ្ញវត្ថុនានា បង្កកទ្រព្យសម្បត្តិរបស់ធនាគាររុស្ស៊ីចំនួន ៤ ផងដែរ។
ការនាំចេញរបស់កោះតៃវ៉ាន់ទៅកាន់ប្រទេសរុស្ស៊ីវិញ ក៏បានធ្លាក់ចុះក្នុងខែមីនាផងដែរ ពោលគឺធ្លាក់ចុះរហូតដល់ជាង ៥៥% ស្របពេល ដែលការនាំចេញកូរ៉េខាងត្បូង ទៅកាន់ប្រទេសរុស្ស៊ីវិញ ក្នុងខែមីនាក៏បានធ្លាក់ចុះជាង ៥៥%ដែរ នេះបើយោងតាមមូលដ្ឋានទិន្នន័យរបស់ស្ថាប័ន CEIC ។
គួរកត់សម្គាល់ថា ប្រទេសជប៉ុន និងសិង្ហបុរី កោះតៃវ៉ាន់ និងកូរ៉េខាងត្បូងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី រួមទាំងការគៀបសង្កត់លើការផ្គត់ផ្គង់បន្ទះឈីប ទំនិញយោធា និង គ្រឿងអេឡិចត្រូចផ្សេងៗ ដែលទណ្ឌកម្មទាំងអស់នេះត្រូវបានគេរំពឹងថា នឹងដាក់បន្ទុកលើសេដ្ឋកិច្ចរុស្ស៊ីមិនឲ្យមានឥទ្ធិពលទៅលើការឈ្លានពានអ៊ុយក្រែនតទៅទៀត។
គួរបញ្ចាក់ថា មូលនិធិរូបិយវត្ថុអន្តរជាតិនៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចចុងក្រោយរបស់ខ្លួន ដែលបានចេញផ្សាយកាលពីថ្ងៃទី១៩មេសាបានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចរុស្ស៊ីនៅឆ្នាំនេះពី កំណើន២,៨% មកនៅដល់កម្រិតអវិជ្ចមាន ដក ៨,៥%។
ទោះបីជាយ៉ាងណាក៏ដោយ សេដ្ឋកិច្ចអាស៊ីជាច្រើនបានរាយការណ៍ថា ការនាំចូលពីរុស្ស៊ីនៅតែកើនឡើង ដោយសារមានការកើនឡើងតម្លៃថាមពល ហើយសម្រាប់ប្រទេសមួយចំនួននៅតែបន្តទំនាក់ទំនងសេដ្ឋកិច្ចជាមួយរុស្ស៊ីដដែល ខណៈចិនក៏បន្តទិញថាមពលរុស្ស៊ីផងដែរ។ ប្រទេសរុស្ស៊ីបានផ្លាស់ប្តូរទិសដៅរបស់ខ្លួន តាមរយៈការលក់ប្រេងទៅឱ្យអ្នកទិញនៅអាស៊ី ក្នុងតម្លៃទាបជាការឆ្លើយតបដើម្បីទប់ទល់នឹងការដកថយពីការផ្អាកការទិញប្រេងពីលោកខាងលិច។
សូមជម្រាបថា មិនមែនគ្រប់ប្រទេសទាំងអស់បានឃ្លាតឆ្ងាយពីប្រទេសរុស្ស៊ីទេ ខណៈមានឥណ្ឌា និងចិនជាគំរូស្រាប់ដែលនៅតែបន្តរក្សាទំនាកទំនងសេដ្ឋកិច្ចជាមួយរុស្ស៊ីដូចធម្មតា ហើយប្រទេសឥណ្ឌូនេស៊ី ក៏កំពុងពិចារណាទិញប្រេងពីរុស្ស៊ីបន្ថែមទៀតផងដែរ៕
អត្ថបទ៖ វ៉ាន់ ស្រិរ័ត្ន