រុស្ស៊ីបង្កើនការបាញ់មីស៊ីល

សង្គ្រាមអ៊ុយក្រែន៖ រុស្ស៊ីបង្កើនការបាញ់មីស៊ីលដល់ក្បែរព្រំដែនប៉ូឡូញ ខណៈកិច្ចចរចានៅតែបន្តរៀបចំ


កិច្ចខិតខំប្រឹងប្រែងការទូតដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនបាននិងកំពុងបន្តធ្វើឡើងកាន់តែខ្លាំង ជាក់ស្តែងនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្រុមប្រតិភូចរចាអ៊ុយក្រែន និងរុស្ស៊ីក៏បានពិភាក្សាគ្នាម្តងទៀត តាមប្រព័ន្ធអនឡាញផងដែរ បើទោះបីជាការចរចាកន្លងមកហាក់មានពន្លឺតិចតួចក្តី។ ទោះបីជាមានកិច្ចចរចាជាច្រើនលើករួចហើយ និងគម្រោងរៀបចំជំនួបជាបន្តបន្ទាប់ក៏មានជាហូរហែក្តី ក៏រុស្ស៊ីមិនបានបន្ថូរដៃវាយប្រហារលើអ៊ុយក្រែននោះដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
រូបតំណាងមីស៊ីលរបស់រុស្សី

ចាប់ពី​ថ្ងៃ​ទី​១៣​មីនា រុ​ស្ស៊ី​បាន​បាញ់​មី​ស៊ី​ល​បំផ្លាញ​មូលដ្ឋានទ័ព​ដ៏​សំខាន់​មួយ​ស្ថិត​នៅ​ភាគ​ខាងលិច​អ៊ុយ​ក្រែ​ន កៀក​នឹង​ព្រំដែន​ប្រទេស​ប៉ូ​ឡូញ​។ បើ​តាម​អាជ្ញាធរ​អ៊ុយ​ក្រែ​ន យ៉ាង​ហោច​មនុស្ស​៩​នាក់​ស្លាប់ ខណៈ​អ្នក​របួស​មាន​ជាង​៥០​នាក់​។ គិត​ចាប់តាំងពី​ចូល​ធ្វើសង្គ្រាម​ឈ្លានពាន​អ៊ុយ​ក្រែ​ន នៅ​ថ្ងៃ​ទី ២៤​កុម្ភៈ នេះ​ជា​លើក​ទី​១ ដែល​កងទ័ព​រុ​ស្ស៊ី បាញ់​មី​ស៊ី​ល ក្នុង​ចម្ងាយ​ដ៏​ឆ្ងាយ​ស្ទើរតែ​ចូល​ទៅ​ដល់​ប្រទេស​ប៉ូ​ឡូញ​ទៅ​ហើយ​។ 

ប៉ូ​ឡូញ​ដែល​មាន​ព្រំដែន​ជាប់​អ៊ុយ​ក្រែ​ន បាន​ប្រតិកម្ម​ថ្កោលទោស​មុនគេ ពី​ការ​វាយប្រហារ​មី​ស៊ី​ល​របស់​រុ​ស្ស៊ី​។ ទន្ទឹម​នេះ ប៉ូ​ឡូញ​ក៏​ជា​សមាជិក​មួយ​ដែរ​របស់​អង្គការ​ណា​តូ ហេតុនេះ​ហើយ​ទើប សហរដ្ឋអាមេរិក ដែល​ជា​បងធំ បាន​ចេញ​មុខ​មក​ប្រតិកម្ម​ដែរ​ថា ការ​បាញ់​មី​ស៊ី​ល​លើក​នេះ កំពុង​ដុត​កំ​ដៅ​នៃ​សង្គ្រាម​ឲ្យ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​។ អា​មេ​រិ​កបាន​ព្រមាន​ដែរ​ថា បើ​រុ​ស្ស៊ី​ហ៊ាន​តែ​វាយប្រហារ​ធ្លោយ​ហួស​ចូល​ដល់​ទឹកដី​របស់​សមាជិក​ណា​តូ នោះ​នឹង​មានការ​ឆ្លើយ​តប​យ៉ាង​ពេញទំហឹង​ដោយ​សម្ព័ន្ធមិត្ត​ណា​តូ​។ 

គួរ​ជម្រាប​ដែរ​ថា ការ​វាយប្រហារ​លើក​នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​រុ​ស្ស៊ី​បាន​បាញ់​ផ្លោង​គ្រាប់​មី​ស៊ី​ល​ទៅ​ដល់​ទឹកដី​ភាគ​ខាងលិច នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​។ គិត​ចាប់តាំងពី​ការ​ផ្តើម​ធ្វើសង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​មក កងទ័ព​រុ​ស្ស៊ី បាន​ចូល​វាយប្រហារ និង​ខ្លះ​កាន់កាប់ ក៏​ដូច​ជា​បើក​សមរភូមិ​ប្រយុទ្ធ​នៅ​តែ​ភាគ​ខាងកើត ភាគ​ខាងជើង និង​ភាគ​ខាងត្បូង​របស់​អ៊ុយ​ក្រែ​ន​ប៉ុណ្ណោះ ដែល​មាន​ជាប់​ព្រំដែន​ជាមួយ​រុ​ស្ស៊ី និង​ប្រទេស​បេឡា​រុស​ដែល​ជា​ប្រទេស​រណប​រុ​ស្ស៊ី​។ 

យ៉ាងណា​ក៏​ដោយ ក្តី​សង្ឃឹម​ក្នុង​ការ​បន្ធូរបន្ថយ​ស្ថានការណ៍​អ៊ុយ​ក្រែ​ន នៅ​តែ​មាន​ក្រោយ​ជំនួប​ចរចា​កាលពី​ចុង​ស​ប្តា​ហ៍​មុន​នេះ ហាក់​បង្ហាញ​ពន្លឺ​នៃ​ផ្លែផ្កា​ខ្លះ​។ នេះ​បើ​តាម​ការ​អះអាង​ពី​ប្រតិភូ​នៃ​ភាគី​ទាំង​ពីរ​។ 

ប្រតិភូ​ពី​ភាគី​អ៊ុយ​ក្រែ​ន​បាន​ឲ្យ​ដឹង​ថា ប្រទេស​រុ​ស្ស៊ី​កំពុង​ចាប់ផ្តើម​ពិភាក្សា​ក្នុង​ន័យ​ស្ថាបនា​បណ្តើរ​ៗ​ហើយ ហើយ​ភាគី​អ៊ុយ​ក្រែ​ន​គិត​ថា កិច្ចចរចា​នឹង​សម្រេច​បាន​នូវ​លទ្ធផល​ជាក់ស្តែង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​។ ដោយឡែក ការ​សែត​រុ​ស្ស៊ី​បាន​ចុះ​ផ្សាយ​ដោយ​ស្រង់​ប្រភព​ពី​ប្រតិភូ​រុ​ស្ស៊ី​ថា ជំនួប​ចរចា​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ ហើយ​វា​អាច​ទៅ​រួច​ដែល​គណៈប្រតិភូ​ទាំង​ពីរ អាច​ឈាន​ដល់​សេចក្តី​ព្រាង​កិច្ចព្រមព្រៀង​មួយ​គ្នា​មួយ​នា​ពេល​ឆាប់​ៗ​នេះ​។

យ៉ាងណា​ក៏​ដោយ ប្រភព​ពី​ភាគី​ទាំង​សងខាង​មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ថា ការ​ព្រមព្រៀង​គ្នា​ទាំងនេះ​នឹង​គ្របដណ្តប់​លើ​អ្វីខ្លះ​នោះ​ទេ​។ ប៉ុន្តែ​កិច្ចចរចា​ទាំង​បី​ជុំ​រវាង​ភាគី​ទាំង​ពីរ ក្នុង​ប្រទេស​បេឡា​រុស្ស​កាលពី​ពេល​កន្លង​មកនេះ សង្កេត​ឃើញ​ថា ភាគច្រើន​បាន​ផ្តោត​សំខាន់​លើ​បញ្ហា​មនុស្សធម៌ ដូច​ជា​ការ​បើកផ្លូវ​ឲ្យ​មានការ​ជម្លៀស​ជនភៀសខ្លួន​ចេញ​ជាដើម និង​មានការ​ទាមទារ​ឲ្យ​មាន​បទ​ឈប់​បាញ់​ជាដើម​។

សូម​ជម្រាប​ជូន​ដែរ​ថា គណៈប្រតិភូ​រុ​ស្ស៊ី​និង​អ៊ុយ​ក្រែ​ន បាន​បន្ត​កិច្ចចរចា​ឡើង​វិញ​នៅ​ថ្ងៃ​ចន្ទ​ទី​១៤​មីនា​នេះ​ផង​ដែរ ដោយ​បាន​ប្តូរ​ពី​ការ​ជួប​គ្នា​ដោយ​ផ្ទាល់ មក​ធ្វើ​តាម​រយៈ​ប្រព័ន្ធ​វី​ដេ​អូ​អន​ឡាញ​វិញ​ម្តង៕ 

None



អត្ថបទបន្ទាប់


ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ប្រមូលទិន្នន័យបាន ៦០%ហើយ ក្នុងក្របខណ្ឌទូទាំងប្រទេស

ក្រសួងផែនការបានរៀបចំធ្វើជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២ ប្រមូលទិន្នន័យបាន ៦០ភាគរយហើយនៅទូទាំងប្រទេស គិតមកទល់ពេលនេះ។ ការធ្វើជំរឿនសេដ្ឋក…

គម្រោងអភិវឌ្ឍន៍ទីក្រុងតម្លៃ១០០ពាន់លានដុល្លារនៅម៉ាឡេស៊ីបន្ដជាប់គាំង ទោះបីប្រទេសបើកសេដ្ឋកិច្ចឡើងវិញក្ដី

បន្ទាប់ពីជាប់ផុងក្នុងអំឡុងវិបត្តិកូវីដ១៩ ម៉ាឡេស៊ីបច្ចុប្បន្ននេះ កំពុងជំរុញឱ្យមានការបើកសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញទៅកាន់ពិភពលោក ក្រោយបិទព្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ