មូលហេតុនៃការកើនឡើងការប្រើប្រាស់ថាមពលស្អាតនោះ ដោយសារតែប្រេងបានឡើងថ្លៃ ហើយជាពិសេសនៅតំបន់អឺរ៉ុប ដែលបានផ្អាកការផ្គត់ផ្គង់ប្រេង និងឧស្ម័ន ពីរុស្ស៊ីជាដើម។ នេះបើតាមរបាយការណ៍ស្តីពីទស្សនវិស័យថាមពលឆ្នាំ២០២៣ របស់ក្រុមហ៊ុនថាមពលអង់គ្លេស BP។
សង្គ្រាមនៅអ៊ុយក្រែន នឹងពន្យឺតសកម្មភាពសេដ្ឋកិច្ចសាកល ត្រឹមឆ្នាំ២០៣៥ ប្រហែល៣% បើប្រៀបធៀបនឹងការព្យាករកាលពីឆ្នាំមុន ដោយសារតែការឡើងថ្លៃថាមពល និងអាហារ ព្រមទាំងសកម្មភាពពាណិជ្ជកម្មដែលត្រូវបានកាត់បន្ថយផងដែរ។
ក្រុមហ៊ុន BP បានបន្ទាបការព្យាករ តម្រូវការប្រេងនិងឧស្ម័នក្នុងឆ្នាំ២០៣៥ ត្រឹម៥% និង៦% ក្រោមសេណារីយ៉ូព្យាកររបស់ខ្លួន ដែលផ្អែកលើគម្រោងផ្លាស់ប្តូរថាមពលបច្ចុប្បន្ន។ ការផ្លាស់ប្តូរនេះ គឺផ្តោតបំផុតនៅក្នុងតំបន់អឺរ៉ុប និងតំបន់អាស៊ី ដែលពឹងពាក់យ៉ាងខ្លាំងលើការនាំចូលថាមពលពីក្រៅប្រទេស។
តម្រូវការថាមពលសាកល បានឈានដល់ចំណុចកំពូលនៅចន្លោះចុងឆ្នាំ២០២០ និងឆ្នាំ២០៣៥។ ប្រធានប្រតិបត្តិក្រុមហ៊ុន BP លោក Bernard Looney មានគោលដៅពង្រីកអាជីវកម្មថាមពលកកើតឡើងវិញឱ្យបានឆាប់រហ័ស និងកាត់បន្ថយទិន្នផលប្រេង និងឧស្ម័ន ត្រឹមឆ្នាំ២០៣០។
យ៉ាងណាមិញ ផ្លូវជូញដូរថាមពលសាកល បានផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្រោយការផ្ទុះសង្គ្រាមនៅអ៊ុយក្រែន ជាពិសេសបន្ទាប់ពីទីក្រុងមូស្គូបានផ្អាកនាំចេញឧស្ម័នធម្មជាតិ ទៅអឺរ៉ុប ខណៈអឺរ៉ុបវិញ ក៏បានផ្អាកការចូលប្រេងពីរុស្ស៊ីផងដែរ។
ក្នុងពេលជាមួយគ្នានេះដែរ ការកើនឡើងតម្លៃថាមពលសាកលកាលពីឆ្នាំមុន បានធ្វើឱ្យរដ្ឋាភិបាលប្រទេសនានា ជំរុញការផលិតថាមពលក្នុងស្រុក ដោយរួមមានទាំងថាមពលនុយក្លេអ៊ែរ ថាមពលកកើតឡើងវិញ វារីអគ្គិសនី និងធ្យូងថ្ម។ ក្រុមហ៊ុន BP រំពឹងថា ការប្រើប្រាស់ថាមពលបឋមនៅក្នុងឆ្នាំ២០៣៥ នឹងត្រូវបន្ទាបត្រឹម ២% បើប្រៀបធៀបនឹងទស្សនវិស័យកាលពីឆ្នាំមុន។
បើតាមក្រុមហ៊ុន BP តម្រូវការប្រេងនឹងចាប់ផ្តើមធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីឆ្នាំ២០៣០ ប៉ុន្តែវានឹងបន្តដើរតួនាទីសំខាន់ដដែល ក្នុងប្រព័ន្ធថាមពលសាកល ជាមួយតម្រូវការពិភពលោក ឈានដល់ ៧០ ទៅ ៨០លានបារ៉ែលក្នុង១ថ្ងៃ ត្រឹមឆ្នាំ២០៣៥ បើប្រៀបធៀបនឹងការប្រើប្រាស់បច្ចុប្បន្នប្រហែល១០០លានបារ៉ែលក្នុង១ថ្ងៃ។ ចំណែកការបញ្ចេញផ្សែងកាបូនឌីអុកស៊ីត នៅឆ្នាំ២០៣០ ក៏ត្រូវបានរំពឹងថា នឹងមានកម្រិតទាបជាងមុនផងដែរ៕