ឥណ្ឌា-លោកខាងលិច

ហេតុអ្វីលោកខាងលិចនឹងត្រូវប្រឈមបញ្ហាច្រើន នៅក្រោយពេលឥណ្ឌាក្លាយជាមហាអំណាចថ្មី?


ប្រទេសឥណ្ឌា ត្រូវបានគេមើលឃើញថា កំពុងក្លាយជាមហាអំណាចថ្មីមួយ រះត្រដែតឡើងបាំងពីលើប្រទេសចិន ។ ជាមួយនឹងបញ្ហាសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនដែលជាក្តីបារម្ភរបស់លោកខាងលិច និងប្រទេសចិនដែលកំពុងប្រឈមមុខនឹងការឆ្លងកូវីដ១៩ឡើងវិញ គឺក្រុងញូវដេលីឯណេះវិញ បាននិងកំពុងបង្កើនកិត្យានុភាពភូមិសាស្រ្តនយោបាយរបស់ខ្លួនកាន់តែខ្លាំង។
នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi និងប្រធានាធិបតីឥណ្ឌូនេស៊ី Joko Jokowi Widodo នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីថ្ងៃទី16ខែវិច្ឆិកាឆ្នាំ2022
ដោយ

ប៉ុន្តែការកើនឡើងរបស់ឥណ្ឌានេះ ទំនងជាមិនមែនជាដំណឹងល្អណាស់ណាទេ សម្រាប់ប្រទេសប្រជាធិបតេយ្យលោកខាងលិចនោះ ផ្ទុយមកវិញ វាអាចនឹងបង្កជាបញ្ហាឈឺក្បាលវិលមុខមួយចំនួន ដែលទំនងជាពិបាកដោះស្រាយថែមទៀតផង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei។

ឥណ្ឌា បានបង្ហាញពីមហិច្ឆតារបស់ខ្លួនក្នុងការដើរតួនាទីកាន់តែសំខាន់ក្នុងកិច្ចការរបស់ពិភពលោក។ ជាក់ស្តែង កាលពី២សប្តាហ៍មុននេះ ឥណ្ឌាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ស្តីពីសំឡេងនៃបណ្តាប្រទេសខាងត្បូង (Voice of the Global South Summit) តាមប្រព័ន្ធអនឡាញ ដោយមានប្រទេសកំពុងអភិវឌ្ឍន៍ចំនួន១២៥ឯណោះបានចូលរួម ក្នុងនោះកម្ពុជាក៏បានចូលរួមដែរ។

ថ្លែងក្នុងការបើកកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi និយាយ ថា «សំឡេងរបស់អ្នក គឺជាសំឡេងរបស់ឥណ្ឌា និងអាទិភាពរបស់អ្នក ក៏ជាអាទិភាពរបស់ឥណ្ឌាផងដែរ»។

ជាមួយគ្នានេះ ឥណ្ឌាក៏គ្រោងនឹងប្រើប្រាស់ភាពជាប្រធាននៃកិច្ចប្រជុំ G-20 នៅឆ្នាំ២០២៣នេះ តំណាងឱ្យប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ ដែលសុទ្ធជាប្រទេសរងគ្រោះពីការឡើងថ្លៃថាមពល និងស្បៀងអាហារ ក៏ដូចជាឥទ្ធិពលនៃការឡើងកម្តៅផែនដី និងឥទ្ធិពលនៃកំដៅភូមិសាស្រ្តនយោបាយ។ ប្រទេសទាំងនោះ បានចាត់ទុកប្រទេសអភិវឌ្ឍន៍ថា ជាអ្នកទទួលខុសត្រូវលើបញ្ហាទាំងនេះ ខណៈដែលគេបានចាត់ទុកខ្លួនឯងថា ជាអ្នកទទួលរងគ្រោះខ្លាំងបំផុត។

ក្រៅតែពីឥទ្ធិពលនយោបាយ ចំពោះបញ្ហាប្រជាសាស្ត្រ ឥណ្ឌាដែលមានចំនួនប្រជាជនជាង១ពាន់៤រយលាននាក់ កំពុងស្ថិតនៅលើផ្លូវមួយ នឹងអាចវ៉ាដាច់ចំនួនប្រជាជនចិន នៅឆ្នាំ២០២៣នេះទៀតផងដែរ។

ជាមួយគ្នានេះ ឥណ្ឌាក៏ទំនងជាអាចផ្តួលអង់គ្លេស លើទំហំផលិតផលក្នុងស្រុកសរុប (GDP) ដោយនឹងអាចឡើងមកជាប្រទេសមានសេដ្ឋកិច្ចធំបំផុតក្នុងពិភពលោកលំដាប់ទី៥។ នេះបើយោងតាមការប៉ាន់ស្មាននៃ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF។ ចំណែកធនាគារអភិវឌ្ឍន៍អាស៊ី ADB ក៏បានព្យាករដែរថា សេដ្ឋកិច្ចរបស់ឥណ្ឌានឹងកើនឡើងដល់រង្វង់ ៧,២% ដែលជាកម្រិតខ្ពស់បំផុតក្នុងចំណោមប្រទេសនានានៅតំបន់អាស៊ីប៉ាស៊ីហ្វិក។

កំណើនសេដ្ឋកិច្ចរបស់ឥណ្ឌា ត្រូវបានជំរុញដោយនិន្នាការសាកលដូចជា ខ្សែចង្វាក់ផ្គង់ផ្គង់ជាដើម ដែលទីក្រុងញូដេលីកំពុងក្លាយជាគោលដៅថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗមកបោះទីតាំងវិនិយោគ បន្ទាប់ពីប្រទេសចិនដែលកំពុងមានភាពតានតឹងជាមួយអាមេរិក និងស្ថានភាពឆ្លងរាលដាលជំងឺកូវីដ១៩។

ឥណ្ឌាត្រូវបានរំពឹងថា នឹងវ៉ាដាច់ GDP របស់អាល្លឺម៉ង់ នៅឆ្នាំ២០២៥ និងវ៉ាដាច់ជប៉ុន នៅឆ្នាំ២០២៧ដែលធ្វើឱ្យប្រទេសនេះក្លាយជាមានសេដ្ឋកិច្ចធំបំផុតទី៣ ក្នុងពិភពលោក បន្ទាប់ពីអាមេរិក និងចិន នៅចំពេលដែលខ្លួនប្រារព្ធខួបបុណ្យឯករាជ្យជាតិគម្រប់១០០ឆ្នាំ។

យ៉ាងណាមិញ ជាមួយនឹងការរះត្រដែតឡើងរបស់ឥណ្ឌានេះ ត្រូវបានលោកខាងលិចមានការបារម្ភថា ឥណ្ឌានឹងកាន់តែមានចរិតអ៊ុងអាត់តែឯង ដោយបន្តរាប់អានជាមួយប្រទេសឈ្លានពានគេដូចជារុស្ស៊ីជាដើម ដើម្បីតែផលប្រយោជន៍ខ្លួន។ ជាក់ស្តែង គេអាចមើលដឹងពីពេលនេះជាក់ស្តែងតែម្តង ក្នុងទំនាក់ទំនងរវាងញូដេលី និងម៉ូស្គូ។

កាលពីខែសីហា និងកញ្ញាកន្លងទៅ ឥណ្ឌាបានចូលរួមសមយុទ្ធយោធាជាមួយរុស្ស៊ី បើទោះបីជាមានការរិះគន់ពីលោកលិចយ៉ាងណាក៏ដោយ។ អ្វីដែលគួរឱ្យកត់សម្គាល់ទៀតនោះ ឥណ្ឌា បានបោះឆ្នោតអនុប្បវាទក្នុងការថ្កោលទោសរុស្ស៊ី ដែលបានដណ្តើមកាន់កាប់ និងធ្វើប្រជាមតិទឹកដីអ៊ុយក្រែនដល់ទៅ៤តំបន់ទៀតផង។

លើសពីនេះ ឥណ្ឌាបានពង្រីកការនាំចូលប្រេងពីរុស្ស៊ី ដោយបានទិញយកប្រេងជាង១លានបារ៉ែលក្នុង១ថ្ងៃ គិតចាប់តាំងពីខែកញ្ញាមក ពោលគឺរុស្ស៊ី បានក្លាយអ្នកផ្គត់ផ្គង់ប្រេងដ៏ធំបំផុតរបស់ឥណ្ឌា ឈានទៅជំនួសតំណែងរបស់ប្រទេសអ៊ីរ៉ាក់ និងអារ៉ាប៊ី សាអ៊ូឌីត។

អ្នកវិភាគបានលើកឡើងថា ឥណ្ឌាបានប្រើយុទ្ធសាស្រ្តរឹតចំណងជាមួយលោកខាងលិច ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិន។ ប៉ុន្តែបន្ទាប់ពីមើលឃើញថា ដៃគូលោកខាងលិចលែងសូវមានតម្លៃនោះ ឥណ្ឌាក៏ងាកទៅរកការចាប់ដៃជាមួយប្រទេសផ្តាច់ការដូចជារុស្ស៊ីវិញ ដើម្បីបន្ថយឥទ្ធិលរបស់ចិនផងដែរ។

លោកខាងលិចក៏មានការបារម្ភចំពោះរូបភាពប្រជាធិបតេយ្យរបស់ឥណ្ឌា កាន់តែត្រូវបានផ្លាស់ប្តូរផងដែរ។ យោងតាមរបាយការណ៍ស្រាវជ្រាវកាលពីឆ្នាំ២០២០ ធ្វើឡើងដោយវិទ្យាស្ថាន V-Dem របស់ស៊ុយអែត បានរកឃើញថា ឥណ្ឌាបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើលំហប្រព័ន្ធផ្សព្វផ្សាយ សង្គមស៊ីវិល និងគណបក្សប្រឆាំង ក្រោមការដឹកនាំរបស់រដ្ឋាភិបាលលោក ម៉ូឌី។

ដូច្នេះជាលទ្ធផល កត្តាដែលគួរឱ្យបារម្ភនូវប៉ុន្មានចំណុចខាងលើនេះ ថាតើពិភពលោកអាចដោះស្រាយដោយរបៀបណា ប្រសិនឥណ្ឌាបានក្លាយជាមហាអំណាចថ្មីនៅសតវត្សរ៍ទី២១នេះ ដោយមើលទៅ គឺប្រទេសយក្សនៅអាស៊ីមួយ ទំនងជាអាចបង្កើតបញ្ហាមិនតិចនោះទេ សម្រាប់លោកខាងលិច នៅថ្ងៃអនាគតដ៏ខ្លីខាងមុខនេះ៕




អត្ថបទបន្ទាប់


តើសង្គ្រាមនៅអ៊ុយក្រែនកំពុងជំរុញឱ្យពិភពលោកប្រើប្រាស់ថាមពលស្អាតច្រើនជាងមុន ឬយ៉ាងណា?

ព័ត៌មាន
សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងដាក់បន្ទុកទៅលើតម្រូវការថាមពលសម្រាប់រយៈពេលវែង ហើយនឹងទៅជំរុញការផ្លាស់ប្តូរពិភពលោក ឆ្ពោះទៅរ…

កត្តាអ្វីធ្វើឲ្យការនាំចេញស្មាតហ្វូនរបស់ចិនទៅកាន់ពិភពលោកធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល១០ឆ្នាំមកនេះ?

ព័ត៌មាន
ការដឹកជញ្ជូនស្មាតហ្វូនរបស់ប្រទេសចិនចេញទៅកាន់ទីផ្សារពិភពលោកក្នុងឆ្នាំ២០២២ បានដាំក្បាលចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ១០ឆ្នាំមកនេះ ដោយសារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ