ប្រធានាធិបតីអ៊ុយក្រែនទស្សនកិច្ចប្រទេសធំៗនៅអឺរ៉ុប

ប្រធានាធិបតីអ៊ុយក្រែនទស្សនកិច្ចប្រទេសធំៗនៅអឺរ៉ុប ស្វែងរកជំនួយយោធាបន្ថែមពិសេសចង់បានយន្តហោះចម្បាំង


ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃពុធបានធ្វើទស្សនកិច្ចលើកដំបូងទៅកាន់ចក្រភពអង់គ្លេស និងបារាំងដោយជំរុញឱ្យប្រទេសទាំងពីរ រួមទាំងអាល្លឺម៉ង់បញ្ជូនសព្វាវុធនិងពិសេស យន្តហោះចម្បាំង ស្របពេលដែលសង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនជិតឈានចូលដល់គម្រប់ខួបមួយឆ្នាំទៅហើយ ប៉ុន្ដែ គេមើលមិនឃើញសោះឡើយនូវពន្លឺនៃការចរចាសន្ដិភាពរវាងទីក្រុងកៀវ និងម៉ូស្គូ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានបារាំង AFP។
អ៊ុយក្រែនកំពុងជំរុញឱ្យអង់គ្លេស បារាំង និងអាល្លឺម៉ង់បញ្ចូនយន្តហោះចម្បាំង

វាជាលើកទីពីរដែលលោក ហ្សេលេនស្គី បានទៅទស្សនកិច្ចនៅចក្រភពអង់គ្លេសចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងមក ដែលលោកបានជួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសលោក រីស៊ី ស៊ូណាក់ និងបន្ទាប់មកបានជួបជាមួយស្តេច Charles និងបានថ្លែងទៅកាន់សភាទាំងពីរថ្នាក់ នៃចក្រភពអង់គ្លេស។

រីឯដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសបារាំង គឺឃើញមានការរៀបចំអាហារពេលល្ងាចជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron និងមានការចូលរួមដោយអធិការបតីអាល្លឺម៉ង់លោក Olaf Scholzផងដែរ។ បើទោះបីជាមានការទទួលស្វាគមន៍ហាក់ផ្ទុយគ្នាដ៏ ប៉ុន្ដែសម្រាប់លោក ហ្សេលេនស្គី គឺចង់បានតែមួយប៉ុណ្ណោះ ដោយលោកស្នើសុំសព្វាវុធបន្ថែម និងជាពិសេសនោះគឺយន្តហោះចម្បាំង និងមីស៊ីលរយៈចម្ងាយឆ្ងាយដែលត្រូវតែផ្តល់ ឱ្យបានទាន់ពេលវេលា។

លោក ហ្សេលេនស្គី បាននិយាយថា បារាំង និងអាឡឺម៉ង់ គឺជាប្រទេសដែលមានសក្តានុពល និងមានសមត្ថភាពជា អាចជាអ្នកផ្លាស់ប្តូរសង្គ្រាមនេះបាន។ លោកបន្ថែមថា ការទទួលបាននូវសព្វាវុធរយៈចម្ងាយឆ្ងាយ គឺកាន់តែឆាប់កាន់តែល្អសម្រាប់អ៊ុយក្រែន ហើយការឈ្លានពានរបស់រុស្ស៊ីនឹងឆាប់បញ្ចប់ដូចគ្នា នោះសន្តិភាពនៅអឺរ៉ុបនឹងមានឡើងវិញ។

ភាគីបារាំង គឺលោក Macron បានសន្យាថា បារាំងនឹងជួយអ៊ុយក្រែនឱ្យទទួលបានជ័យជំនះ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ហើយនឹងបន្តខិតខំប្រឹងប្រែងដើម្បីផ្តល់អាវុធ។ លោក ម៉ាក្រុង បានបន្ថែមថា អ៊ុយក្រែនអាចពឹងផ្អែកលើប្រទេសបារាំង ដៃគូអឺរ៉ុប និងសម្ព័ន្ធមិត្តរបស់ខ្លួនផ្សេងទៀតបានគ្រប់ពេលវេលា ដើម្បីឈ្នះសង្រ្គាម ហើយរុស្ស៊ីនឹងមិនអាចយកឈ្នះជាដាច់ខាត។

ចំណែកអធិការបតីអាល្លឺម៉ង់វិញ បាននិយាយថា ប្រទេសអាល្លឺម៉ង់ និងដៃគូរបស់ខ្លួនបានគាំទ្រអ៊ុយក្រែនផ្នែកហិរញ្ញវត្ថុ ដោយមានជំនួយមនុស្សធម៌និងអាវុធធុនធ្ងន់ដូចជារថក្រោះជាដើម ដោយលោកបន្ថែមថា ទីក្រុងប៊ែកឡាំងនឹងបន្តធ្វើដូច្នេះដរាបណាអ៊ុយក្រែននៅតែត្រូវការវា។

ភាគី អង់គ្លេសបានគូសបញ្ជាក់ដែរថា ខ្លួននឹងពិចារណាលើសំណើសម្រាប់យន្តហោះចម្បាំងក្នុង ទោះបីជាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូផ្សេងទៀតនៅតែសម្រេចចិត្តដោយប្រុងប្រយ័ត្ន និងបដិសេធមិនព្រមបញ្ជូនវាក្តី ព្រោះខ្លាចជម្លោះកាន់រីកធំជាមួយរុស្ស៊ី។ គួរជម្រាបថា ចក្រភពអង់គ្លេសបាននិងកំពុងផ្តល់ការបណ្តុះបណ្តាលអ្នកបើកយន្តហោះចម្បាំងអ៊ុយក្រែនចំនួន១ម៉ឺននាក់ សម្រាប់ការត្រៀមប្រយុទ្ធ។

ដោយឡែក ទីក្រុងម៉ូស្គូបានប្រតិកម្មថា កងកម្លាំងរុស្ស៊ីកំពុងឆ្ពោះទៅកាន់តំបន់ Bakhmut និង Vugledar ដែលជាមជ្ឈមណ្ឌលសំខាន់ពីរនៃការប្រយុទ្ធនៅក្នុងតំបន់ Donetsk ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ដែលឥឡូវនេះវាគឺជាចំណុចចាប់ផ្តើមនៃសង្រ្គាមវាយលុកថ្មីរបស់ខ្លួនហើយ។ សូមជម្រាបថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រទេសដាណឺម៉ាក អាល្លឺម៉ង់ និងហូឡង់បានសន្យាថា អ៊ុយក្រែននឹងទទួលបានរថក្រោះយ៉ាងហោចណាស់ ១០០ គ្រឿងក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ក្រោយរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់បានធ្វើទស្សនកិច្ចនៅទីក្រុងកៀវ៕




អត្ថបទបន្ទាប់


សម្ដេចតេជោ ហ៊ុន សែន ស្នើក្រុមហ៊ុនចិនសិក្សាពីគ្រោងវិនិយោគ ផ្លូវរថភ្លើងល្បឿនលឿនធុនស្រាលក្នុងរាជធានីភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឲ្យក្រុមហ៊ុនចិន សិក្សាអំពីគ្រោងវិនយោគផ្លូវល្បឿនលឿនធនស្រាល ពីរាជធានីភ្នំពេញទៅកាន់អាកាសយ…

អតិផរណាប្រទេសឡាវកើនឡើងដល់ជាង៤០% ជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល២៣ឆ្នាំចុងក្រោយ

រដ្ឋាភិបាលទីក្រុងវៀងចន្ទន៍ បានប្រកាសក្នុងសប្តាហ៍នេះថា អតិផរណានៅក្នុងប្រទេសឡាវនៅតែបន្តនិន្នាការកើនឡើងគួរឱ្យព្រួយបារម្ភ ដោយបានឈានដល់ ៤០,៣%ក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ