ប្រធានាធិបតីអ៊ុយក្រែនប្តេជ្ញាបញ្ចប់សង្គ្រាម

ប្រធានាធិបតីអ៊ុយក្រែនប្តេជ្ញាបញ្ចប់សង្គ្រាមជាមួយរុស្ស៊ីនៅឆ្នាំក្រោយ តាមរយៈការចរចា


សមាជិកសភាជាន់ខ្ពស់របស់រុស្ស៊ីបានចាត់ទុកការសម្រេចចិត្តរបស់សហអាម៉េរិកដោយអនុញ្ញាតឱ្យអ៊ុយក្រែនអាចប្រើប្រាស់សព្វាវុធរបស់ខ្លួនបាញ់ចូលទៅក្នុងទឹកដីរុស្ស៊ីកាន់តែជ្រៅគឺជាការបង្កឱ្យជម្លោះនៅអ៊ុយក្រែនកាន់តែតានតឹង និងអាចឈានទៅរកការផ្ទុះសង្គ្រាមលោកលើកទី៣។ ជាមួយគ្នានេះប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ូឌីមៀ ហ្សេឡេនស្គី បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការខិតខំប្រឹងប្រែងបញ្ចប់ភ្លើងសង្គ្រាមជាមួយរុស្ស៊ីនៅឆ្នាំក្រោយ តាមរយៈការចរចាការទូត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ប្រធានាធិបតីអ៊ុយក្រែនប្តេជ្ញាបញ្ចប់សង្គ្រាម

មន្ត្រីអាម៉េរិកពីររូបបានអះអាងកាលពីចុងសប្តាហ៍មុនថា រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន បានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើសព្វាវុធ ដែលផលិតដោយអាម៉េរិកអាចវាយចូលទៅក្នុងទឹកដីរបស់រុស្ស៊ីកាន់តែជ្រៅ ដែលជាការផ្លាស់ប្ដូរគោលនយោបាយដ៏គួរឱ្យភ្ញាក់ផ្អើលមួយរបស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី។

ឆ្លើយតបនឹងការសម្រេចនេះ លោក អេនដ្រេ គ្លីសាស (Andrei Klishas) សមាជិកសភាជាន់ខ្ពស់របស់រុស្ស៊ីបានព្រមានថា ការសម្រេចចិត្តរបស់ក្រុមវ៉ាស៊ីនតោននេះអាចធ្វើឱ្យជម្លោះនៅអ៊ុយក្រែនកាន់តែតានតឹង ក៏ដូចជាអាចធ្វើឱ្យអ៊ុយក្រែនរងការខ្ទេចខ្ទាំកាន់តែខ្លាំង។ លើសពីនេះ ការអនុញ្ញាតឱ្យអ៊ុយក្រែនអាចវាយចូលទឹកដីរុស្ស៊ីកាន់តែជ្រៅដោយប្រើសព្វាវុធរបស់អាម៉េរិកនេះអាចឈានទៅរកការផ្ទុះសង្គ្រាមលោកលើកទី៣។

ចំណែកលោក វ្ល៉ាឌីមៀ ឆាបារ៉ូវ (Vladimir Dzhabarov) អនុប្រធានទី១នៃគណៈកម្មាធិការកិច្ចការអន្តរជាតិនៃសភាជាន់ទាបរុស្ស៊ីបានអះអាងថា ទីក្រុងម៉ូស្គូនឹងឆ្លើយតបភ្លាមៗជាក់ជាមិនខានចំពោះការវាយប្រហាររបស់អ៊ុយក្រែន និងបានចាត់ទុកការវាយប្រហារដោយប្រើមីស៊ីលរបស់អ៊ុយក្រែនចូលទៅក្នុងទឹកដីរុស្ស៊ី គឺជាជំហានដ៏ធំមួយឆ្ពោះទៅរកការចាប់ផ្តើមនៃភ្នក់ភ្លើងសង្គ្រាមលោកលើកទី៣។

ប្រភពមួយចំនួនបានបង្ហើបឱ្យដឹងថា អ៊ុយក្រែនគ្រោងនឹងវាយប្រហារមីស៊ីលរយៈចម្ងាយឆ្ងាយជាលើកដំបូងចូលទៅក្នុងទឹកដីរុស្ស៊ីនៅប៉ុន្មានថ្ងៃខាងមុខនេះ ប៉ុន្តែប្រភពទាំងនោះមិនបានបង្ហាញពីព័ត៌មានលម្អិតនោះទេ ដោយសារបារម្ភពីសុវត្ថិភាព។

គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់អាម៉េរិកនេះធ្វើឡើងនៅ២ខែមុនពេលប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា និងធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ូឌីមៀ ហ្សេឡេនស្គី បានទទូចសុំការអនុញ្ញាតពីម្ចាស់ជំនួយយោធាក្នុងការប្រើអាវុធរបស់អាម៉េរិក ដើម្បីវាយប្រហារគោលដៅយោធារុស្ស៊ីនៅឆ្ងាយពីព្រំដែនរបស់ខ្លួន។

យ៉ាងណាក៏ដោយ លោក ហ្សេឡេនស្គី ហាក់បង្ហាញពីជំហរក្នុងការចង់បញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ដោយលោកអះអាងថា អ៊ុយក្រែននឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីធានាថាសង្គ្រាមជាមួយរុស្ស៊ីនឹងបញ្ចប់នៅឆ្នាំក្រោយតាមរយៈការចរចាផ្លូវការទូត។ ប៉ុន្តែលោក ថាប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ហាក់មិនសូវខ្វល់ខ្វាយចំពោះកិច្ចព្រមព្រៀងសន្តិភាពនេះនោះទេ ហើយថែមទាំងលើកឡើងថា ទីក្រុងម៉ូស្គូចង់អង្គុយចរចាផង និងបន្តប្រយុទ្ធផង៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ទីបំផុតក្រុមប្រទេស G20 ឈានដល់ការឯកភាពគ្នាលើបញ្ហាហិរញ្ញវត្ថុអាកាសធាតុ

កិច្ចពិភាក្សាជុំវិញបញ្ហាការកើនឡើងកម្ដៅនៃភពផែនដីអំឡុងកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេស G20 ដែលរៀបចំឡើងនៅប្រទេសប្រេស៊ីល សប្តាហ៍នេះបានបង្កឱ្យម…

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីជលផល

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ