អ៊ុយក្រែន-រុស្ស៊ី-អាមេរិក

ទ័ពអ៊ុយក្រែនវាយយកបានទឹកដីមកវិញកាន់តែច្រើន ខណៈអាមេរិកមើលឃើញរឿងនេះថាជាជោគជ័យ


នៅប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញមានការប្រកាសអំពីជោគជ័យជាបន្តបន្ទាប់របស់កងទ័ពអ៊ុយក្រែន និងដែលត្រូវយកមកចុះផ្សាយព្រោងព្រាតក្នុងសារព័ត៌មានអន្តរជាតិធំៗជាច្រើន។ បើតាមការថ្លែងក្នុងសារវីដេអូពីប្រធានាធិបតីអ៊ុយក្រែន លោកហ្សេលេនស្គី កាលពីថ្ងៃអង្គារទី១៣ ខែកញ្ញា ដែនដីប្រមាណ៣ពាន់គីឡូម៉ែត្រការ៉េ ត្រូវបានកងទ័ពអ៊ុយក្រែនវាយដណ្តើមបានពីរុស្ស៊ីវិញ។ ស្ទើរតែទាំងអស់នៃដែនដីដែលបានមក គឺស្ថិតនៅក្នុងបែកភាគឦសានប្រទេសនៃតំបន់ ខាគីវ។
: ទ័ពអ៊ុយក្រែនវាយយកបានទឹកដីពីរុស្ស៊ីមកវិញកាន់តែច្រើន!

នេះគឺជាអ្វីដែលគេចង់បាន ពិសេសសហរដ្ឋអាមេរិកបានចាត់ទុករឿងនេះថា ជាជោគជ័យធំជាងគេ ក្រោយធ្វើសង្គ្រាមជាងកន្លះឆ្នាំមកនេះ។

គិតចាប់ពីដើមខែកញ្ញាមក យ៉ាងហោចណាស់ដែនដីជាង៣ពាន់គីឡូម៉ែត្រការ៉េ នៅភាគឦសានប្រទេសអ៊ុយក្រែន រួមមាននៅទីក្រុងធំទីពីររបស់អ៊ុយក្រែនគឺក្រុង ខារគីវ (Kharkiv) និងក្រុងអ៊ីហ្សយូម (Izyum) ដែលជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់នោះ ត្រូវបានកងទ័ពអ៊ុយក្រែនវាយដណ្តើមមកវិញ ត្រឹមរវាងតែ២-៣ថ្ងៃចុងក្រោយនេះប៉ុណ្ណោះ។

កងទ័ពអ៊ុយក្រែនឱ្យដឹងថា ពួកគេកំពុងតែរុលទៅមុខបន្តទៀត ឆ្ពោះទៅភាគខាងកើត និងបន្តចុះទៅភាគខាងត្បូងក្បែរតំបន់ដុនបាស។ តំបន់ដុសបាស ដែលមានក្រឡាផ្ទៃសរុប ៤៣.០០០គីឡូម៉ែត្រការ៉េ ហើយដែលបានធ្លាក់ទៅក្នុងដៃរុស្ស៊ីតាំងតែពីមុនផ្ទុះសង្គ្រាមឡើង។ តំបន់ដុនបាសនេះទៀតសោត ជាទីតាំងសម្បូរទៅដោយក្រុមឧទ្ទាមផ្តាច់ទឹកដីនិយមដែលគាំទ្រ ដោយរុស្ស៊ី។

ក្រៅពីនោះ ទីក្រុងយុទ្ធសាស្ត្រសំខាន់២ទៀតក៏ត្រូវបានរំដោះមកវិញដែរ គឺក្រុង អ៊ីហ្សយូម(Izyum) និងទីក្រុងគូភៀន៍ (Koupiansk)។ ទីក្រុងទាំងពីរនេះជាទីតាំងចាំបាច់ខ្លាំងណាស់ ព្រោះវាជាច្រកផ្លូវឆ្លងកាត់ និងសម្រាប់ដឹកជញ្ជូនស្បៀងអាហារ សម្ភារៈសឹក គ្រឿងសព្វាវុធគ្រប់បែបយ៉ាង។ អ្នកវិភាគ និងអ្នកជំនាញផ្នែកសឹកបានអះអាងថា ការដែលរុស្ស៊ីដកទ័ព របូតក្រុងទាំងពីរនេះមកឱ្យអ៊ុយក្រែនវិញ នឹងធ្វើឲ្យកងទ័ពរុស្ស៊ីកាន់តែលំបាក ក្នុងប្រតិបត្តិការប្រយុទ្ធដណ្តើមយកភាគខាងកើតអ៊ុយក្រែន ជាទីដែលម៉ូស្គូរំពៃចង់បានជាយូរណាស់មកហើយ។

នេះគឺជាជោគជ័យមួយយ៉ាងលឿនរហ័ស ដែលលោកហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងអបអរនៅក្នុងសារវីដេអូប្រចាំថ្ងៃរបស់លោក កាលពីថ្ងៃទី១៣ ខែកញ្ញា។ លើសពីនេះ ទីក្រុងវ៉ាស៊ីនតោន ដែលជាខ្នងបង្អែកខ្វះមិនបានរបស់ទីក្រុងកៀវ ក៏បានសាទរ នឹងចាត់ទុករឿងនេះថា ជាជោគជ័យមួយផងដែរ។ លើសពីនេះ វាសបញ្ជាក់ឱ្យឃើញថា ការដែលអាមេរិកខំប្រឹងជួយចូកជួយចែវអ៊ុយក្រែន តាមរយៈការផ្គត់ផ្គង់សព្វាវុធ តម្លៃរាប់សិបពាន់លានដុល្លារនោះ មិនមែនៅឥតប្រយោជន៍ឡើយ។

ទន្ទឹមនេះ សេតវិមានអាមេរិកតាមរយៈអ្នកនាំពាក្យរបស់ខ្លួន បានប្រកាសកាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិកទំនងនឹងប្រកាសកញ្ចប់ជំនួយយោធាថ្មីទៀត សម្រាប់អ៊ុយក្រែនប៉ុន្មានថ្ងៃខាងមុខនេះ។

គួរកត់សម្គាល់ដែរថា រុស្ស៊ីបានចំណាយពេលជាច្រើនខែដើម្បីវាយដណ្តើមយកដែនដីអ៊ុយក្រែន ខណៈអ៊ុយក្រែនចាយពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដើម្បីវាយកទឹកដីខ្លួនមកវិញ។ កាលពីខែមិថុនា លោកហ្សេឡេនស្គី ធ្លាប់បានលើកឡើងថា ២០%នៃដែនដីអ៊ុយក្រែន ត្រូវបានធ្លាក់ទៅក្នុងដៃរបស់កងទ័ពរុស្ស៊ី នេះបើគេរាប់ទាំងតំបន់គ្រីម៉េ និងតំបន់ដុនបាសផងដែរ។ ប៉ុន្តែមកទល់នឹងពាក់កណ្តាលខែកញ្ញានេះ កងកម្លាំងរុស្ស៊ីនៅបន្តគ្រប់គ្រងប្រហែលមួយភាគប្រាំនៃដែនដីអ៊ុយក្រែននៅភាគខាងត្បូង និងខាងកើតប៉ុណ្ណោះ ស្របពេលដែលទីក្រុងកៀវឥឡូវនេះកំពុងបន្តវាយលុកសំដៅតំបន់ទាំងពីរនេះ៕




អត្ថបទបន្ទាប់


អតិផរណានៅអាមេរិកស្ថិតក្នុងកំរិតខ្ពស់ ទោះធនាគារកណ្តាលដំឡើងអត្រាការប្រាក់គោលច្រើនដងយ៉ាងណាក្តី

តម្លៃទំនិញសម្រាប់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកបានបន្តកើនឡើងថែមទៀត ក្នុងខែសីហា ដែលវាជារឿងមិននឹកស្មានដល់មួយ ទោះបីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោ…

ធនាគារ SBI LY HOUR មានទ្រព្យសកម្មជាង៧៦០លានដុល្លារ ក្រោយកម្លាយខ្លួនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានជាង២ឆ្នាំ

ធនាគារ SBI LY HOUR គឺជាធនាគារក្នុងស្រុកធំមួយ ដែលត្រូវបានកម្លាយខ្លួនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មកជាធនាគារពាណិជ្ជ ក្រោមការសហការវិនិយោគរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ