UN អំពាវនាវឲ្យរបបយោធាមីយ៉ាន់ម៉ាបញ្ឈប់ការកាត់ទោស

UN អំពាវនាវឲ្យរបបយោធាមីយ៉ាន់ម៉ា បញ្ឈប់ការកាត់ទោសប្រហារជីវិតទៅលើជនស៊ីវ៉ីលជាបន្ទាន់


ប្រធានសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃទី ១៤មិថុនាថា របបយោធាមីយ៉ាន់ម៉ាទំនងជាបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយបានជំរុញឱ្យរដ្ឋាភិបាលយោធានេះបញ្ឈប់ការកាត់ទោសប្រហារជីវិតយ៉ាងអយុត្តិធម៌ជាបន្ទាន់ ចំពោះប្រជាជនរបស់ខ្លួន ពិសេសសកម្មជនប្រជាធិបតេយ្យលេចធ្លោរមួយចំនួនផងដែរ។ នោះបើតាមការរាយការណ៍ដោយទីភ្នាក់ងារដោយសារព័ត៌មាន AFP។
UN អំពាវនាវឲ្យរបបយោធាមីយ៉ាន់ម៉ា បញ្ឈប់ការកាត់ទោសប្រហារជីវិតទៅលើជនស៊ីវ៉ីលជាបន្ទាន់

របបយោធាមីយ៉ាន់ម៉ាបានដណ្តើមអំណាចកាលពីថ្ងៃទី ១ ខែកុម្ភៈឆ្នាំមុន ដោយបានបណ្តេញរដ្ឋាភិបាលស៊ីវិលស្របច្បាប់ចេញពីអំណាច ថែមទាំងចាប់ខ្លួនមេដឹកនាំរដ្ឋាភិបាលស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជីផងដែរ ដោយចោទពីការរួមគំនិតក្បត់ និងពុករលួយ។ ចាប់តាំងពីពេលនោះមក របបយោធានេះបានធ្វើការបង្ក្រាបយ៉ាងឃោរឃៅទៅលើក្រុមអ្នកប្រឆាំង។

ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ លោកស្រី មីឆែល ប៉ាឆ្លេត (Michelle Bachelet) បានព្រមានថា ការនៅតែបន្តដំណើរការកាត់ទោសប្រហារជីវិត ដែលមានតាំងពីឆ្នាំ១៩៩០មកនោះ កំពុងបណ្តាលឲ្យមានការ "រំលោភលើសិទ្ធិរស់រានមានជីវិត"។

ការព្រមានពីអង្គការសហប្រជាជាតិយ៉ាងដូច្នេះ គឺធ្វើឡើងបន្ទាប់ពី របបយោធាមីយ៉ាន់ម៉ាថ្មីៗនេះ បានអះអាងថា ខ្លួននឹងកាត់ទោសប្រហារជីវិតអតីតសមាជិកសភាមកពីគណបក្សរបស់លោកស្រី ស៊ូជី និងសកម្មជនប្រជាធិបតេយ្យដ៏លេចធ្លោម្នាក់ ដែលអ្នកទាំងពីរត្រូវបានកាត់ទោសពីបទភេរវកម្ម និងរួមគំនិតក្បត់។

យ៉ាងណាមិញ កាលពីថ្ងៃអង្គារលោកស្រី Bachelet បានលើកឡើងម្តងទៀត ដែលបានរកឃើញដោយភ្នាក់ងារសិទ្ធិមនុស្សថា ការរំលោភបំពានរបស់របបយោធាផ្ដាច់ការចាប់តាំងពីរដ្ឋប្រហារមក គឺអាចបង្កជា "ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម"។

បន្ថែមពីនេះទៀត លោកស្រីបានបានរាយការណ៍ថា មានមនុស្សយ៉ាងហោចណាស់ ១.៩០០ នាក់ត្រូវបានសម្លាប់ដោយរបបយោធាចាប់តាំងពីរដ្ឋប្រហារមក ដោយមានមនុស្សជាង ១៣.៥០០ នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនដោយអយុត្តិធម៌ រួមទាំងអ្នកនយោបាយ អ្នកកាសែត និងមេធាវីផងដែរ។ ហើយមានមនុស្សជាង ១០.៥០០ នាក់កំពុងជាប់ឃុំខ្លួន។

ជាងនេះទៅទៀត នៅក្នុងរបាយការណ៍ខែមីនារបស់ការិយាល័យសិទ្ធិមនុស្សបានពិពណ៌នាថា របបយោធាបានកំណត់គោលដៅ និងទម្លាក់គ្រាប់បែក ថែមទាំងប្រើអាវុធធុនធ្ងន់ផ្សេងទៀតទៅលើតំបន់ដែលមានប្រជាជនស៊ីវិលរស់នៅដោយចេតនាតែម្តង។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺមានមនុស្សជាច្រើនត្រូវបានគេបាញ់ ឬដុតសម្លាប់ ចាប់ខ្លួនតាមអំពើចិត្ត និងធ្វើទារុណកម្មជាដើម។

ទោះបីជាយ៉ាងណា លោកស្រី មីឆែល ប៉ាឆ្លេត ដែលជាប្រធានទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ក៏បានថ្កោលទោសការបន្តបង្រ្កាបរបស់របបយោធាមីយ៉ាន់ម៉ាទៅលើជនជាតិរ៉ូហ៊ីងយ៉ាផងដែរ ដូចជាការអនុវត្ត "បទបញ្ជាយ៉ាងតឹងរឹងទៅលើពួកគេក្នុងការធ្វើដំណើរ" ។

គួររំលឹកថា បើយោងតាមអង្គការសហប្រជាជាតិ អំពើហឹង្សាក្រោយរដ្ឋប្រហារដោយរបបយោធាផ្តាច់ការ បានរុញច្រានឲ្យជនភៀសខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា កើនដល់ជាងមួយលាននាក់ ដែលក្នុងនោះប្រជាជនប្រហែល ១៤ លាននាក់ផ្សេងទៀតនៅក្នុងប្រទេសកំពុងត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់៕

អត្ថបទ៖ ហ៊ុន គន្ធថៃ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តៃវ៉ាន់បោះពាក្យថា ពិភពលោកនឹងជួបវិបត្តិខ្លាំងជាងឥទ្ធិពលសង្គ្រាមនៅអ៊ុយក្រែនទៅទៀត «ប្រសិនបើចិនហ៊ានវាយតៃវ៉ាន់មែន»

ព័ត៌មាន
អ្នកចរចាពាណិជ្ជកម្មកំពូលរបស់តៃវ៉ាន់ បានបោះពាក្យសម្ដីព្រមានចំៗថា ប្រសិនបើចិនហ៊ានវាយប្រហារលើកោះតៃវ៉ាន់មែន នោះពិភពលោកនឹងប្រឈមមុខនឹងវិបត្ត…

អាមេរិកប្រកាសជួយជ្រោមជ្រែងអ៊ុយក្រែនតាមព្រំដែន ដើម្បីបើកផ្លូវដល់ការនាំចេញគ្រាប់ធញ្ញជាតិ

ព័ត៌មាន
ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ឃ្លាំងបណ្តោះអាសន្ននឹងសាងសង់នៅតាមបណ្តោយព្រំដែនជាមួយអ៊ុយក្រែនក្នុងគ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ