អាមេរិករកឃើញវិធីជួយនាំស្បៀងចេញពីអ៊ុយក្រែនតែត្រូវការពេល!

អាមេរិកប្រកាសជួយជ្រោមជ្រែងអ៊ុយក្រែនតាមព្រំដែន ដើម្បីបើកផ្លូវដល់ការនាំចេញគ្រាប់ធញ្ញជាតិ


ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ឃ្លាំងបណ្តោះអាសន្ននឹងសាងសង់នៅតាមបណ្តោយព្រំដែនជាមួយអ៊ុយក្រែនក្នុងគោលបំណងដើម្បីជួយគាំទ្រការនាំចេញគ្រាប់ធញ្ញជាតិបន្ថែមទៀតរបស់អ៊ុយក្រែន ក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយវិបត្តិស្បៀងអាហារពិភពលោកដែលកំពុងកើនឡើង។
អាមេរិកប្រកាសជួយជ្រោមជ្រែងអ៊ុយក្រែនតាមព្រំដែន ដើម្បីបើកផ្លូវដល់ការនាំចេញគ្រាប់ធញ្ញជាតិ

ឃ្លាំងស្តុកគ្រាប់ធញ្ញជាតិទាំងនេះ ទំនងជាត្រូវសាងសង់ជំនួសឱ្យឃ្លាំង និងជំនួសឲ្យទីតាំងដឹកជញ្ជូនទំនិញនាំចេញរបស់អ៊ុយក្រែន នៅកំពុងផែសមុទ្រខ្មៅ ដែលបច្ចុប្បន្នត្រូវបានបិទខ្ទប់ និងគ្រប់គ្រងដោយរុស្ស៊ី។ នេះបើតាមសេចក្តីរាយការណ៍ ដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី និងការបិទច្រកសមុទ្រខ្មៅរបស់អ៊ុយក្រែន ការដឹកជញ្ជូនគ្រាប់ធញ្ញជាតិបានជាប់គាំង ហើយមានជាង២០លានតោននៃគ្រាប់ធញ្ញជាតិ ត្រូវបានជាប់គាំងនៅក្នុងឃ្លាំង។ ភាគីអ៊ុយក្រែនក៏ធ្លាប់បាននិយាយដែរថា ខ្លួនកំពុងប្រឈមនឹងការខ្វះខាតឃ្លាំងសម្រាប់ដំណាំថ្មីៗ ដែលទើបប្រមូលផលបាន។

សង្គ្រាមក្នុងប្រទេសអ៊ុយក្រែន កំពុងធ្វើឱ្យតម្លៃគ្រាប់ធញ្ញជាតិ ប្រេងឆា ប្រេងឥន្ធនៈ និងជីកសិកម្មកើនតម្លៃជាបន្តបន្ទាប់ ដោយហេតុថា រុស្ស៊ី និងអ៊ុយក្រែនតំណាងឱ្យជិតមួយភាគបីនៃការផ្គត់ផ្គង់ស្រូវសាលីសកល។ អ៊ុយក្រែនក៏ជាអ្នកនាំចេញពោត និងប្រេងផ្កាឈូករ័ត្នដ៏សំខាន់ ហើយរុស្ស៊ីវិញជាអ្នកនាំចេញជីកសិកម្មដ៏សំខាន់ដែរ។

ដើម្បីជ្រោមជ្រែងរកដំណោះស្រាយលើបញ្ហានេះលោកចូ បៃឌិន និយាយថា៖ អាមេរិកកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអឺរ៉ុបរបស់ខ្លួន ដើម្បីបើកផ្លូវសម្រាប់គ្រាប់ធញ្ញជាតិចំនួន២០លានតោន ដែលជាប់គាំងនៅក្នុងប្រទេសអ៊ុយក្រែន ទៅកាន់ទីផ្សារ ក្នុងការជួយបញ្ចុះតម្លៃស្បៀងអាហារ ដែលកំពុងកើនឡើងខ្លាំង។ ប៉ុន្តែលោកចូបៃឌិន បានគូសបញ្ជាក់ដែរថា គេមិនអាចនាំយកវាចេញតាមផ្លូវទឹកបានទៀតទេ ដោយវាមានហានិភ័យខ្លាំងណាស់នៃការខូចខាតដោយការវាយប្រហារជាយថាហេតុណាមួយ។

ពិសេសចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមមក អ៊ុយក្រែន និងរុស្ស៊ីបានដាក់មីននៅក្នុងផ្ទៃសមុទ្រ ជាច្រើន។ កប៉ាល់បរទេសចំនួន ៨៤ គ្រឿងបានជាប់គាំងនៅក្នុងកំពង់ផែអ៊ុយក្រែន ដែលភាគច្រើនមានទំនិញគ្រាប់ធញ្ញជាតិនៅលើនាវា។ ភាគីរុស្ស៊ីធ្លាប់បានបង្ហើបថា ទាល់តែអ៊ុយក្រែនមកដោះមីនដែលខ្លួនបានដាក់ឱ្យអស់ជាមុន ទើបព្រមនិយាយគ្នាពីបញ្ហានាំគ្រាប់ធញ្ញជាតិចេញ។

លោកចូ បៃឌិន បានបន្ថែមទៀតថាទីក្រុងវ៉ាស៊ីនតោនកំពុងបង្កើតផែនការ ដើម្បីនាំយកគ្រាប់ធញ្ញជាតិចេញតាមផ្លូវដែក ប៉ុន្តែបានកំពុងជួបប្រទះការលំបាក ដោយសារផ្លូវដែករបស់អ៊ុយក្រែន មិនបានតភ្ជាប់ផ្ទាល់ជាមួយតំបន់អឺរ៉ុបទេ ដូច្នេះគ្រាប់ធញ្ញជាតិត្រូវផ្ទេរទៅកាន់រថភ្លើងផ្សេងៗគ្នានៅតាមព្រំដែន។ ម៉្យាងវិញទៀត គេត្រូវបង្កើតឃ្លាំង ដើម្បីស្តុកទុកសិន មុននឹងផ្ទេរចូលរថយន្ត ឬរថភ្លើងដឹកទំនិញឆ្ពោះទៅតំបន់អឺរ៉ុប ហើយដើម្បីយកវាចេញទៅតាមផ្លូវសមុទ្រេរបស់អឺរ៉ុបសម្រាប់ទីផ្សារពិភពលោក។

សូមជម្រាបថា បើទោះបីជាសម្ព័ន្ធមិត្តលោកខាងលិច និងអាមេរិក បានរកឃើញមធ្យោបាយដើម្បីដឹកគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនហើយក៏ដោយ ប៉ុន្តែវិធីសាស្ត្រដែលបានរៀបរាប់ខាងលើនេះ គឺត្រូវការពេលវេលាច្រើនណាស់ ដើម្បីសាងសង់ឃ្លាំង និងរៀបចំផ្លូវដឹកជញ្ជូន។ ដូច្នេះ វាទំនងជាងមិនអាចឆ្លើយតបនឹងវិបត្តិស្បៀងអាហារ ដែលកំពុងកើតឡើង បានទាន់ពេលវេលានោះទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


UN អំពាវនាវឲ្យរបបយោធាមីយ៉ាន់ម៉ា បញ្ឈប់ការកាត់ទោសប្រហារជីវិតទៅលើជនស៊ីវ៉ីលជាបន្ទាន់

ព័ត៌មាន
ប្រធានសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃទី ១៤មិថុនាថា របបយោធាមីយ៉ាន់ម៉ាទំនងជាបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយ…

WHO នឹងបើកកិច្ចប្រជុំនៅសប្តាហ៍ក្រោយ ដើម្បីកំណត់ពីកម្រិតនៃភាពគ្រោះថ្នាក់នៃជំងឺអុតស្វា

ព័ត៌មាន
អង្គការសុខភាពពិភពលោក (WHO) នឹងបើកកិច្ចប្រជុំគណៈកម្មាធិការសង្គ្រោះបន្ទាន់មួយនៅថ្ងៃព្រហស្បតិ៍ ទី១៤ មិថុនា ក្នុងសប្តាហ៍ក្រោយ ដើម្បីវាយតម្លៃពីក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ