អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្ទេវហ្វាន ឌូចារិក (Stephane Dujarric) បាននិយាយថា លិខិតណាត់ជួបដាច់ដោយឡែកពីគ្នា ត្រូវបានប្រគល់ទៅឱ្យបេសកកម្មអចិន្ត្រៃយ៍របស់រុស្ស៊ី និង អ៊ុយក្រែនរួចហើយកាលពីរសៀលថ្ងៃអង្គារដោយអង្គការសហប្រជាជាតិ បានស្នើសុំឱ្យបុរសខ្លាំងរុស្ស៊ីលោកពូទីន ទទួលជួបលោក Guterres នៅទីក្រុងមូស្គូ និង ស្នើឲ្យលោក Zelenskiy ទទួលលោក Guterres ដូចគ្នានៅទីក្រុងគៀវ។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោកGuterres បាននិយាយនៅក្នុងសេចក្តីថ្លៃងការណ៍ថា នៅក្នុងអំឡុងពេលនៃគ្រោះថ្នាក់ និងផលវិបាកដ៏ធំធេងនេះ លោកចង់ពិភាក្សារកដំណោះស្រាយច្រកចេញ និង ការចរចា ដើម្បីនាំមកនូវសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែន និងអនាគតនៃលទ្ធិពហុភាគីនិយម ដែលគេបានចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និង ច្បាប់អន្តរជាតិនានា។
ទន្ទឹមនឹងនោះ លោក Guterres បានអំពាវនាវឱ្យមានការផ្អាកការបាញ់ប្រយុទ្ធគ្នារយៈពេល ៤ ថ្ងៃក្នុងប្រទេសអ៊ុយក្រែន ដើម្បីអនុញ្ញាតឱ្យមានការធ្វើដំណើរចាកចេញដោយសុវត្ថិភាពរបស់ជនស៊ីវិលពីតំបន់ជម្លោះ និង ដើម្បីផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ដែលរងគ្រោះខ្លាំងផងដែរ។ ក្នុងនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោកGuterres បាននិយាយថា មនុស្សជាង ១២ លាននាក់កំពុងត្រូវការជំនួយមនុស្សធម៌នៅក្នុងប្រទេសអ៊ុយក្រែន។
គួរកត់សម្គាល់ថា ការលុកលុយរបស់ទីក្រុងមូស្គូ លើអ៊ុយក្រែន គឺជាការវាយប្រហារដ៏ធំបំផុតលើទ្វីបអឺរ៉ុប ចាប់តាំងពីឆ្នាំ ១៩៤៥ ដែលបានសម្លាប់មនុស្ស និង រងរបួសរាប់ពាន់នាក់។ ចាប់តាំងពីរស្ស៊ីបានចូលលុកលុយអ៊ុយក្រែនមក រុស្ស៊ីបានទម្លាក់គ្រាប់បែកលើទីក្រុងនានាក្នុងប្រទេសអ៊ុយក្រែនធ្វើឲ្យខ្ទេចខ្ទីយ៉ាងដំណំតែម្តង ហើយសាកសពជនស៊ីវិលរាប់រយនាក់ក៏ត្រូវបានគេរកឃើញនៅក្នុងទីក្រុងផ្សេងៗគ្នា បន្ទាប់ពីកងកម្លាំងរបស់រុស្ស៊ីបានដកខ្លួនចេញប្តូរទៅទិសដៅផ្សេង។
គួរជម្រាបថា ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបលោក ឆាលី មីឆែល (Charles Michel) បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Zelenskiy នៅក្នុងដំណើរទស្សនកិច្ចដ៏គួរឲ្យភ្ងាក់ផ្អើលទៅកាន់ទីក្រុង គៀវ ផ្ទាល់តែម្តងកាលពីថ្ងៃពុធ បន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់មេដឹកនាំលោកខាងលិចផ្សេងទៀត រួមទាំងនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson និង ប្រធានគណៈកម្មការសហភាពអឺរ៉ុបលោកស្រី អ៊ួសូឡា វ៉នឌ័រ លីយិន (Ursula von der Leyen) ។
សូមបញ្ចាក់ផងដែរថា ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយដែរ ថា លោកមិនទាន់ប្រាកដនោះទេថា តើលោកនឹងធ្វើដំណើរទៅកាន់ទីក្រុងគៀវបានដែរ ឬក៏អត់នោះទេ បន្ទាប់ពីមេដឹកនាំអ៊ុយក្រែន បានអំពាវនាវឱ្យលោកធ្វើដំណើរទស្សនកិច្ចទៅកាន់អ៊ុយក្រែន។ ទោះយ៉ាងណា អាមេរិកកំពុងត្រៀមប្រកាសនឹងផ្ដល់ជំនួយសព្វាវុធបន្ថែមទៀតហើយ សម្រាប់ផ្ដល់ជូនអ៊ុយក្រែន ដែលតាមប៉ាន់ស្មានជំនួយថ្មីនេះ មានទំហំទឹកប្រាក់ប្រមាណ ៨០០លានដុល្លារអាមេរិក៕
អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន