ចិនយល់ព្រមឲ្យមន្ត្រីសិទ្ធិមនុស្សUNធ្វើដំណើរទស្សនកិច្ចទៅស៊ីនជាំងក្រោយចប់អូឡាំពិក

ចិនយល់ព្រមឲ្យមន្ត្រីសិទ្ធិមនុស្សUNធ្វើដំណើរទស្សនកិច្ចទៅស៊ីនជាំងក្រោយចប់អូឡាំពិក


ប្រទេសចិនបានយល់ព្រមអនុញ្ញាតឱ្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ធ្វើទស្សនកិច្ចនៅតំបន់ស៊ីនជាំង នៅពាក់កណ្តាលឆ្នាំ២០២២នេះ បន្ទាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងត្រូវបានបិទបញ្ចប់ទៅ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន South China Morning Post។
ចិនយល់ព្រមឲ្យមន្ត្រីសិទ្ធិមនុស្សUNទៅស៊ីនជាំង

មុនទទួលបានការអនុញ្ញាតឲ្យចូលទៅតំបន់ស៊ិនជាំងនេះ ឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកស្រី មីឆែល បាច់ឡេត (Michelle Bachelet) បានធ្វើការចរចាជាមួយប្រទេសចិន ដើម្បីធ្វើដំណើរទស្សនកិច្ចទៅស៊ីនជាំង ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៨មកម្ល៉េះ។ នេះបើតាម South China Morning Post ដដែល។

យ៉ាងណាមិញ ក្រសួងការបរទេសចិន ស្ថានបេសកកម្មចិនប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក និងអង្គការសហប្រជាជាតិផ្ទាល់ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញព័ត៌មានខាងលើនេះទេ។

ប៉ុន្តែសារព័ត៌មាន South China Morning Post កាលពីថ្ងៃព្រហស្បតិ៍បានចុះផ្សាយដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះមួយថា ការយល់ព្រមសម្រាប់ដំណើរទស្សនកិច្ចនៅក្រោយការបិទបញ្ចប់ការប្រកួតកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៤ដល់ថ្ងៃទី ២០ខែកុម្ភៈនេះ ត្រូវបានអនុញ្ញាតក្រោមរូបភាពជាទស្សនកិច្ចបែបរឹតចំណងមិត្តភាពតែប៉ុណ្ណោះ មិនមែនជាដំណើរទស្សនកិច្ចមកស៊ើបអង្កេត ពីរឿងបញ្ហាសិទ្ធិមនុស្សនៅក្នុងតំបន់ស៊ិនជាំងនោះឡើយ។

គួរជម្រាបថា ក្រុមសិទ្ធិមនុស្សបានចោទប្រកាន់ប្រទេសចិនពីបទរំលោភបំពានយ៉ាងសម្បើមដៃ រួមមានការឃុំខ្លួនទ្រង់ទ្រាយធំ ការធ្វើទារុណកម្ម និងពលកម្មដោយបង្ខំប្រឆាំងនឹងជនជាតិ អ៊ុយហ្គ័រ និងក្រុមជនជាតិភាគតិចផ្សេងទៀតនៅក្នុងតំបន់ស៊ីនជាំង ភាគខាងលិចនៃប្រទេសចិន ខណៈសហរដ្ឋអាមេរិកបានចោទប្រកាន់ចិនពីបទប្រល័យពូជសាសន៍តែម្តង។

ទោះយ៉ាងណា ទីក្រុងប៉េកាំងបានបដិសេធរាល់ការចោទប្រកាន់ពីបទរំលោភបំពានសិទ្ធិលើជនជាតិអ៊ុយហ្គ័រ និងជនមូស្លីមផ្សេងទៀត ហើយបានបញ្ជាក់ម្ដងហើយម្ដងទៀត គ្មានការរំលោភបំពាន ឬអំពីប្រល័យពូជសាសន៍នៅក្នុងតំបន់នោះឡើយ។ ចិនតែងតែចោទ លោកខាងលិចថាតែងយករឿងនេះ បង្កប់ជាល្បិចនយោបាយ ប្រឆាំងនឹងចិនតែប៉ុណ្ណោះ។ ប្រទេសចិនបានអះអាងថា គោលនយោបាយទាំងអស់របស់ខ្លួននៅតំបន់ស៊ីនជាំង គឺជាការចាំបាច់ដើម្បីប្រយុទ្ធប្រឆាំងនឹងលទ្ធិសាសនាជ្រុលនិយមតែប៉ុណ្ណោះ៕

None



អត្ថបទបន្ទាប់


រុស្សីថាការឆ្លើយតបរបស់អាមេរិក និងអង្គការណាតូ មិនបានបង្ហាញឆន្ទៈដោះស្រាយវិបត្តិអ៊ុយក្រែនឡើយ

ក្រោយសហរដ្ឋអាមេរិក និងអង្គការណាតូបានការឆ្លើយតបនឹងសំណើរបស់រុស្សីកាលពីថ្ងៃពុធ ឃើញថា ទីក្រុងម៉ូស្កូនៅថ្ងៃព្រហស្បតិ៍ទី២៧មករា បានចេញមកអះអាងថ…

ច្រកព្រំដែនចិន និងវៀតណាមបើកដំណើរការឡើងវិញហើយ ក្រោយបិទជាង១ខែមកនេះ

អាជ្ញាធរខេត្តក្វាងស៊ីរបស់ប្រទេសចិនបានប្រកាសបើកដំណើរការឡើងវិញនូវច្រកព្រំដែន Pu Zhai - Tan Thanh ដែលតភ្ជាប់ជាមួយប្រទេសវៀតណាមឡើងវិញហើយសប្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ