ការវាយតម្លៃតាមបែបវិទ្យាសាស្ត្រនៅរៀងរាល់៤ឆ្នាំម្តងបានរកឃើញថា ស្រទាប់អូហ្សូនកំពុងព្យាបាលខ្លួនឯងឡើងវិញត្រង់កន្លែងដែលរងការខូចខាតដោយសារឧស្ម័នផ្ទះកញ្ចក់ នៅក្នុងរយៈពេលជាង ៣៥ឆ្នាំបន្ទាប់ពី ប្រទេសនានាលើពិភពលោកបានយល់ព្រមបញ្ឈប់ការផលិតសារធាតុគីមី ដែលប៉ះពាល់ស្រទាប់អូហ្សូនក្នុងបរិយាកាសផែនដី។ ស្រទាប់អូហ្សូនដែលជាខែលការពារភពផែនដីពី សារធាតុវិទ្យុសកម្មពីព្រះអាទិត្យ ដែលអាចបង្កគ្រោះថ្នាក់នាំឱ្យមានជំងឺមហារីកស្បែក ជំងឺភ្នែកឡើងបាយ និងការខូចខាតផលដំណាំផងដែរ។
លោក ផល ញូមែន (Paul Newman) សហប្រធាននៃការវាយតម្លៃផ្នែកវិទ្យាសាស្ត្រ បាននិយាយថា ពួកយើងបានឃើញពីភាពកាន់តែប្រសើរឡើងជាងមុនជាបណ្ដើរៗហើយ នៅ ស្រទាប់ខាងលើនៃបរិយាកាសផែនដី និងប្រហោងធ្លុះធ្លាយនៃស្រទាប់អូហ្សូន។
ទោះយ៉ាងណា របាយការណ៍ពីអង្គការសហប្រជាជាតិដដែលបានគូសបញ្ជាក់ថា ដំណើរការព្យាបាលស្រទាប់អូហ្សូននេះមានល្បឿនយឺតណាស់។ ជាក់ស្តែង បរិមាណអូហ្សូនជាមធ្យមដែលស្ថិតនៅកម្ពស់ ៣០គីឡូម៉ែត្រពីបរិយាកាសផែនដីអាចវិលត្រលប់ទៅរកកម្រិតធម្មតាវិញប្រហែលជានៅក្នុងឆ្នាំ២០៤០ឯណោះ ហើយវាអាចនឹងវិលទៅរកភាពធម្មតាវិញសម្រាប់តំបន់អាក់ទិក នៅត្រឹមឆ្នាំ២០៤៥។
គួរជម្រាបថា តំបន់អង់តាក់ទិកជាកន្លែងដែលមានស្រទាប់អូហ្សូនស្ដើងបំផុត និងតែងមានការធ្លុះធ្លាយប្រហោងធំៗនៅរៀងរាល់ឆ្នាំនៅក្នុងស្រទាប់របស់វា។ ដូចនេះជាមួយនឹងល្បឿងព្យាបាលខាងលើ តំបន់អង់តាទិក អាចជួសជុលអូហ្សូនបិទជិតពេញលេញវិញបានត្រូវចំណាយពេលដល់ឆ្នាំ២០៦៦។
ក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកតស៊ូមតិផ្នែកបរិស្ថាននៅជុំវិញពិភពលោកបានសាទរជាយូរយារមកហើយចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីព្យាបាលស្រទាប់អូហ្សូននេះថាជាជ័យជម្នះដ៏ធំបំផុតមួយសម្រាប់មនុស្សជាតិដោយសារតែពិភពលោករួមគ្នាបង្កើតបានកិច្ចព្រមព្រៀងឆ្នាំ១៩៨៧ ដើម្បីហាមឃាត់សារធាតុគីមីមួយប្រភេទដែលត្រូវបានប្រើជារឿយៗក្នុងធុងហ្គាស់សម្រាប់ធ្វើឱ្យសីតុណ្ហភាពដូចជា ទូទឹកកក និងម៉ាស៊ីនត្រជាក់ជាដើម។
អគ្គលេខាធិការអង្គការឧតុនិយមពិភពលោកគឺលោកសាស្រ្តាចារ្យ ផេតធឺរី តាឡាស់(Petteri Taalas) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការព្យាបាលស្រទាប់អូហ្សូនកំពុងក្លាយជាគំរូល្អ សម្រាប់បេសសកម្ម ការពារការប្រែប្រួលអាកាសធាតុនានា។ ភាពជោគជ័យរបស់ពិភពលោកក្នុងការបញ្ឈប់សារធាតុគីមី ដែលទៅទម្លុះស្រទាប់អូហ្សូននេះបង្ហាញថា ពិភពលោកអាចធ្វើបាន និងត្រូវតែធ្វើបន្តទៀត ជាពិសេសបញ្ហាដែលត្រូវធ្វើជាបន្ទាន់ក្នុងពេលបច្ចុប្បន្នមួយចំនួន ដូចជាការផ្លាស់ប្តូរពីការប្រើឥន្ធនៈហ្វូស៊ីល កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងកំណត់ការកើនឡើងសីតុណ្ហភាពផែនដីជាដើម៕