តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ បានច្រានចោលទាំងស្រុងរាល់ការជំទាស់របស់របបយោធាមីយ៉ាន់ម៉ា ចំពោះសំណុំរឿងដែលប្តឹងដោយប្រទេសអាហ្រ្វិកខាងលិច គឺប្រទេសហ្គាំប៊ីក្នុងឆ្នាំ ២០១៩ ថា ប្រទេសមីយ៉ាន់ម៉ាបានប្រព្រឹត្តិអំពើប្រល័យពូជសាសន៍យ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ាមូស្លី។
ការសម្រេចចិត្តនេះ នឹងបើកផ្លូវសវនាការពេញលេញនៅតុលាការកំពូលមួយនេះ ក្នុងការរកយុត្តិធម៌ជូនដល់ជនជាតិរ៉ូហ៊ីងយ៉ា ដែលត្រូវបានសម្លាប់យ៉ាងព្រៃផ្សៃកាលពីឆ្នាំ ២០១៧ កន្លងទៅ។
ប្រធាន ICJ លោកចន ដូណុក (Joan Donoghue) បាននិយាយថា៖ «តុលាការមានសិទ្ធិអំណាច និងសមត្ថកិច្ចគ្រប់គ្រាន់ក្នុងការស៊ើបអង្កេតលើរឿងក្តីនេះ ហើយការដាក់ពាក្យបណ្តឹងពីសាធារណរដ្ឋហ្គាំប៊ី គឺអាចទទួលបាន»។
គួរជម្រាបថា ជនជាតិភាគតិចរ៉ូហ៊ីងយ៉ារាប់សែននាក់បានភៀសខ្លួនចេញពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដើម្បីគេចចេញពីសម្លាប់ និងធ្វើទារុណកម្មដ៏ឃោរឃៅរកាលពី ៥ ឆ្នាំមុន ហើយជនជាតិរ៉ូហ៊ីងយ៉ាប្រហែល ៨៥ម៉ឺននាក់កំពុងធ្លាក់ខ្លួននៅក្នុងជំរុំក្នុងប្រទេសបង់ក្លាដែស ខណៈដែល ៦ សែននាក់ផ្សេងទៀត នៅតែស្ថិតក្នុងរដ្ឋរ៉ាឃីនភាគនិរតីនៃប្រទេសមីយ៉ាន់ម៉ានៅឡើយ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃប្រទេសហ្គាំប៊ី លោកចរដា ចាឡូ (Dawda Jallow) បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ថា «លោកពិតជាសប្បាយរីករាយណាស់ដែលតុលាការបានបើកដំណើរការរឿងក្តីមួយនេះ»។
មែនទែនទៅ ហ្គាំប៊ីបានប្តឹងករណីនេះនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១៩ ដោយចោទប្រកាន់ថា ការប្រព្រឹត្តិអំពើប្រល័យពូជសាសន៍ដោយរដ្ឋាភិបាលមីយ៉ាន់ម៉ា ចំពោះជនជាតិរ៉ូហ៊ីងយ៉ាបានរំលោភលើអនុសញ្ញាប្រល័យពូជសាសន៍របស់អង្គការសហប្រជាជាតិឆ្នាំ ១៩៤៨ ទាំងស្រុង។
តែនៅពេលនោះ មីយ៉ាន់ម៉ាត្រូវបានគេបានចាត់ទុកប្រទេសដែលគ្មានរឿងនេះទេ ដោយលោកស្រី Aung San Suu Kyi ជាជ័យលាភីរង្វាន់ណូបែលសន្តិភាព និងនៅកាន់អំណាចនៅឡើយ ប៉ុន្តែក្រោយមកលោកស្រីត្រូវបានបណ្តេញចេញពីតំណែងជាមេដឹកនាំស៊ីវិល ដោយរដ្ឋប្រហារទម្លាក់កាលពីឆ្នាំមុន ហើយឥឡូវនេះកំពុងជាប់ឃុំខ្លួន។
មួយវិញទៀត របបយោធាមីយ៉ាន់ម៉ាបានប្រកែកដោយផ្អែកលើហេតុផលជាច្រើនដែលថា តុលាការអន្តរជាតិនេះគ្មានសមត្ថកិច្ច ក៏ដូចជាចំណាត់ការក្នុងរឿងនេះទេ ហើយគួរតែច្រានចោលករណីនេះ ខណៈដែលវានៅតែស្ថិតក្នុងដំណាក់ដំបូង។
ទោះបីជាយ៉ាងណាក៏ដោយ ជនរ៉ូហ៊ីងយ៉ាដែលរស់នៅភាគខាងជើងរដ្ឋរ៉ាឃីនក្នុងប្រទេសមីយ៉ាន់ម៉ា ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ទីភ្នាក់ងារ AFP ថា «តុលាការអន្តរជាតិត្រូវតែមានចំណាត់ការណាមួយប្រឆាំងនឹងរបបយោធា និងអំពើឃោរឃៅរបស់ពួកគេ»។
ជុំវិញរឿងនេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រកាសកាលពីខែមីនាកន្លងទៅថា អំពើហិង្សាដោយរបបយោធាមីយ៉ាន់ម៉ា ប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា គឺជាការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ទៅលើមនុស្សជាតិយ៉ាងពិតប្រាកដ។
គួររំលឹកថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICJ) ដែលជាតុលាការឧក្រិដ្ឋកម្មសង្គ្រាម ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ក៏បានបើកការស៊ើបអង្កេតយ៉ាងល្អិតល្អន់លើអំពើហិង្សាលើជនជាតិរ៉ូហ៊ីងយ៉ាផងដែរ៕