ឥណ្ឌូនេស៊ី-វៀតណាម

សមុទ្រចិនខាងត្បូង៖ ឥណ្ឌូនេស៊ី និងវៀតណាមឯកភាពគ្នាលើព្រំដែនតំបន់សេដ្ឋកិច្ចផ្តាច់មុខ ខណៈហ្វីលីពីនត្រៀមពង្រឹងយោធា


ស្ថានភាពនៃសមុទ្រចិនខាងត្បូងនៅតែជាចំណុច ដ៏រសើបបំផុតមួយ នៃទំនាក់ទំនងរវាងប្រទេសចិន និងប្រទេសគូជម្លោះ ដែលទាមទាររៀងៗខ្លួននៃចំណែកដែនទឹកក្នុងតំបន់នេះ។ ពាក់ព័ន្ធនឹងស្ថានភាពក្នុងតំបន់នេះ យើងឃើញថា ការិយាល័យប្រធានាធិបតីឥណ្ឌូនេស៊ីបាននិយាយកាលពីថ្ងៃទី២២ ខែធ្នូ ថា ប្រទេសឥណ្ឌូនេស៊ី និងវៀតណាមបានបញ្ចប់កិច្ចពិភាក្សា ដើម្បីកំណត់ព្រំដែននៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ពួកគេនៅក្នុងសមុទ្រចិនខាងត្បូងនេះរួចហើយ។
ឥណ្ឌូនេស៊ី និងវៀតណាមព្រមព្រៀងគ្នាលើព្រំដែនទឹក!

ស្របពេលក្រសួងការពារជាតិហ្វីលីពីនឯណោះវិញ បានបញ្ជាឱ្យពង្រឹងយោធាក្នុងសមុទ្រចិនខាងត្បូងបន្ថែមទៀត​ ក្រោយពីការពង្រីកខ្លួនយ៉ាងឆាប់រហ័សរបស់យោធាចិន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។

តំបន់ដែលត្រូវបានប្រកាសដោយប្រទេសទាំងពីរ គឺស្ថិតក្នុងចំណោមប្រធានបទដែលបានពិភាក្សា ខណៈដែលប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក Joko Widodo បានស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី​វៀតណាម​លោក Nguyen Xuan Phuc សម្រាប់កិច្ចប្រជុំកំពូល​នៅវិមានប្រធានាធិបតី Bogor នៅទីក្រុង West Java។

លោក Widodo បាននិយាយ​បន្ទាប់​ពី​កិច្ចប្រជុំថា «បន្ទាប់ពីបានអនុវត្តការចរចា​ដ៏តឹងរ៉ឹង​អស់រយៈពេល ១២ ឆ្នាំមក ទីបំផុតឥណ្ឌូនេស៊ី និងវៀតណាមអាចបញ្ចប់ការចរចា​ទាក់ទង​នឹងខ្សែ​បន្ទាត់ព្រំដែន​នៃតំបន់សេដ្ឋកិច្ចដាច់មុខនៃប្រ​ទេសទាំងពីរបានហើយ»។

កាលពីពេលកន្លងទៅ ប្រទេសឥណ្ឌូនេស៊ី និងវៀតណាមបានទាមទារព្រំដែន​នៃតំបន់សេដ្ឋកិច្ចដាច់មុខដែលត្រួតស៊ីគ្នានៅសមុទ្រចិនខាងត្បូង ហើយបានបង្កឱ្យមានភាពតានតឹងផ្នែកនយោបាយសម្រាប់ប្រទេសទាំងពីរ។​ ក្នុងនោះ កងកម្លាំងឆ្មាំសមុទ្រ​របស់ប្រទេសឥណ្ឌូនេស៊ីក៏បានធ្វើការបង្ក្រាបលើនាវានេសាទវៀតណាម ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់ដែលត្រូវបានទាមទារដោយទីក្រុងហ្សាកាតាជុំវិញកោះ Natunaផងដែរ ។

យ៉ាងណាមិញ ក្រៅតែពីការទាស់ទែងគ្នារវាងគ្នា ប្រទេសវៀតណាម និងឥណ្ឌូនេស៊ីក៏មានការតឹងសសៃកររួមគ្នាប្រឆាំង​នឹងសកម្មយោធាចិនផងដែរ ដែលទីក្រុងប៉េកាំងបាននិងកំពុងសាងសង់មូលដ្ឋានយោធានៅលើកោះជាច្រើនក្នុងសមុទ្រចិនខាងត្បូង។

មួយវិញទៀត ខណៈពេលដែលប្រទេស​វៀតណាមកំពុងផុងខ្លួនក្នុងជម្លោះជាមួយចិននោះ ឥណ្ឌូនេស៊ីមានការមិនត្រូវរូវគ្នាជាមួយទីក្រុងប៉េកាំងជុំវិញធនធានធម្មជាតិ​ជុំវិញកោះ Natuna។ ស្ថិតក្នុង​ស្ថានការណ៍នេះ លោក Widodo និងលោក Phuc ក៏បានព្រមព្រៀងគ្នាក្នុងអំឡុងកិច្ចប្រជុំកំពូលនោះ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅថែមទៀត។

ជុំវិញបញ្ហានៅក្នុង​សមុទ្រចិនខាងត្បូងនេះដែរ ក្រសួងការពារជាតិហ្វីលីពីនកាលពីថ្ងៃទី ២២ខែធ្នូ បានបញ្ជាឱ្យយោធាពង្រឹងវត្តមាន​របស់ខ្លួននៅក្នុងដែនសមុទ្រនេះ បន្ទាប់ពីបានត្រួតពិនិត្យឃើញមានការកើនឡើងនៃ «សកម្មភាពរបស់ចិន» នៅក្នុងដែនទឹកដែលមានជម្លោះនៅជិតកោះយុទ្ធសាស្ត្រដែលគ្រប់គ្រងដោយហ្វីលីពីននាពេលថ្មីៗនេះ។

ក្រសួងការពារជាតិហ្វីលីពីន​បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រាល់ការទន្ទ្រានយកតំបន់សេដ្ឋកិច្ចផ្តាច់មុខ​ចម្ងាយ ៣២១ គីឡូម៉ែត្ររបស់ហ្វីលីពីន «គឺជាការគំរាមកំហែងដល់សន្តិសុខនៃកោះ Pagasa ដែលជាផ្នែកមួយនៃ​ទឹកដីអធិបតេយ្យភាពហ្វីលីពីន»។ សេចក្តីថ្លែងការណ៍​បានបន្ថែមថា​ «យើងជំរុញយ៉ាងមុតមាំឲ្យប្រទេសចិន​រក្សានូវសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ និងជៀសវាងពីសកម្មភាពដែលនឹងធ្វើឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរ»។

មែនទែនទៅ ប្រទេសចិន​បានទាមទារ​ និងគ្រប់គ្រងដោយឯកតោភាគីក្នុងទំហំស្ទើរតែទាំងស្រុងនៃ​សមុទ្រ​ចិន​ខាងត្បូង ដែល​វាជាផ្លូទឹកដ៏សំខាន់សម្រាប់ដឹក​ទំនិញ​រាប់​ពាន់​លាន​ដុល្លារ​ឆ្លងកាត់​ក្នុង​មួយឆ្នាំៗ។ ហើយក្នុងនោះ ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាម​ក៏មានការទាមទារត្រួតស៊ីគ្នាចំពោះកោះ និងលក្ខណៈពិសេសផ្សេងៗក្នុងដែនទឹកនេះជាមួយប្រទេសចិនផងដែរ៕




អត្ថបទបន្ទាប់


WTO ថាអាមេរិកបានបំពានច្បាប់ពាណិជ្ជកម្មអន្តរជាតិ ជុំវិញការដាក់ផលិតផលពីហុងកុង នៅក្រោមឈ្មោះផលិតនៅចិន

ព័ត៌មាន
អង្គការពាណិជ្ជកម្មពិភពលោកកាលពីថ្ងៃពុធសប្តាហ៍នេះបានអះអាងថា សហរដ្ឋអាមេរិកធ្វើខុសច្បាប់ពាណិជ្ជកម្មអន្តរជាតិ ចំពោះការទាមទារឱ្យកំណត់សម្គាល់លើទ…

លោក ពូទីនថា ទីក្រុងម៉ូស្គូចង់បញ្ចប់សង្រ្គាមនៅអ៊ុយក្រែនណាស់ ប៉ុន្ដែអាមេរិកបោះពាក្យថា រុស្ស៊ីគ្មានឆន្ទៈធ្វើវាទេ

ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ថា ប្រទេសរុស្ស៊ីចង់បញ្ចប់សង្គ្រាមជាមួយអ៊ុយក្រែនណាស់ ហើយជម្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ