ការទាមទារទាំង៥ចំណុចរបស់សហរដ្ឋអាម៉េរិកគ្របដណ្តប់លើវិស័យកសិកម្ម សិទ្ធិការងារ កម្មសិទ្ធិបញ្ញា ពាណិជ្ជកម្មឌីជីថល និងការវិនិយោគបរទេសក្នុងវិស័យទូរគមនាគមន៍។ ក្នុងនោះអាម៉េរិកទាមទារឱ្យថៃត្រូវបើកចំហទីផ្សារកសិកម្មទទួលយកកសិផលអាម៉េរិកកាន់តែទូលំទូលាយ ដោយឱ្យថៃបន្ធូរបន្ថយការរឹតបន្តឹងលើការនាំចូលផលិតផលកសិកម្មដូចជាសាច់ជ្រូក សាច់គោ និងសាច់បសុបក្សី ជាពិសេសទាមទារឱ្យថៃទទួលយកសាច់ជ្រូកដែលប្រើសារធាតុជំរុញការលូតលាស់រ៉ាក់តូប៉ាមីនផងដែរ។ ប៉ុន្តែថៃឆ្លើយតបថា ស្តង់ដាសុវត្ថិភាពចំណីអាហារមិនអាចបន្ធូរបន្ថយបានឡើយ។
យ៉ងណាមិញអាម៉េរិក ក៏បានទាមទារឱ្យថៃពង្រឹងច្បាប់ការពារកម្មករ និងចាត់វិធានការតឹងរ៉ឹងប្រឆាំងទំនិញដែលផលិតដោយប្រើកម្លាំងពលកម្មដោយបង្ខំ ឬពលកម្មកុមារ និងចាត់វិធានការកាន់តែខ្លាំងប្រឆាំងការក្លែងបន្លំផលិតផល ការលួចចម្លងស្នាដៃតាមអ៊ីនធឺណិត និងពន្លឿនការដោះស្រាយពាក្យស្នើសុំបណ្ណប៉ាតង់ដែលកកស្ទះ។
លក្ខខណ្ឌដ៏គួរឱ្យចាប់អារម្មណ៍ទៀតនោះ គឺទីក្រុងវ៉ាស៊ីនតោនទាមទារឱ្យថៃកុំដាក់ពន្ធឌីជីថលលើក្រុមហ៊ុនបច្ចេកវិទ្យាអាម៉េរិក អនុញ្ញាតឱ្យផ្ទេរទិន្នន័យឆ្លងដែន និងលុបចោលការរឹតត្បិតមួយចំនួនលើការទូទាត់តាមប្រព័ន្ធឌីជីថល។ លើសពីនេះអាម៉េរិកចង់ឱ្យថៃកាត់បន្ថយការរឹតត្បិតលើកម្មសិទ្ធិបរទេសដែលអាចអនុញ្ញាតឱ្យក្រុមហ៊ុនអាម៉េរិកកាន់កាប់ភាគហ៊ុនរហូតដល់១០០% ក្នុងវិស័យមួយចំនួន ខណៈច្បាប់ថៃបច្ចុប្បន្នកំណត់ត្រឹម៤៩%។
ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃលោកស្រី ស៊ូផាជី ស៊ុធុមភុន (Suphajee Suthumpun) បានបញ្ជាក់ថា ថៃនឹងមិនបោះបង់គោលការណ៍សំខាន់ៗរបស់ខ្លួនឡើយពាក់ព័ន្ធសុវត្ថិភាពចំណីអាហារ សន្តិសុខជាតិ និងការវិនិយោគ។
ទោះបីជាការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៅថ្ងៃទី១៧ ខែវិច្ឆិកា ជាការបោះជំហានទៅមុខក៏ដោយ ក៏កិច្ចព្រមព្រៀងពាណិជ្ជកម្មពេញលេញនៅមិនទាន់សម្រេចនៅឡើយទេ ដោយត្រូវបន្តចរចា និងឆ្លងកាត់នីតិវិធីអនុម័តតាមច្បាប់របស់ប្រទេសទាំងពីរជាមុនសិន៕
ដោយ: តែម សុខុម