វិស័យសេដ្ឋកិច្ច

IMF បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា មកនៅត្រឹម៣% នៅឆ្នាំនេះ តើអ្វីជាបញ្ហាប្រឈមធំៗ ហើយកម្ពុជា ត្រូវបន្ដដោះស្រាយបែបណា?


សេដ្ឋកិច្ចកម្ពុជា កំពុងប្រឈមសម្ពាធកាន់តែច្រើន ខណៈមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករថា កំណើន​សេដ្ឋកិច្ចក្នុងឆ្នាំ២០២៦ អាចធ្លាក់ចុះមក​នៅ​ត្រឹម៣%។ ថ្លៃថាមពលកើនឡើង ទេសចរណ៍ និងប្រាក់ផ្ញើពីក្រៅប្រទេសធ្លាក់ចុះ ការនាំចេញសម្លៀកបំពាក់ថយចុះល្បឿន តម្រូវការក្នុងស្រុកខ្សោយ និងលក្ខខណ្ឌហិរញ្ញវត្ថុកាន់តែតឹងតែង កំពុងបង្កើនសម្ពាធលើសេដ្ឋកិច្ចកម្ពុជា។ តើ​កម្ពុជាត្រូវធ្វើអ្វីខ្លះដើម្បីពង្រឹងភាពធន់របស់សេដ្ឋកិច្ច?
វិស័យសេដ្ឋកិច្ច
ដោយ

នៅក្នុងការពិនិត្យស្ថានភាពសេដ្ឋកិច្ចកម្ពុជា មូលនិធិរូបិយវត្ថុអន្តរជាតិ បានលើកឡើងពីបញ្ហាប្រឈមសំខាន់ៗជាច្រើន ដែលកំពុងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច។ បញ្ហាប្រឈមទាំងនោះ រួមមាន ភាពទន់ខ្សោយបន្តកើតមានក្នុងវិស័យអចលនទ្រព្យ ភាពងាយរងគ្រោះកើនឡើងក្នុងវិស័យហិរញ្ញវត្ថុ ការធ្លាក់ចុះនៃវិស័យទេសចរណ៍ និងប្រាក់ផ្ញើពីក្រៅប្រទេស កំណើនការនាំចេញសម្លៀកបំពាក់
ថយចុះល្បឿន និងតម្រូវការក្នុងស្រុកដែលនៅតែទន់ខ្សោយ។
IMF បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើនទាបត្រឹមប្រមាណ៣% ក្នុងឆ្នាំ២០២៦ មុនពេលងើបឡើងវិញដល់៤% ក្នុងឆ្នាំ២០២៧។ ជាមួយគ្នានេះ អតិផរណាត្រូវបានព្យាករថា នឹងមានជាមធ្យម៥,៦% ក្នុងឆ្នាំ២០២៦ ដោយសារការកើនឡើងនៃថ្លៃថាមពល និងការកើនឡើងនៃតម្លៃទំនិញកាន់តែទូលំទូលាយ។ ឱនភាពគណនីចរន្ត ក៏ត្រូវបានរំពឹងថា នឹងរីកធំខ្លាំងផងដែរ។ ទោះជាយ៉ាងណា ការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅតែមានភាពរឹងមាំ ហើយទុនបម្រុងអន្តរជាតិគ្រប់គ្រាន់ ត្រូវបានIMF ចាត់ទុកថា ជាទ្រនាប់ដ៏សំខាន់សម្រាប់ការពារសេដ្ឋកិច្ច។ ចំពោះវិធានការឆ្លើយតប មូលនិធិ IMF ណែនាំឱ្យមានការគាំទ្រ ដែលផ្តោតចំគោលដៅទៅលើគ្រួសារងាយរងគ្រោះ និងអាជីវកម្មដែលរងផលប៉ះពាល់ និងត្រូវរក្សាវិន័យសារពើពន្ធ និងពង្រឹងការប្រមូលចំណូលក្នុងស្រុក។
ទន្ទឹមនេះវិស័យហិរញ្ញវត្ថុរបស់កម្ពុជា ក៏ត្រូវបានចាត់ទុកថា ជាអាទិភាពសំខាន់ផងដែរ។ ទន្ទឹមនឹងនេះមូលនិធិ IMF ជំរុញឱ្យមានការដោះស្រាយឥណទានមិនដំណើរការឱ្យបានឆាប់រហ័ស ពង្រឹងការត្រួត
ពិនិត្យធនាគារ និងដោះស្រាយហានិភ័យដែលពាក់ព័ន្ធវិស័យអចលនទ្រព្យ និងតារាងតុល្យការរបស់ធនាគារ ដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុ។
នៅក្នុងរយៈពេលវែងមូលនិធិ IMF បានអំពាវនាវឱ្យកម្ពុជាពង្រឹងការធ្វើពិពិធកម្មការនាំចេញ ទាក់ទាញការវិនិយោគ ដែលមានគុណភាពខ្ពស់ ពង្រឹងជំនាញកម្លាំងពលកម្ម កែលម្អបរិយាកាសធុរកិច្ច អភិបាលកិច្ច និងនីតិរដ្ឋ ព្រមទាំងពង្រឹងសន្តិសុខថាមពល និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។
ទោះជាយ៉ាងណា មូលនិធិ IMF បានបញ្ជាក់ថា កម្ពុជា នៅតែមានភាពធន់ចំពោះវិបត្តិជាបន្តបន្ទាប់ ប៉ុន្តែការអនុវត្តកំណែទម្រង់ជាបន្តបន្ទាប់នឹងមានសារៈសំខាន់ណាស់ដើម្បីពង្រឹងភាពធន់ និងគាំទ្រកំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជា៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ទីក្រុងប៉េកាំង ព្រមានសងសឹក ប្រសិនបើអឺរ៉ុប ហ៊ានរឹតត្បិតអាជីវកម្ម ឬទំនិញ​ចិន

សង្គ្រាមពាណិជ្ជកម្មថ្មីមួយអាចនឹងផ្ទុះឡើងរវាងចិន និងអឺរ៉ុប ក្រោយទីក្រុងប៉េកាំង ព្រមានថា ប្រសិនបើសហភាពអឺរ៉ុប ហ៊ាន​​ចាត់​វិធានការរឹតត្បិតល…

ចិន បង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនទ័ពអាកាសថ្មីមួយនៅឡាវ លើទីតាំងចាស់របស់អាម៉េរិក

នៅក្នុងយុទ្ធសាស្ត្រពង្រីកសាច់ដុំយោធា ដើម្បីគ្របដណ្តប់ឥទ្ធិពលការពារជាតិ នៅទូទាំងពិភពលោក ចិន បានឈានមួយជំហានទៀតហើយ តាមរយៈការបើកសម្ពោធមជ្ឈម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ