
ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសដោយចំហកាលពីថ្ងៃទី២៥ ខែកុម្ភៈ ថា លោកនឹងដាក់ចេញគោលនយោបាយផ្តល់ទិដ្ឋាការមាសសម្រាប់ជនបរទេស ដែលចង់ទៅរស់នៅលើទឹកដីសហរដ្ឋអាម៉េរិក ដោយស្របច្បាប់ តែទាមទារឱ្យជនបរទេសនោះ មានថវិកាចាប់ពី៥លានដុល្លារឡើងទៅ។ គម្រោងដាក់ចេញគោលនយោបាយទិដ្ឋាការថ្មីនេះ គឺដើម្បីជំនួសគោលនយោបាយទិដ្ឋាការសម្រាប់អ្នកវិនិយោគ ដែលបានអនុវត្តអស់រយៈពេលជាង៣៥ឆ្នាំកន្លងមកនេះ ដោយកាលនោះសហរដ្ឋអាម៉េរិក តម្រូវឱ្យមានថវិកាត្រឹមតែ១លានដុល្លារប៉ុណ្ណោះ។
ការដាក់ចេញគោលនយោបាយនេះ ធ្វើឡើងស្របលោក ដូណាល់ ត្រាំ កំពុងខិតខំបោសសម្អាត និងទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់ពីប្រទេសនានា ជាពិសេសប្រទេសជិតខាងតែម្តង។ លោក ត្រាំ បានអះអាងចេញពីការិយាល័យប្រធានាធិបតីថា គោលនយោបាយនេះ គឺជាផ្នែកមួយដើម្បីជួយឱ្យពលរដ្ឋអាម៉េរិក ក្លាយជាអ្នកមាន ដ្បិតថា កាលណាមានអ្នកមានលុយកាន់តែច្រើន នោះពួកគេក៏ត្រូវបង់ពន្ធកាន់តែច្រើនទៅតាមនឹងដែរ ដែលវាជាផ្នែកមួយក្នុងការជួយបង្កើតការងារដល់ពលរដ្ឋអាម៉េរិក។
ពាក់ព័ន្ធនឹងគោលនយោបាយថ្មីនេះដែរ លោក ហាវើត លុតនិច (Howard Lutnick) រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាម៉េរិក លើកឡើងថា ទិដ្ឋាការមាស ដែលលោក ត្រាំ បានផ្តួចផ្តើមនេះនឹងដាក់ជំនួសទិដ្ឋាការ EB-5 ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនេះ ក្រោយទិដ្ឋាការនេះ បានអនុវត្តតាំងតែពីឆ្នាំ១៩៩០។ បើតាមការអះអាងរបស់រដ្ឋមន្ត្រីរូបនេះ តាមរយៈគោលនយោបាយទិដ្ឋាការចាស់អាជ្ញាធរអាម៉េរិក តម្រូវឲ្យជនបរទេសមានប្រាក់១លានដុល្លារ ហើយយកប្រាក់ទាំងនោះទៅបង្កើតការងារឱ្យបាន១០កន្លែងនោះពួកគេនឹងទទួលទិដ្ឋាការស្នាក់នៅសហរដ្ឋអាម៉េរិក ដោយស្របច្បាប់ ប៉ុន្តែទិដ្ឋាការមាសតម្រូវឱ្យជនបរទេសមានលុយ៥លានដុល្លារឡើងទៅ។
តាមការប៉ាន់ប្រមាណ ដើម្បីរកចំណូលចូលរដ្ឋាភិបាល លោក ត្រាំ មានគម្រោងនឹងចេញកាតមាសនេះប្រមាណជា១០លានកាត។ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ អ្នកដែលបានក្លាយជាពលរដ្ឋអាម៉េរិក ក្រោមទិដ្ឋាការ EB-5 មានប្រមាណ៨ពាន់នាក់៕
ដោយៈ សរ សុជាតិ