អង្គការពលកម្មអន្តរជាតិ ILO ដែលជាទីភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិ បានព្យាករថា អត្រាគ្មានការងារធ្វើនឹងកើនឡើងដល់៥,២% នៅក្នុងឆ្នាំ២០២៤ នេះ ដោយសារតែការកើនឡើងនៃអត្រាគ្មានការងារធ្វើនៅក្នុងបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន។
ប៉ុន្តែនៅពេលនេះ ILO បានបន្ទាបការព្យាករថា អត្រាគ្មានការងារធ្វើទូទាំងពិភពលោកនឹងធ្លាក់ចុះបន្តិចមកនៅត្រឹម៤,៩% ក្នុងឆ្នាំនេះ ដែលភាគច្រើនដោយសារតែមើលឃើញពីអត្រាគ្មានការងារធ្វើទាបជាងការរំពឹងទុកនៅក្នុងប្រទេសចិន ឥណ្ឌា និងបណ្ដាប្រទេសមានប្រាក់ចំណូលខ្ពស់មួយចំនួន។
អង្គការពលកម្មអន្តរជាតិ ILO បានព្យាករទៀតថា អត្រាគ្មានការងារធ្វើនឹងនៅតែស្ថិតក្នុងរង្វង់៤,៩%ដដែលក្នុងឆ្នាំ២០២៥ ខាងមុខ។ ទន្ទឹមនឹងនេះ កំណើនសេដ្ឋកិច្ចពិភពលោកមានភាពរឹងមាំជាងការរំពឹងទុកបន្តិចនៅប៉ុន្មានខែដើមឆ្នាំ២០២៤ ជាពិសេសនៅក្នុងសហរដ្ឋអាម៉េរិក ខណៈដែលអតិផរណាបាននិងកំពុងធ្លាក់ចុះជាសន្សឹមៗ។
ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្យាករថា កាលពីខែមករា សេដ្ឋកិច្ចពិភពលោកនឹងសម្រេចបានកំណើនក្នុងរង្វង់៣,១% នៅក្នុងឆ្នាំ២០២៤ នេះ ប៉ុន្តែកាលពីខែមេសា កន្លងទៅថ្មីៗនេះ ស្ថាប័នមួយនេះបានដំឡើងការព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងសម្រេចបានកំណើន៣,២% ដោយសារភាគច្រើនមើលឃើញថា ស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក មានភាពល្អប្រសើរឡើងវិញ៕
ដោយ: តែម សុខុម