លោក ភីតទ័រ ដេប្រាញ (Peter Debrine) ប្រធានកម្មវិធីទេសចរណ៍ប្រកបដោយនិរន្តរភាព នៃអង្គការ UNESCO បានថ្លែងក្នុងកម្មវីធីព័ត៌មានធុរកិច្ចមួយរបស់ស្ថានីយទូរទស្សន៍ CNBC Asia ថា បាតុកម្មតវ៉ានៅក្នុងប្រទេសអេស្បាញ នឹងរីករាលដាល ប្រសិនបើក្រុមមន្ត្រីនៅតំបន់អឺរ៉ុប មិនដោះស្រាយផលប៉ះពាល់ជុំវិញការជោរជន់ភ្ញៀវទេសចរខ្លាំងពេកធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់អ្នកស្រុកឱ្យចេញជាលទ្ធផលផ្លែផ្កាទេនោះ។
លោកបានបន្ថែមថា ទេសចរណ៍ជោរជន់ខ្លាំងពេកកំពុងប្រែក្លាយទៅជាស្ថានភាពដ៏អស្ថិរភាព ហើយវាពិតជាសំខាន់ណាស់ដែលអង្គការសង្គមស៊ីវិលត្រូវជំរុញឱ្យមានការផ្លាស់ប្ដូរ ព្រោះក្រុមមន្ត្រីជាប់ឆ្នោតត្រូវធ្វើការឆ្លើយតបនឹងអ្វីដែលអ្នកស្រុកចង់បាន។ សម្រាប់មន្ត្រីជាន់ខ្ពស់រូបនេះ ផលប្រយោជន៍របស់អ្នកស្រុក និងផលប្រយោជន៍របស់ភ្ញៀវទេសចរចាំបាច់ត្រូវធ្វើឱ្យមានតុល្យភាពឡើងវិញ។
លោកបានបន្ថែមថា ទីក្រុងមួយដែលសម្បូរដោយភ្ញៀវទេសចរច្រើនពេកអាចផ្តោតលើគុណភាពជាជាងបរិមាណ តាមរយៈការផ្ដោតអាទិភាពលើការទាក់ទាញចម្រាញ់យកតែភ្ញៀវទេសចរអ្នកមានជាជាងភ្ញៀវទេសចរទូទៅ៕
ដោយ: តែម សុខុម