ឧស្សាហកម្មរោងចក្រ

បាតុកម្មរបស់កម្មកររោងចក្រមួយចំនួននៅបង់ក្លាដែសនៅតែបន្ដ ទោះមានការដំឡើងប្រាក់ឈ្នួល ជាង៥៦%


កម្មករនៅតាមរោងចក្រមួយចំនួននៅក្នុងប្រទេសបង់ក្លាដែស នៅតែមិនទាន់សុខចិត្ត និងបន្ដចេញធ្វើបាតុកម្ម ដើម្បីទាមទារឱ្យរដ្ឋាភិបាលធ្វើការដំឡើងប្រាក់ឈ្នួលអប្បបរមាបន្ថែមទៀត បើទោះជា រដ្ឋាភិបាលថ្មីៗនេះបានសម្រេចថា នឹងដំឡើងប្រាក់ឈ្នួលដល់កម្មករកាត់ដេរបន្ថែមជាង ៥៦% ហើយយ៉ាងណាក្ដី។ ការធ្វើបាតុកម្មនេះ ក៏បានប៉ះទង្គិចគ្នាជាមួយអាជ្ញាធរ នាំឲ្យមានចំនួនអ្នកស្លាប់កើនឡើងដល់៤នាក់ហើយ គិតមកទល់ថ្ងៃទី ១៣ ខែវិច្ឆិកានេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ឧស្សាហកម្មរោងចក្រ
ដោយ

យ៉ាងហោចណាស់ មានកម្មកររោងចក្រកាត់ដេររាប់រយនាក់នៅតែបន្ដចេញធ្វើបាតុកម្មតវ៉ានឹងការដំឡើងប្រាក់ឈ្នួល កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ដោយពួកគេអះអាងថា ការដំឡើងប្រាក់ឈ្នួលដល់ប្រមាណ ១១៤ដុល្លារ​ ដែលរដ្ឋាភិបាលផ្ដល់ជូននេះ គឺនៅតែមានតិចតួច បើធៀបនឹងតួលេខដែលពួកគេទាមទារ ២០៨ ដុល្លារ​ក្នុងមួយខែ។

ប្រទេសបង់ក្លាដែស បានរំជើបរំជួលដោយភាពចលាចលការងារដ៏អាក្រក់បំផុតក្នុងរយៈពេលមួយទសវត្សរ៍មកនេះ ដោយកម្មកររាប់ម៉ឺននាក់បានប៉ះទង្គិចជាមួយប៉ូលិសក្នុងការតវ៉ាទាមទារឱ្យដំឡើងប្រាក់ឈ្នួលអប្បបរមាខ្ពស់ជាងមុនដល់ទៅជិត៣ដង គឺឡើងដល់ចំនួន ២០៨ដុល្លារក្នុងមួយខែ ខណៈដែលរោងចក្រជាច្រើនបានរងការបំផ្លិចបំផ្លាញ។ ការចេញមកតវ៉ានេះ ក៏បានបង្កឲ្យមានការប៉ះទង្គិចគ្នាជាមួយរវាងក្រុមកម្មករនិងអាជ្ញាធរ ដោយបានបង្កឲ្យមានអ្នកស្លាប់កើនដល់៤នាក់ផងដែរ។

រោងចក្រកាត់ដេរចំនួនជាង៣ពាន់កន្លែងនៅប្រទេសបង់ក្លាដែស មានចំណែកប្រហែល៨៥%នៃការនាំចេញប្រចាំឆ្នាំចំនួន ៥៥ពាន់លានដុល្លារ​របស់ប្រទេសនេះ ដោយបានផ្គត់ផ្គង់ម៉ាកយីហោល្បីៗមួយចំនួននៅក្នុងពិភពលោករួមមានម៉ាក Levi's ម៉ាក Zara និងម៉ាក H&Mជាដើម។

ប៉ុន្តែលក្ខខណ្ឌមួយចំនួនមានភាពលំបាកសម្រាប់កម្មករ ៤លាននាក់នៅក្នុងវិស័យនេះ ដែលភាគច្រើនជាស្ត្រី ដោយទទួលបានប្រាក់បៀវត្សរ៍ប្រចាំខែត្រឹមតែ ៧៥ដុល្លារប៉ុណ្ណោះ គិតនៅមុនពេលមានការប្រកាសពីការដំឡើងប្រាក់ឈ្នួលថ្មីចុងក្រោយនេះ។

គណៈកម្មាការដែលចាត់តាំងដោយរដ្ឋាភិបាល កាលពីថ្ងៃទី៧ខែវិច្ឆិកា បានដំឡើងប្រាក់ឈ្នួលបន្ថែមជាង ៥៦%សម្រាប់កម្មករកាត់ដេរ ពោលគឺ កើនពី ៧៥ដុល្លារ មកដល់ប្រមាណ ១១៤ដុល្លារក្នុងមួយខែ ប៉ុន្តែកម្មករកាត់ដេរមួយចំនួននៅតែច្រានចោលការដំឡើងប្រាក់ឈ្នួលនេះ។ ចាប់តាំងពីការដំឡើងប្រាក់ឈ្នួលនេះមក កម្មករបានបង្កើនការតវ៉ារបស់ពួកគេ និងមានរោងចក្រយ៉ាងតិច៧០កន្លែងត្រូវបានកម្មករចូលអុកឡុកកកូកកាយ។

នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី ឆេក ហាស៊ី បានច្រានចោលការទាមទារដំឡើងប្រាក់ឈ្នួលបន្ថែមទៀត ហើយបានព្រមានថា ការតវ៉ាដោយហិង្សាអាចធ្វើឱ្យបាត់បង់ការងារ ប៉ុន្តែសហជីពនៅតែបន្តធ្វើកូដកម្មដដែល។

ប៉ូលិសបានប្រាប់ AFP ថា រោងចក្រចំនួន១៥០កន្លែងបានបិទនៅក្នុងទីក្រុងឧស្សាហកម្មធំៗស្ថិតនៅភាគខាងជើងនៃទីក្រុងដាកា ខណៈដែលក្រុមហ៊ុនផលិតកម្មបារម្ភថា នឹងមានកូដកម្មបន្ថែមទៀត។

អ្នកនាំពាក្យប៉ូលិសក្រុងដាកាលោក អ៊ីប្រាហ៊ីម កាន់ (Ibrahim Khan) បានប្រាប់ AFP ថា មនុស្សយ៉ាងតិច ១២២នាក់រួមទាំងអ្នករៀបចំការតវ៉ាជាច្រើនទៀតត្រូវបានចាប់ខ្លួន ចាប់តាំងពីការតវ៉ា បានចាប់ផ្តើមផ្ទុះឡើងមកទល់ពេលនេះ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការជីកយករ៉ែខ្សាច់ កំពុងបង្កក្ដីបារម្ភលើការគំរាមកំហែងបរិស្ថាននៅប្រទេសវៀតណាម

ព័ត៌មាន
នាយករដ្ឋមន្ត្រីវៀតណាមថ្មីៗនេះ បានបញ្ជាឲ្យក្រសួងចំនួន៥ និងអាជ្ញាធរតំបន់មួយចំនួន ត្រូវពិនិត្យឡើងវិញពាក់ព័ន្ធនឹងការទាញយករ៉ែសម្រាប់ការងារសំណ…

កងកម្លាំងប៉ូលីសចិន នឹងចូលរួមចុះល្បាតក្នុងប្រទេសថៃ ដើម្បីបង្កើនទំនុកចិត្តភ្ញៀវជូនអ្នកទេសចរចិន

ព័ត៌មាន
ក្នុងគោលបំណងជំរុញទំនុកចិត្តដល់ភ្ញៀវទេសចរជនជាតិចិនឲ្យចូលមកកម្សាន្ដក្នុងប្រទេសខ្លួនឡើងវិញ អាជ្ញាធរប្រទេសថៃ បានសម្រេចបើកទ្វារទទួលមន្ត្រីប៉ូលីស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ