លោក គ្រីស្តូហ្វ័រ វាល័រ ( Christopher Waller) សមាជិកនៃក្រុមប្រឹក្សាភិបាលធនាគារកណ្តាលសហរដ្ឋអាម៉េរិក បានលើកឡើងថា លទ្ធភាពនៃការទម្លាក់អត្រាការប្រាក់នៅដើមនិទាឃរដូវអាចកើតមានប្រសិនបើអត្រាអតិផរណាបន្តធ្លាក់ចុះ។ តែយ៉ាងណាអ្នកជំនាញរូបនេះបានព្រមានថា បច្ចុប្បន្នអត្រាអតិផរណានៅសហរដ្ឋអាមេរិកបន្តស្ថិតក្នុងកម្រិតមួយខ្ពស់នៅឡើយ បើទោះបីវាបានថយចុះបន្តិចនៅមួយ រយៈចុងក្រោយក៏ដោយ។ ស្ថិតក្នុងស្ថានភាពបែបនេះ ស្របពេលសេដ្ឋកិច្ចពិភពលោកពុំទាន់មានភាពច្បាស់លាស់ផងនោះ វាអាចធ្វើឱ្យស្ថានភាពនៃការធ្លាក់ចុះអតិផរណានៅសហរដ្ឋអាមេរិកមានស្ថិរភាពមិនច្បាស់លាស់។
អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា អត្រាអតិផរណានៅសហរដ្ឋអាមេរិកហាក់ចាប់ផ្តើមមានស្ថានភាពល្អប្រសើរ តាំងពីធនាគារកណ្តាល បានសម្រេចដំឡើងអត្រាការប្រាក់កាលពីអំឡុងខែមីនា ឆ្នាំ២០២២។ លោក វាល័រ ត្រូវបានគេស្គាល់ថា គឺជាអ្នកដែលមានទស្សនតឹងតែងបន្តិចលើការទម្លាក់អត្រាការប្រាក់ ដោយសារតែលោកយល់ថា យន្តការដំឡើងអត្រាការប្រាក់ដែលបានដាក់ចេញ គឺជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់អតិផរណា។
លោកបានបញ្ជាក់ថា ប្រសិនបើអត្រាអតិផរណានៅតែបន្តធ្លាក់ចុះបន្តបន្ទាប់ទៀតនៅក្នុងរយៈពេល៣ទៅ៤ខែទៀត នោះទំនុកចិត្តនៃការកាត់បន្ថយអត្រាការប្រាក់នឹងមាន។ ផ្ទុយទៅវិញ ប្រសិនបើអត្រាអតិផរណាមិនធ្លាក់ចុះប្រកបដោយទំនុកចិត្តត្រឹមត្រូវទេ វានឹងជារឿងដ៏រសើបនៅក្នុងការសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់។
អត្រាការប្រាក់នៅអាម៉េរិកនៅពេលនេះ គឺបានឡើងដល់៥,៤ភាគរយ ដែលជាកម្រិតអត្រាការប្រាក់ខ្ពស់បំផុតនៅក្នុងរយៈពេល២២ឆ្នាំមកនេះ ហើយការសម្រេចដំឡើងអត្រាការប្រាក់បែបនេះ គឺធ្វើឡើក្នុងគោលដៅទាញទម្លាក់អត្រាអតិផរណានៅអាមេឮ៉េរិកឱ្យឈានដល់អត្រា ដែលអាចគ្រប់គ្រងបានក្នុងរង្វង់២ភាគរយ។
តាមរយៈគោលនយោបាយដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាល លោក វាល័រ មានទំនុកចិត្តថា វានឹងធ្វើឱ្យស្ថានភាពអតិផរណានៅអាម៉េរិកអាចវិវត្តន៍ទៅរកអត្រា២ភាគរយនាពេលខាងមុខ។
ពាក់ព័ន្ធនឹងគោលនយោបាយកាត់បន្ថយអត្រាការប្រាក់នៅនិទាឃរដូវខាងមុខនេះ អ្នកជំនាញការសេដ្ឋកិច្ចអាម៉េរិកគ្រោងនឹងប្រជុំសម្រេចនៅក្នុងរង្វង់ថ្ងៃទី១២ ដល់១៣ ខែធ្នូ ខាងមុខនេះ។
គួរបញ្ជាក់ថា អត្រាអតិផរណានៅអាម៉េរិក បានឡើងដល់កម្រិតខ្ពស់បំផុត៩,១ភាគរយកាលពីខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែបានចុះមកវិញត្រឹម៣,២%នៅអំឡុងខែតុលាឆ្នាំនេះ៕
ដោយៈ សរ សុជាតិ