សារព័ត៌មាន Vietnam News បានរាយការណ៍ថា ក្រោយភាពតានតឹងនៅសមុទ្រក្រហមកើនឡើងកម្ដៅ បណ្តាក្រុមហ៊ុននាំចេញវៀតណាម កំពុងតែព្រួយបារម្ភអំពីការឡើងថ្លៃដឹកជញ្ជូន ពីព្រោះសមុទ្រក្រហម គឺជាច្រកដឹកជញ្ជូនផ្លូវកាត់ ដែលលឿនបំផុតពីតំបន់អាស៊ី ទៅកាន់អឺរ៉ុប។
លោក ជុង ឌិញ ហូ (Truong Đình Hoè) អគ្គលេខាធិការសមាគមអ្នកនាំចេញ និងផលិតអាហារគ្រឿងសមុទ្រវៀតណាម (VASEP) បាននិយាយថា បញ្ហានៅសមុទ្រក្រហម កំពុងតែបន្ថែមបន្ទុកលើអ្នកនាំចេញ ដែលបានទទួលរងផលប៉ះពាល់ពីការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២៣ រួចទៅហើយនោះ។
លោក ហូ បានអះអាងថា ថ្លៃដឹកជញ្ជូនទៅកាន់ឆ្នេរសមុទ្រភាគខាងលិចនៃសហរដ្ឋអាម៉េរិក បានកើនឡើងចន្លោះពីប្រមាណ៥៥%ទៅ៦០% រីឯការដឹកជញ្ជូនទៅកាន់ឆ្នេរសមុទ្រភាគខាងកើតនៃសហរដ្ឋអាម៉េរិក បានកើនឡើងចន្លោះពី៥៨%ទៅ៧៣%។ ទន្ទឹមនេះថ្លៃដឹកជញ្ជូនទៅកាន់ទីក្រុងហ៊ែមបឺក (Hamburg) ប្រទេសអាល្លឺម៉ង់ បានកើនឡើង៣ដងកន្លះ។
លោកបានអះអាងថា ការឡើងថ្លៃដឹកជញ្ជូននេះកំពុងបង្កការលំបាកដល់ការនាំចេញផលិតផលគ្រឿងសមុទ្រទៅកាន់សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ដែលនឹងប៉ះពាល់ដល់ការប្រកួតប្រជែង និងប្រាក់ចំណេញរបស់អ្នកនាំចេញ។
លោក ហ្វាំ មិញ ថុង (Pham Minh Thông) ប្រធានក្រុមហ៊ុន ហ្វុក ស៊ិញ (Phuc Sinh) ដែលដឹកជញ្ជូនទំនិញប្រមាណពី៥ទៅ១០កុងតឺន័រទៅកាន់សហភាពអឺរ៉ុប និងសហរដ្ឋអាម៉េរិក ជារៀងរាល់ថ្ងៃបាននិយាយថា ការនាំចេញកាហ្វេ ម្រេច និងម្ទេសបានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងនៅពេលនេះ។ ប្រសិនបើវិបត្តិនេះនៅតែអូសបន្លាយយូរ នោះថ្លៃដឹកជញ្ជូនខ្ពស់នឹងក្លាយជាបញ្ហាប្រឈមដ៏ធំសម្រាប់អ្នកនាំចេញ នៅពេលដែលតម្រូវការប្រើប្រាស់នៅសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុបនៅតែមានតម្រូវការទាប។
ពេលនេះសមុទ្រក្រហម គឺជាផ្លូវសមុទ្រដ៏សំខាន់ដែលតភ្ជាប់ទៅកាន់សមុទ្រមេឌីទែរ៉ាណេ និងទៅកាន់មហាសមុទ្រឥណ្ឌា តាមព្រែកជីកស៊ុយអេ ដែលកំពុងសម្រួលដល់រំហូរពាណិជ្ជកម្មពីអឺរ៉ុបមកកាន់អាស៊ី ប៉ុន្តែដោយសារតែក្រុមឧទ្ទាមហ៊ូទី នៅក្នុងប្រទេសយេម៉ែន អុកឡុក ដោយមានទាំងការបាញ់មីស៊ីលទៅលើនាវាដឹកជញ្ជូនស៊ីវិលផងនោះ បាននិងកំពុងបង្ខំឱ្យក្រុមហ៊ុនដឹកជញ្ជូនប្ដូរផ្លូវ ពោលគឺងាកទៅប្រើផ្លូវវៀងឆ្ងាយដែលប្រើរយៈពេលវែង និងចំណាយខ្ពស់ជាងធម្មតា។ ក្រៅពីវៀតណាម ក្រុមហ៊ុននាំចេញ និងដឹកជញ្ជូននៅក្នុងប្រទេសថៃ ក៏ធ្លាប់បានបង្ហាញការព្រួយបារម្ភអំពីបញ្ហានៃភាពតានតឹងនៅសមុទ្រក្រហមនេះដែរ ខណៈដែលគេដឹងថា ច្រកសមុទ្រក្រហមនេះនៅក្នុងមួយឆ្នាំៗបានសម្រួលការដឹកជញ្ជូនរបស់នាវាធំៗមិនតិចជាង២ម៉ឺន២ពាន់គ្រឿងនោះឡើយ៕
ដោយៈ សរ សុជាតិ