ថាមពលឥន្ធនៈ

អាម៉េរិក នឹងធ្វើសេចក្តីព្រាងច្បាប់រារាំងដាច់ខាតមិនឱ្យចិន ទិញប្រេងបម្រុងជាយុទ្ធសាស្ត្ររបស់ខ្លួន


ក្រុមសមាជិកសភាជាន់ខ្ពស់របស់សហរដ្ឋអាម៉េរិក កាលពីថ្ងៃអាទិត្យ ទី៣ ខែមីនា បានបង្ហាញសេចក្ដីព្រាងច្បាប់មួយកម្រាស់ជាង ១ពាន់ទំព័រ ដែលនឹងរារាំងដាច់ខាតមិនឱ្យមហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកទិញស្តុកប្រេងជាយុទ្ធសាស្ត្ររបស់ខ្លួននោះឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ថាមពលឥន្ធនៈ
ដោយ

ការប្រកាន់ជំហរយ៉ាងតឹងរ៉ឹងលើប្រទេសចិន គឺជាចំណុចក្ដៅគគុកមួយនៅក្នុងសភាអាម៉េរិក ដែលមានការបែកបាក់យ៉ាងខ្លាំង ហើយក្រុមសមាជិកសភាជាន់ខ្ពស់អាម៉េរិក បានដាក់ចេញសេចក្ដីព្រាងច្បាប់រាប់សិបឯណោះ ដើម្បីដោះស្រាយការប្រកួតប្រជែងជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង។ បញ្ហាលក់ប្រេងបម្រុងជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាម៉េរិក ឱ្យទៅប្រទេសចិន បានកើនឡើងកម្ដៅ បន្ទាប់ពីប្រធានា​ធិបតី ចូ បៃឌិន ដែលជាអ្នកប្រជាធិបតេយ្យនៅក្នុងឆ្នាំ២០២២ បានប្រកាសលក់ចេញប្រេងបម្រុងជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាម៉េរិករហូតដល់ទៅ ១៨០លានធុងបារ៉ែល ដើម្បីជួយបញ្ចុះតម្លៃប្រេងសាំងដែលបានហក់ឡើងស្រឺតៗ បន្ទាប់ពីរុស្ស៊ី បញ្ឆេះភ្លើងសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

នៅឆ្នាំនោះ ប្រេងបម្រុងជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាម៉េរិក ចំនួន ១លានធុងបារ៉ែល ត្រូវបានលក់ឱ្យទៅក្រុមហ៊ុន UNIPEC America ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនប្រេងខ្នាតយក្ស Sinopec របស់ប្រទេសចិន។ នៅក្នុងឆ្នាំ២០១៧ ក្រោមរដ្ឋបាលដឹកនាំរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ ប្រេងបម្រុងជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាម៉េរិក មួយចំនួនក៏ត្រូវបានលក់ឱ្យទៅក្រុមហ៊ុន PetroChina International ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនប្រេងខ្នាតយក្សដែលគ្រប់គ្រងដោយរដ្ឋចិន PetroChina ផងដែរ។

បច្ចុប្បន្នប្រេងបម្រុងជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាម៉េរិក មានចំនួនជាង ៣៦០លានបារ៉ែល ប៉ុន្តែតួលេខនេះបង្ហាញពីការធ្លាក់ចុះជិតដល់កម្រិតទាបមិនធ្លាប់មានក្នុងរយៈពេល៤០ឆ្នាំមកនេះ ដោយសារការលក់ចេញយ៉ាងច្រើននៅឆ្នាំ២០២២។ កាលពីខែកក្កដា ឆ្នាំ២០២៣ ព្រឹទ្ធសភាអាម៉េរិក ដែលគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យបានអនុម័តសេចក្ដីព្រាងច្បាប់មួយ ដើម្បីហាមឃាត់ការនាំចេញប្រេងបម្រុងជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាម៉េរិក ទៅកាន់ប្រទេសចិន។ យោងតាមទិន្នន័យបង្ហាញថា បណ្ដាក្រុមហ៊ុនប្រេងអាម៉េរិក បានលក់ប្រេងរហូតដល់ទៅ៨៣លានបារ៉ែល ទៅឱ្យប្រទេសចិន ក្នុងឆ្នាំ២០២២។

លោក ឆាក់ ស្គូម័រ (Chuck Schumer) ប្រធានសំឡេងភាគច្រើននៃព្រឹទ្ធសភាអាម៉េរិក បានលើកឡើងថា សភាអាម៉េរិកនឹងត្រូវបោះឆ្នោតលើសេចក្ដីព្រាងច្បាប់នេះជាមុនសិន មុននឹងព្រឹទ្ធសភាអាចទទួលយកសេចក្ដីព្រាងច្បាប់នេះមកពិនិត្យផ្ទៀងផ្ទាត់ឱ្យបានមុនថ្ងៃសុក្រសប្ដាហ៍នេះ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ប្រជាជនចិន ដែលមានប្រាក់ចំណូលកម្រិតមធ្យមបានកើនដល់៥០០លាននាក់

សារព័ត៌មានគ្រប់គ្រងដោយរដ្ឋចិន Economic Daily បានរាយការណ៍កាលពីថ្ងៃអាទិត្យ សប្តាហ៍មុនថា ចំនួនប្រជាជនចិន ដែលមានប្រាក់ចំណូលកម្រិតមធ្យមបានក…

អង្គការពាណិជ្ជកម្មពិភពលោក ប្រឈមនឹងចលាចល ក្រោយកិច្ចប្រជុំរបស់ខ្លួនខកខានឈានដល់ការព្រមព្រៀងជាឯកច្ឆន្ទ

ក្រុមអ្នកចរចាដែលចូលរួមក្នុងកិច្ចប្រជុំរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅប្រទេសអេមីរ៉ាតអារ៉ាប់រួម បានបញ្ចប់កិច្ចប្រជុំកំពូលរបស់ខ្លួនកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ