កងកម្លាំងទ័ពអាកាសអាមេរិកបានរៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសាកល្បងនេះត្រូវបានធ្វើឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន នៅឯឆ្នេរសមុទ្រភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ា នៅពេលដែលយន្តហោះទម្លាក់គ្រាប់បែកប្រភេទ B-52 បានបាញ់ចេញទៅនូវអាវុធប្រតិកម្មរហ័ស លើផ្ទៃអាកាស ARRW។
សេចក្តីថ្លែងការណ៍ដដែលបន្តថា បន្ទាប់ពីការបាញ់ចេញពីយន្តហោះ អាវុធថ្មីនេះបានបញ្ឆេះកំដៅនិងរុញល្បឿនឲ្យហោះលឿនជាងសំឡេងដលទៅ៥ដង។
គួរជម្រាបថា សហរដ្ឋអាមេរិកមិនមែនជាប្រទេសតែមួយគត់ ដែលបាននិងកំពុងអភិវឌ្ឍអាវុធលឿនជាងសំឡេងនោះទេ។ ហើយល្បឿនដ៏លឿនរបស់អាវុធដ៏ទំនើបចុងក្រោយនេះ ធ្វើឱ្យសត្រូវពិបាកតាមដាន និងស្ទាក់ចាប់ខ្លាំងណាស់។
មន្ត្រីយោធាអាមេរិកបានបញ្ជាក់ថា មហាអំណាចពីរទៀតគឺចិន និងរុស្ស៊ីក៏កំពុងអភិវឌ្ឍអាវុធប្រភេទនេះដែរ។ ជាក់ស្តែង រុស្ស៊ីបានបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងទៅកាន់គោលដៅនានាក្នុងប្រទេសអ៊ុយក្រែននៅមួយរយៈពេលចុងក្រោយនេះ។ ក្នុងនោះ រុស្ស៊ីអះអាងថាមីស៊ីលឈ្មោះ Kinzhal ដែលខ្លួនបានបាញ់ អាចធ្វើដំណើរក្នុងល្បឿន ១០ដងនៃសំឡេងឯណោះ។
ចំណែកប្រទេសចិនវិញ កន្លងមកក៏ត្រូវបានគេរាយការណ៍ថា បានសាកល្បងអាវុធល្បឿនលឿនជាងសំឡេងនេះ ជាញឹកញាប់ផងដែរ។ ប៉ុន្តែក្រសួងការបរទេសចិនបានបដិសេធកាលពីខែតុលាទៅវិញថា ខ្លួនមិនបានធ្វើតេស្តអាវុធប្រភេទនេះទេ នោះគឺជាការសាកល្បងរ៉ុកែតដែលបម្រើឲ្យវិស័យអាវកាសប៉ុណ្ណោះ។
គួររំឭកថា នេះមិនមែនជាលើកទី១ឡើយ ដែលអាមេរិកបានសាកល្បងដោយជោគជ័យនូវអាវុធល្បឿនលឿនជាងសំឡេង។ កាលពីពាក់កណ្តាលខែមីនា សហរដ្ឋអាមេរិកបានឲ្យដឹងផងដែរថា ខ្លួនបានសាកល្បងកាំជ្រួចល្បឿនលឿនជាងសំឡេងដោយជោគជ័យ ខណៈពេលដែលសម្ព័ន្ធភាព AUKUS ដឹកនាំដោយទីក្រុងវ៉ាស៊ីនតោន ដែលរួមមានចក្រភពអង់គ្លេស និងអូស្ត្រាលីផងនោះ បានប្រកាសនាពេលថ្មីៗនេះដែរថា ពួកគេនឹងធ្វើការរួមគ្នា ដើម្បីអភិវឌ្ឍអាវុធល្បឿនលឿនជាងសំឡេងនេះបន្ថែមទៀត៕