អង្គការណាតូ

សំណើរបស់ហ្វាំងឡង់ និងស៊ុយអែតចូលណាតូកំពុងចម្រូងចម្រាស ក្រោយតួគីរារាំង


បេក្ខភាពរបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែតក្នុងសំណើសុំចូលរួមជាសមាជិករបស់សម្ព័ន្ធយោធាណាតូ កំពុងស្ថិតក្នុងភាពចម្រូងចម្រាស។ ចម្រូងចម្រាសក៏ដោយសារតែ ប្រទេសតួគីដែលជាសមាជិករបស់អង្គការណាតូ តាំងតែពីឆ្នាំ១៩៥២មកនោះបានរារាំងស៊ុយអែត និងជាពិសេសហ្វាំងឡង់ មិនព្រមឲ្យចូលជាសមាជិកនោះទេ។
សមាជិកភាពហ្វាំងឡង់និងស៊ុយអែតក្នុងណាតូកំពុងរាំងស្ទះ?

ទោះ​យ៉ាងណា ប្រមុខ​ដឹកនាំ​អង្គការ​សម្ព័ន្ធ​យោធា​មួយ​នេះ បាន​បង្ហាញ​សុទិដ្ឋិនិយម ពួក​គេ​នឹង​អាច​ស្វែងរក​ច្រកចេញ​បាន ដើម្បី​ទទួល​ប្រទេស​សមាជិក​ថ្មី​ទាំង​២​។ ជាមួយ​គ្នា​នេះ​ដែរ បងធំ​មួយ​របស់​ណា​តូ​ក្នុង​ចំណោម​បងធំ​ឯទៀត គឺ​អា​មេ​រិ​ក បាន​អះអាង​ដែរ​ថា ខ្លួន​កំពុង​សម្របសម្រួល​ជាមួយ​ប្រទេស​តួ​គី ជុំវិញ​បញ្ហា​នេះ​ផង​ដែរ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​នៅ​ថ្ងៃនេះ​។

ហេតុ​អ្វី​តួ​គី​រារាំង​ហ្វាំ​ង​ឡង់ និង​ស៊ុ​យ​អែ​ត​ចូល​ជា​សមាជិក​ណា​តូ​ខ្លាំង​ម្ល៉េះ?

លោក​អ៊ែ​រ​ដូ​ហ្កា​ន់ ប្រធានាធិបតី​របស់​តួ​គី បាន​ប្រកាស​តាំង​តែ​ពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន ភ្លាម​ៗ​ក្រោយ​ហ្វាំ​ង​ឡង់ និង​ស៊ុ​យ​អែ​ត​បង្ហាញ​ជំហរ​ចង់​ចូលរួម​ជាមួយ​ណា​តូ ដោយ​បាន​ប្រកាស​ថា លោក​មិន​អាច​គាំទ្រ​បេក្ខភាព​ប្រទេស​ទាំង​ពីរ​នេះ​បាន​ទេ ព្រោះ​ប្រទេស​ពីរ​នេះ គឺជា​សំបុក​សំបូរ​ក្រុម​ភេរវកម្ម​។ ចុះ​ហេតុ​អ្វី​បាន​ប្រធានាធិបតី​តួ​ក​គី លោក អ៊ែ​រ​ដូ​ហ្កា​ន ចាត់​ទុក​ហ្វាំ​ង​ឡង់ និង​ស៊ុ​យ​អែ​ត ជា​ជម្រក​របស់​ក្រុម​ភេរវកម្ម​ទៅ​វិញ ទាំង​ដែល​ប្រទេស​ទាំង​ពីរ​នេះ​បាន​រក្សា​ជំហរ​អព្យាក្រឹត​តាំងពី​ដើម​មក​នោះ?

គេ​ត្រូវ​ដឹង​ថា ប្រវត្តិសាស្ត្រ​របស់​តួ​គី​គឺ​មិន​ដែល​ត្រូវ​រូ​វ​គ្នា​ឡើយ​ជាមួយ​ជនជាតិ​គួ​ឌី​ស្ថាន ហើយ​បើ​សួរ​ថា​ហេតុ​អ្វី​ទៀត​នោះ​គឺ មានរឿង​រ៉ាវ​វែង​ឆ្ងាយ​ខ្លាំង​ណាស់​។ គេ​គ្រាន់​អាច​ដឹង​បាន​ថា មួយ​ចំនួន​នៃ​ជនជាតិ​នេះ​ជា​ក្រុម​ភេរវកម្ម​និយម មានឈ្មោះ​ថា ក្រុង​ឧទ្ទាម​ឃឺ​ត​(Kurd) ដែល​តែង​បង្ក​អសន្តិសុខ​ក្នុង​ប្រទេស​តួ​គី​និង​ក្នុង​តំបន់​ផង​ដែរ​។ យ៉ាងណា​ក៏​ដោយ មិនមែន​សុទ្ធតែ​ជនជាតិ គួ​ឌី​ស្ថាន​ទាំងអស់​សុទ្ធសឹងតែ​ជា ក្រុម​ឧទ្ទាម​នោះ​ទេ​។ មួយ​ចំនួន​នៃ​ពួក​គេ ដោយសារ​តែ​មិន​សប្បាយចិត្ត​រស់នៅ​ប្រទេស​តួ​គី បាន​ចំណាកស្រុក​មក​បង្កើត​ជា​សមាគម​ន៍ និង​រស់នៅ​ជា​ច្រើន​ម៉ឺន​នាក់ ក្នុង​ប្រទេស​ហ្វាំ​ង​ឡង់ ក៏​ដូច​ជា​ស៊ុ​យ​អែ​ត​ផង​ដែរ​។ សមាជិក​សភា​របស់​ស៊ុ​យ​អែ​ត មាន​ខ្លះ​ជា​ជនជាតិ មាន​ដើម​កំណើត​ពី​ជនជាតិ​គួ​ឌី​ស្ថាន​ទៀត​ផង​។ ប្រការ​ទាំងនេះ ទើប​ធ្វើ​ឲ្យ​តួ​គី​មិន​សប្បាយចិត្ត ដោយ​ចោទប្រកាន់​ប្រទេស​ទាំង​ពីរ​ថា ជា​ជម្រក​របស់​ក្រុម​ឧទ្ទាម Kurd និង​រារាំង មិន​ចង់​ឲ្យ​ចូល​ជា​សមាជិក​របស់​ណា​តូ​។

បើ​តាម​សេចក្តី​ប្រកាស​របស់​លោក​ប្រធានាធិបតី​តួ​ក​គី អ៊ែ​រ​ដូ​ហ្កា​ន តួ​ក​គី​មិន​ចង់​ឃើញ​ណា​តូ​ប្រព្រឹត្ត​កំហុស​ដដែល​ជា​លើក​ទី​ពីរ ដូច​ពេល​ក្រិ​ក​សុំ​ចូល​ជា​សមាជិក​អង្គការ​ណា​តូ ដើម្បី​មក​ប្រឆាំង​នឹង​តួ​ក​គី​នោះ​ទេ​។

ហេតុ​អ្វី​តួ​គី​មាន​ឥទ្ធិពល​មក​លើ​សមាជិកភាព​ណា​តូ​របស់​ហ្វាំ​ង​ឡង់ និង​ស៊ុ​យ​អែ​ត?

សូមកុំ​ភ្លេច​ថា រាល់​បេក្ខភាព​សមាជិក​ថ្មី គឺ​ត្រូវ​តែ​ឆ្លងកាត់​ការ​សម្រេច​យល់ព្រម​ជា​ឯកច្ឆ័ន្ទ របស់​សមាជិក​អង្គការ​ណា​តូ​ទាំងអស់ ៣០​ប្រទេស ក្នុង​នោះ ក៏​មាន​ដែរ​តួ​គី ដែល​ជា​សមាជិក​របស់​អង្គការ​មួយ​នេះ តាំង​តែ​ពី​ឆ្នាំ​១៩៥២​មក​។ ដូចនេះ​ការ​រារាំង​ណាមួយ​របស់​តួ​គី ច្បាស់​ណាស់ វា​នឹង​មាន​ឥទ្ធិពល​លើ​សមាជិកភាព​របស់​ហ្វាំ​ង​ឡង់ និង ស៊ុ​យ​អែ​ត​។

ណា​តូ​និង​អា​មេ​រិ​ក​ជឿជាក់​ថា អាច​សម្របសម្រួល​បញ្ហា​បាន

ទោះបីជា​បែប​នេះ​ក្តី​អង្គការ​ណា​តូ និង​សហរដ្ឋអាមេរិក​ដែល​ជា​បងធំ​កាលពី​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​មុន​បាន​បង្ហាញ​ទំនុកចិត្ត​ថា ប្រទេស​តួ​គី​នឹង​មិន​ជំទាស់​សមាជិកភាព​របស់​ហ្វាំ​ង​ឡង់ និង​ស៊ុ​យ​អែ​ត​ឡើយ​។ លោក មឺ​សៀ ជី​អូ​ណា (Mircea Geoana) អគ្គលេខាធិការ​រង​របស់​ណា​តូ បាន​អះអាង​ថា ណា​តូ​មាន​សុទិដ្ឋិនិយម​ថា ពិតជា​អាច​ស្វែងរក​ដំណោះស្រាយ សម្របសម្រួល​ជាមួយនឹង​ប្រទេស​តួ​គី​បាន ដើម្បី​ទទួលយក​ប្រទេស​សមាជិក​ថ្មី​ទាំង​២​។

រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក អាន់​តូ នី​ប្លី​ង​ខេន បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ដែរ​ថា លោក​បាន​ពិភាក្សា​ជាមួយ​សម​ភាគី​តួ​គី​រួច​ហើយ​អំពី​បញ្ហា​ទាំង​អស់នេះ​។ ដោយ​បន្ទាប់​ពី​កិច្ច​ពិភាក្សា លោក​មាន​ទំនុកចិត្ត​ថា ភាព​រាំងស្ទះ​នេះ អាច​ឈាន​ដល់​ការ​ឯកភាព​គ្នា​នៅ​ទីបំផុត​ទៅ​។

ក្រោយ​បង្ហើប​គោលបំណង​របស់​ខ្លួន​អស់​មួយ​រយៈ​, កាលពី​ថ្ងៃអាទិត្យ​ទី​១៥​ឧសភា​ថ្មី​ៗ​នេះ ប្រមុខ​ដឹកនាំ​ហ្វាំ​ង​ឡង់​បាន​ចេញ​មក​បញ្ជាក់​ជា​ផ្លូវការ​តែ​ម្តង​ថា ប្រទេស​ខ្លួន និង​ដាក់​ពាក្យ​ស្នើ​សុំ​ចូល​ជា​សមាជិក​ថ្មី របស់​អង្គការ​សម្ព័ន្ធមិត្ត​អា​ត្ល​ង់​ទិ​ក​ខាងជើង ឬ​ហៅ​កាត់​ថា​ណា​តូ​។ ចំណែក​ប្រទេស​ស៊ុ​យ​អ៊ែ​ត ដែល​នៅ​ជាប់​ហ្វាំ​ង​ឡង់​ដែរ​នោះ ក៏​នឹង​រៀបចំ​ធ្វើ​ដូច​គ្នា​នេះ​ដែរ​។

គួរ​រំឭក​ដែ​ថា ប្រទេស​ទាំង​ពីរ​តែង​រក្សាខ្លួន​ជា​ប្រទេស​អព្យាក្រឹត​រហូត​មក សូ​ម្បី​តែ​នៅ​ក្នុង​សម័យ​សង្គ្រាមត្រជាក់​ក៏​ដោយ​។ តែ​ថ្វីបើ​ប្រទេស​ទាំង​ពីរ​នេះ ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​ក៏​ពិតមែន តែ​គេ​បាន​រក្សា​ភាព​អ​ព្យា​ក្រិ​ត្យ រវាង​រុ​ស្ស៊ី និង​អង្គការ​ណា​តូ​បាន​ជាប់លាប់​ខ្លាំង​ណាស់​។ ទើបតែ​ក្រោយ​ពេល​ដែល​រុ​ស្ស៊ី បាន​លើកទ័ព​ចូល​វាយ​ឈ្លានពាន​អ៊ុយ​ក្រែ​ន​នេះ​ទេ ទើប​ហ្វាំ​ង​ឡង់ និង​ស៊ុ​យ​អ៊ែ​ត បាន​ភ័យ​ខ្លួន​ឆ្លេឆ្លា ចាប់ផ្តើម​សុំ​ចូល​ជា​សមាជិក​របស់​ណា​តូ ដើម្បី​បាន​បង្អែក​ការពារ​ខ្លួន​។

ទោះ​យ៉ាងណា ការ​ប្រកាស​ប្រឆាំង​នឹង​បេក្ខភាព​ហ្វាំ​ង​ឡង់ និង​ស៊ុ​យ​អ៊ែ​ត អាច​នឹង​ធ្វើ​ឱ្យ​តួ​គី អាប់ឱន​កិត្តិយស និង​អាច​ត្រូវ​បាន​គេ​មើលឃើញ​ថា តួ​គី​គាំទ្រ​រុ​ស្ស៊ី ព្រោះ​រុ​ស្ស៊ី​បដិសេធ​ខ្លាំង​ណាស់​ចំពោះ​ការ​ពង្រីក​ខ្លួន​របស់​អង្គការ​ណា​តូ និង​ដែល​តែង​បរិហារ​ថា ការ​ចូល​ជា​សមាជិក​ថ្មី​ៗ ថា​ជា​ការ​គំរាមកំហែង​សន្តិសុខ​រុ​ស្ស៊ី ហើយ​បាន​ព្រមាន​ផលវិបាក​សម្រាប់​អឺរ៉ុប​ទាំងមូល​ទៀត​ផង​។ មែនទែន​ទៅ ការ​ប្រឆាំង​នឹង​បេក្ខភាព​ថ្មី​ៗ​របស់​ណា​តូ អាច​ជា​នយោបាយ​ការទូត​មួយ​របស់​តួ​គី ដើម្បី​ប្រយោជន៍​របស់​ជាតិ​ខ្លួន​។ តាំងពី​រុ​ស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន​មក តួ​គី​ព្យាយាម​រក្សា​ទំនាក់ទំនង​ល្អជា​មួយ​ភាគី​ពីរ គឺ​ទាំង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​។ តួ​ក​គី​រំពឹង​លើ​រុ​ស្ស៊ី​យ៉ាង​ខ្លាំង​លើ​ផ្នែក​សេដ្ឋកិច្ច តែ​តួ​គី​ជា​អ្នកលក់​ដ្រូ​ន​ឱ្យ​ក្រុង​កៀវ​ដ៏​សំខាន់​មួយ​ដែរ​។ កន្លង​មកនេះ តួ​ក​គី​ថែម​ទាំង​បាន​សាកល្បង​ដើរតួ ជា​អ្នកសម្របសម្រួល​ចរចា​បញ្ចប់សង្គ្រាម​ឲ្យ​ម៉ូ​ស្គូ និង​ក្រុង​កៀវ​ថែម​ទៀត តែ​គ្មាន​លទ្ធផល​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃនាំចេញទុរេនជាលើកដំបូងទៅកាន់ខេត្តក្វាងស៊ីប្រទេសចិនតាមជើងយន្ដហោះ

ព័ត៌មាន
ការនាំចេញផ្លែធុរេនជាលើកដំបូងតាមផ្លូវអាកាសពីប្រទេសថៃ បានទៅដល់អាកាសយានដ្ឋានអន្តរជាតិណាននីង វូស៊ូ ក្នុងខេត្តក្វាងស៊ី ប្រទេសចិនហើយ បន្ទាប់…

វិបត្តិស្បៀងអាហារពិភពលោកកាន់តែដុនដាប ក្រោយឥណ្ឌាបិទការនាំចេញស្រូវសាលី

ព័ត៌មាន
ស្របពេលដែលនិន្នាការនៃស្បៀងអាហារពិភពលោកកំពុងរងការគំរាមកំហែង នឹងប៉ះទង្គិចពីសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ហើយដែលបានបង្កឲ្យមានការឡើងថ្លៃគ្រប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ