គេអាចឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក តាមរយៈគោលនយោបាយថ្មី ដែលបានដាក់បញ្ចូលទៅក្នុងសេចក្តីព្រៀងច្បាប់ការពារជាតិ ដែលកំពុងតែរង់ចាំប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន ចុះហត្ថលេខាដាក់ចេញច្បាប់ជាផ្លូវការ។ ក្រោយចូលជាធរមានបាន៦ខែច្បាប់មួយនេះ នឹងបើកផ្លូវឱ្យបង្កើតអ្នកជំនាញមួយក្រុម ភាគច្រើនជាមន្ត្រីបម្រើការក្នុងក្រុមប្រឹក្សាសន្តិសុខជាតិ និងក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។
ក្រុមនេះមានភារកិច្ចដាក់ចេញនូវយុទ្ធសាស្ត្រ សហការជាមួយប្រទេសដៃគូដូចជាជប៉ុន និងសហភាពអឺរ៉ុប។ នៅរាល់ពេលមួយឆ្នាំម្ដងក្រុមដដែលនេះ នឹងធ្វើរបាយការណ៍ព្រាង និងធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រជារៀងរាល់ឆ្នាំ ស្តីអំពីសកម្មភាពរបស់ប្រទេសចិន ហើយសេចក្តីព្រាងចុងក្រោយនឹងត្រូវបញ្ចប់ក្នុងរយៈពេលបីឆ្នាំ ដើម្បីតាមដានការវិវត្តរបស់រដ្ឋអំណាចប៉េកាំង។
កិច្ចខិតខំប្រឹងប្រែងនេះ ធ្វើឡើងបន្ទាប់ពី អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនមើលឃើញថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានប្រើប្រាស់អំណាចសេដ្ឋកិច្ចរបស់ខ្លួន ដាក់សម្ពាធមកលើសេដ្ឋកិច្ចពាណិជ្ជកម្មរបស់ប្រទេសជាមិត្តរបស់អាមេរិក ទោះស្ថិតក្នុងជម្លោះបែបណាក៏ដោយ។
ជាក់ស្តែង ទំនាស់ជាមួយប្រទេសអូស្ត្រាលី ចិនបានដំឡើងពន្ធនិងការរឹតបន្តឹងការនាំចូលរួមមាន ស្រា ធ្យូងថ្ម និងផលិតផលផ្សេងទៀត បន្ទាប់ពីទំនាក់ទំនងទ្វេភាគីប្រែជូរចត់ ដែលមួយផ្នែកដោយសារតែការអំពាវនាវមុនគេរបស់ទីក្រុងកង់បេរ៉ា ឱ្យមានការស៊ើបអង្កេតជាអន្តរជាតិលើប្រភពដើមនៃជំងឺកូវីដ១៩។ ក្រៅពីអូស្ត្រាលី ពោលគឺនៅពេលចុងក្រោយបំផុត ទីក្រុងប៉េកាំងក៏បានរឹតបន្តឹងការនាំចូលពីប្រទេសលីទុយអានី បន្ទាប់ពីប្រទេសនៅតំបន់បាល់ទិកមួយនេះ បានពង្រឹងទំនាក់ទំនងជាមួយកោះតៃវ៉ាន់។
គេនៅចាំបានកាលពីច្រើនឆ្នាំមុន ប្រទេសចិនបានបញ្ឈប់ការនាំចេញសារធាតុរ៉ែកម្រទៅកាន់ប្រទេសជប៉ុន។ ចំណាត់ការនោះត្រូវបានគេមើលឃើញថាជាការសងសឹកបន្ទាប់ពីប្រទេសជប៉ុនបានឃាត់ខ្លួនប្រធានក្រុមនៃទូកនេសាទចិនដែលបានបុកទង្គិចជាមួយនាវាល្បាតឆ្មាំសមុទ្រជប៉ុនក្នុងឆ្នាំ២០១០ នៅជិតប្រជុំកោះសេនកាគុ ដែលគ្រប់គ្រងដោយទីក្រុងតូក្យូ ប៉ុន្ដែ ទីក្រុងប៉េកាំងអះអាងថា កោះនោះ គឺស្ថិតក្រោមកម្មសិទ្ធិខ្លួន។
គួរជម្រាបថា ក្រុមអ្នកជំនាញដែលអាមេរិកនឹងបង្កើតឡើងនៅពេលខាងមុខ ក៏នឹងទទួលសំណូមពរពីក្រុមហ៊ុនឯកជន ដើម្បីសិក្សាពីគោលនយោបាយសេដ្ឋកិច្ចចិន ដែលអាចប៉ះពាល់ដល់ឧស្សាហកម្មអាមេរិកផងដែរ។
ប៉ុន្តែកន្លងមក ក្រុមហ៊ុនអាមេរិកទៅវិញទេ ដែលបានរអ៊ូរទាំអំពីវិធានការរបស់អាមេរិកដាក់សម្ពាធទៅលើចិន បានធ្វើឱ្យការរកស៊ីរបស់ពួកគេខាតបង់ប្រយោជន៍ ជាក់ស្តែងដូចជាការហាមប្រាមនាំចេញបច្ចេកវិទ្យាបន្ទះឈីបកំរិតខ្ពស់ទៅកាន់ប្រទេសចិនជាដើម។ ទោះយ៉ាងណា សម្រាប់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ការធ្វើឡើងទាំងនេះ គឺដើម្បីធានាបាននូវសន្តិសុខជាតិរបស់អាមេរិក ពីការគំរាមកំហែងដោយប្រទេសចិន៕