រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកនឹងទៅបំពេញទស្សនកិច្ចប្រទេសចិននៅសប្តាហ៍នេះ

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកនឹងទៅបំពេញទស្សនកិច្ចប្រទេសចិននៅសប្តាហ៍នេះ ដើម្បីពង្រីកទំនាក់ទំនង ទោះបីគ្មានសង្ឃឹមធំដុំ


មន្ត្រីនៅក្នុងក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី ២ កក្កដា ថា លោកស្រី ចេណេត យ៉េលេន រដ្ឋមន្ត្រីហិរញ្ញវត្ថុសហរដ្ឋអាមេរិក នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៩ខែកក្កដានេះ។ លោកស្រីរំពឹងជួបជាមួយមន្ត្រីជាន់ខ្ពស់ចិនមួយចំនួន។ ពេលនោះ លោកស្រីនឹងអាចលើកឡើងអំពីការព្រួយបារម្ភរបស់អាមេរិកចំពោះបញ្ហាសិទ្ធមនុស្ស និងច្បាប់ប្រឆាំងនឹងទណ្ឌកម្មថ្មីរបស់ប្រទេសចិន ដែលទើបអនុម័តប៉ុន្មានថ្ងៃមុននេះផងដែរ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកនឹងទៅបំពេញទស្សនកិច្ចប្រទេសចិននៅសប្តាហ៍នេះ

មន្ត្រីអាមេរិកដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ដំណើររបស់លោកស្រី យ៉េលេន ទៅប្រទេសចិន គឺត្រូវបានគេរំពឹងទុកយូរមកហើយ។ វាជាផ្នែកមួយនៃគោលនយោបាយរដ្ឋបាលលោកចូ បៃដិន ក្នុងការសម្រួលទំនាក់ទំនងប្រទេសយក្សសេដ្ឋកិច្ចទាំងពីរនេះ ឱ្យវិលទៅរកស្ថិរភាពឡើងវិញ ដើម្បីបង្រួមហានិភ័យនៃការគិតខុស ឬបញ្ហាណាមួយដែលអាចកើតឡើងនាពេលខាងមុខ។

ដំណើរនេះកើតឡើងនៅប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ក្រោយពីលោក អាន់តូនី ប្លីនខេន រដ្ឋមន្ត្រីការបរទេសអាមេរិកអាមេរិក បានធ្វើទស្សនកិច្ចនៅប្រទេសចិនដែរ។ ក្នុងដំណើរនោះ លោក ប្លីងខេន បានជួបជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិននៅទីក្រុងប៉េកាំង និងមន្ត្រីជាន់ខ្ពស់ចិនផ្សេងៗទៀត។

គោលបំណងនៃដំណើររបស់លោក ប្លីនខេន គឺធ្វើឱ្យមានស្ថិរភាពចំណងទាក់ទងគ្នា និងធានាថាការប្រកួតប្រជែងគ្នាមិនឈានទៅដល់ជម្លោះ។ ប៉ុន្តែ វាហាក់មិនបានទទួលផ្លែផ្កាណាស់ណាទេ ត្បិតចិននៅតែទាមទារឱ្យអាមេរិកដកទណ្ឌកម្មខ្លួនសិន។ គួររំលេចដែរថា ក្រោយដំណើរលោក ប្លីនខេន មួយថ្ងៃ លោក ចូ បៃដិន ក៏បានធ្លោយមាត់ហៅលោក ស៊ី ជីនពីង ថា «ជនផ្តាច់ការ» ថែមទៀត។ ប៉ុន្តែអ្នកវិភាគថា ការថ្លែងនេះនឹងមិនប៉ះពាល់ខ្លាំងណាស់ណាទេ ចំពោះទំនាក់ទំនងចិន-អាមេរិក ទោះបីជាវាបានទាក់ទាញប្រតិកម្មខ្លាំងៗពីសំណាក់ភាគីចិនក៏ដោយ។

យ៉ាងណាក៏ដោយ ការខិតខំប្រឹងប្រែងនៅតែបន្តមានដូចដំណើររបស់លោកស្រី យ៉េលេន នេះជាដើម។ បើតាមប្រភពពីមន្ត្រីអនាមិកខាងលើ លោកស្រីគ្រោងនឹងជួបជាមួយក្រុមមន្រ្តីសេដ្ឋកិច្ចកំពូលៗរបស់ចិន។ រ៉យទ័រមិនអាចសុំការបំភ្លឺបន្លែមថាតើលោកស្រីនឹងជួបជាមួយមន្ត្រីចិនរូបណាខ្លះឱ្យប្រាកដនោះទេ។ តែបើតាមប្រភពមិនផ្លូវការ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិករូបនេះអាចជួបជាមួយនឹងឧបនាយករដ្ឋមន្ត្រីចិន គឺលោក ហ៊ី លីហ្វេង (He Lifeng)។

ក្នុងជំនួបជាមួយមន្ត្រីចិននាពេលខាងមុខ លោកស្រី យ៉េលេន នឹងលើកឡើងអំពីបញ្ហាសិទ្ធិមនុស្ស និងសន្តិសុខទាក់ទិននឹងផលប្រយោជន៍អាមេរិក។ លោកស្រីក៏នឹងបង្ហាញអំពីបំណងក្នុងការធ្វើការជាមួយចិនលើបញ្ហាប្រឈមនានាផ្សេងទៀត ដូចជាបម្រែបម្រួលអាកាសធាតុ និងបញ្ហាបំណុលរបស់ប្រទេសក្រីក្រជាដើម។ ក្រៅពីនេះ ការព្រួយបារម្ភធំមួយទៀតដែលនឹងត្រូវលើកឡើងគឺច្បាប់ថ្មីស្តីពីសន្តិសុខជាតិនិងចារកម្ម ដែលទើបតែបានចូលជាធរមាននៅថ្ងៃទី១ ខែកក្កដានេះ។

ច្បាប់នេះមានផលប៉ះពាល់ធំធេងណាស់សម្រាប់ក្រុមហ៊ុនអាមេរិកដែលកំពុងរកស៊ីនៅក្នុងប្រទេសចិន។ លើបញ្ហានេះ មន្ត្រីអាមេរិកខាងលើ បានគូសបញ្ជាក់ដែរថា មិនមានក្តីសង្ឃឹមធំដុំថានឹងអាចសម្រេចលើរឿងណាមួយនោះឡើយ ប៉ុន្តែភាគីអាមេរិកអាចបន្តការសន្ទនាក្នុងន័យស្ថាបនា និងបង្កើតបណ្តាញទំនាក់ទំនងរយៈពេលវែងជាមួយក្រុមមន្ត្រីសេដ្ឋកិច្ចថ្មីរបស់ប្រទេសចិន។

លើសពីនេះ មន្ត្រីសហរដ្ឋអាមេរិកក៏នឹងបញ្ជាក់ឡើងវិញផងដែរ នូវការព្រួយបារម្ភអំពីការរំលោភសិទ្ធិមនុស្សប្រឆាំងនឹងជនជាតិភាគតិចមូស្លីមអ៊ុយហ្គួរ ព្រមទាំងអំពីវិធានការថ្មីៗរបស់ចិនក្នុងការហាមឃាត់ការលក់បន្ទះអង្គចងចាំរបស់ក្រុមហ៊ុនអាមេរិក Micron និងដំណើររបស់ប្រទេសចិនដែលប្រឆាំងនឹងបេសកកម្មផ្លូវការនិងក្រុមហ៊ុនប្រឹក្សាបរទេសជាដើម៕




អត្ថបទបន្ទាប់


តើការនាំចេញរបស់វៀតណាមតម្លៃជាង ២,៥ពាន់លានដុល្លារ អាចប្រឈមមុខនឹងបញ្ហាអ្វីខ្លះនៅទីផ្សារអឺរ៉ុប?

ព័ត៌មាន
ផលិតផលកសិកម្មនិងកសិ-ឧស្សាហកម្មមួយចំនួនរបស់ប្រទេសវៀតណាមអាចប្រឈមមុខនឹងបញ្ហា ក្នុងការនាំចេញទៅអឺរ៉ុប ដោយសារតែផលិតផលទាំងនេះអាចស្ថិតក្រោមបទ…

ជុំរុំយោធាសម្រាប់ក្រុមវ៉ែកនើរក្នុងប្រទេសបេឡារុស្សត្រូវបានរាយការណ៍ថាកំពុងសាងសង់

ព័ត៌មាន
រូបភាពផ្កាយរណបដែលវិភាគដោយសារព័ត៌មានអេភី (Associated Press) កាលពីថ្ងៃសៅរ៍ បានបង្ហាញពីអ្វីដូចជាជំរុំយោធាទើបសាងសង់ថ្មីនៅក្នុងប្រទេសបេឡ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ