កិច្ចព្រមព្រៀងសន្តិភាព

តើជំនួបរវាងក្រុមមន្រ្តីអាម៉េរិក និងអ៊ុយក្រែន នៅសប្ដាហ៍នេះ អាចឈានទៅរកការឯកភាពគ្នាលើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានដែរទេ?


ក្រោយជំនួបលើកដំបូងរងបរាជ័យ ក្រុមមន្រ្តីសហរដ្ឋអាម៉េរិក និងអ៊ុយក្រែន គ្រោងជួបគ្នាជាថ្មីនៅក្នុងកិច្ចប្រជុំមួយ ដែលគ្រោងរៀបចំនៅប្រទេសអារ៉ាប៊ីសាអូឌីត។ ក្រុមមន្រ្តីអាម៉េរិកនឹងវាយតម្លៃជំហរសន្តិភាពរបស់អ៊ុយក្រែន ក្នុងកិច្ចប្រជុំនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
កិច្ចព្រមព្រៀងសន្តិភាព
ដោយ

ក្រុមមន្ត្រីសហរដ្ឋអាម៉េរិក គ្រោងប្រើប្រាស់កិច្ចប្រជុំជាមួយគណៈប្រតិភូអ៊ុយក្រែន នៅសប្តាហ៍នេះ នៅប្រទេសអារ៉ាប៊ីសាអូឌីត ធ្វើជាផ្នែកមួយ ដើម្បីកំណត់ថា តើអ៊ុយក្រែន មានឆន្ទៈធ្វើសម្បទានយ៉ាងណា ដល់រុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាមនៅក្នុងប្រទេសរបស់ខ្លួន ដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ មន្ត្រីសហរដ្ឋអាម៉េរិកម្នាក់បាននិយាយដោយសុំមិនបញ្ចេញឈ្មោះថា គណៈប្រតិភូអាម៉េរិក ក៏កំពុងឃ្លាំមើលសញ្ញាដែលបង្ហាញថា ប្រជាជនអ៊ុយក្រែន យកចិត្តទុកដាក់ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយរដ្ឋបាលលោក ដូណាល់ ត្រាំ យ៉ាងណាផងដែរ បន្ទាប់ពីជំនួបកំពូលរវាងប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លូឌីមៀ ហ្សេឡិនស្គី បរាជ័យយ៉ាងអាម៉ាសកាលពីខែមុន ។

តាមសេចក្តីរាយការណ៍ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រូប៊ីអូ ( Marco Rubio ) បានចេញដំណើរទៅអារ៉ាបប៊ីសាអូឌីត​ ដើម្បីជួបពិភាក្សាទ្វេភាគីជាមួយតំណាងអ៊ុយក្រែន ដែលនឹងត្រូវដឹកនាំដោយលោក អេនឌ្រី យ៉ឺម៉ាក ( Andriy Yermak) ដែលជាជំនួយការកំពូលរបស់លោក ហ្សេឡិនស្គី។

ពាក់ព័ន្ធនឹងជំនួបជាថ្មីរបស់ក្រុមមន្រ្តីអាម៉េរិក និងអ៊ុយក្រែននេះ លោក ដូណាល់ ត្រាំ បានបង្ហាញសុទិដ្ឋិនិយមថា សហរដ្ឋអាម៉េរិកនឹងធ្វើឱ្យមានការរីកចម្រើនច្រើន ជាមួយក្តីរំពឹងថា លទ្ធផលនឹងលេចឡើងនៅសប្តាហ៍នេះ។

ដោយឡែកលោក ហ្សេឡិនស្គី បាននិយាយថា លោកផ្ទាល់នឹងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតនៅថ្ងៃចន្ទ ដើម្បីបន្តធ្វើការជាប្រយោជន៍ដល់សន្តិភាព។ លោកបានលើកឡើងនៅក្នុងសារជាវីដេអូថា លោកសង្ឃឹមថា ការចរចារវាងក្រុមមន្រ្តីរបស់លោក និងមន្ត្រីសហរដ្ឋអាម៉េរិកនឹងនាំមកនូវលទ្ធផលល្អ។

មកដល់ពេលនេះអារ៉ាបប៊ីសាអូឌីត កំពុងក្លាយជាដែនដីសម្របសម្រួលមួយសម្រាប់ផែនការសន្តិភាពនៅអ៊ុយក្រែន ដោយគេដឹងថា កាលពីខែកុម្ភៈ កន្លងទៅនេះ ក្រុមមន្ត្រីសហរដ្ឋអាម៉េរិក ក៏បានជួបជាមួយក្រុមមន្ត្រីរុស្ស៊ី នៅរដ្ឋធានីរីយ៉ាដ សម្រាប់ការពិភាក្សាទ្វេភាគីដាច់ដោយឡែកពីគ្នា ដែលត្រូវបានផ្តោតលើការកសាងទំនាក់ទំនងការងារឡើងវិញ បន្ទាប់ពីទំនាក់ទំនងរវាងមហាអំណាចទាំងពីរត្រូវបង្កកស្ទើរតែទាំងស្រុងលើទំនាក់ទំនងផ្លូវការក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអាម៉េរិក ចូ បៃដិន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ហេតុអ្វីការចុះហត្ថលេខាឱ្យបង្កើតទុនបម្រុងអន្តរជាតិ ជា Bitcoin របស់លោក ត្រាំ ទាញទម្លាក់តម្លៃ Bitcoin ឱ្យធ្លាក់ចុះជាង៥%?

Bitcoin ដែលជារូបិយប័ណ្ណឌីជីថល ឬគ្រីបតូធំបំផុតនៅលើពិភពលោកបានធ្លាក់ថ្លៃយ៉ាងគំហុកនៅថ្ងៃទី១០ ខែមីនា នេះ ខណៈតម្លៃរបស់វាអាចបន្តប្រែប្រួលពិប…

លោក ដូណាល់ ត្រាំ ច្រានចោលចំពោះការព្យាករ ដែលថា អាម៉េរិកនឹងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច

ស្របពេលពលរដ្ឋអាម៉េរិកជាច្រើននាក់ បាត់បង់ការងារធ្វើ ហើយទំនិញបានឡើងថ្លៃក្រោមគោលនយោបាយជំរុញប្រសិទ្ធភាពការងារ និងដំឡើងពន្ធលើទំនិញចិន កាណា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ