ក្រសួងការបរទេសរបស់សហរដ្ឋអាម៉េរិក បានទម្លាយឱ្យដឹងថា ការលក់សព្វាអាវុធរបស់សហរដ្ឋអាម៉េរិក ទៅឱ្យប្រទេសផ្សេងៗបានកើនឡើងខ្លាំងបំផុតមិនធ្លាប់មានឈានដល់ទំហំសរុប២៣៨ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ កន្លងទៅ ដោយក្នុងនោះទំហំ៨១ពាន់លានដុល្លារ ត្រូវបានរដ្ឋាភិបាលអាម៉េរិក ជាអ្នកចរចាលក់ដោយផ្ទាល់ ដោយកើនឡើង៥៦% បើធៀបនឹងឆ្នាំ២០២២ ហើយសល់ប៉ុន្មានជាការលក់ផ្ទាល់ដោយក្រុមហ៊ុនផលិតអាវុធអាម៉េរិក។
យោងតាមរបាយការណ៍របស់ក្រសួងការបរទេសអាម៉េរិក នៅក្នុងឆ្នាំ២០២៣ ប៉ូឡូញ ដែលជាប្រទេសជាប់ភូមិផងរបងជាមួយអ៊ុយក្រែន និងដែលបច្ចុប្បន្នកំពុងជំរុញការពង្រីកយោធារបស់ខ្លួនប្រកបដោយមហិច្ឆតា បានទិញសព្វាវុធពីសហរដ្ឋអាម៉េរិក ច្រើនជាងគេក្នុងទំហំសរុបដល់ទៅប្រមាណ៣០ពាន់លានដុល្លារ ឯណោះ។
នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ដូណាល់ ថាស់ (Donald Tusk) បានប្តេជ្ញាបន្តកម្មវិធីធ្វើទំនើបកម្មយោធារបស់រដ្ឋាភិបាលមុនរបស់ប៉ូឡូញ ដែលមានមហិច្ឆតាធ្វើឱ្យប៉ូឡូញ ក្លាយជាប្រទេសដែលមានកងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពលបំផុតប្រចាំតំបន់អឺរ៉ុប។
ក្រៅពីប៉ូឡូញ ប្រទេសជាច្រើនផ្សេងទៀតនៅតំបន់អឺរ៉ុប ក៏បានទិញសព្វាវុធពីសហរដ្ឋអាម៉េរិក ក្នុងទំហំច្រើនដែរក្នុងឆ្នាំ២០២៣ ដោយក្នុងនោះប្រទេសអាល្លឺម៉ង់ ដែលមានសេដ្ឋកិច្ចធំបំផុតនៅអឺរ៉ុប និងធំបំផុតទី៣ ទូទាំងពិភពលោកបានទិញក្នុងទំហំ៨ពាន់៥រយលានដុល្លារ ប៊ុលហ្គារី បានទិញក្នុងទំហំ១,៥ពាន់លានដុល្លារ ហើយសាធារណរដ្ឋឆែក បានទិញក្នុងទំហំ៥,៦ពាន់លានដុល្លារ។
ដោយឡែក ក្រៅពីនៅតំបន់អឺរ៉ុប ក៏មានប្រទេសជាច្រើនផ្សេងទៀត ដែលទិញសព្វាវុធពីសហរដ្ឋអាម៉េរិក ក្នុងទំហំច្រើនដែរ ក្នុងឆ្នាំ២០២៣ ដោយក្នុងនោះរួមមាន កូរ៉េខាងត្បូង បានទិញក្នុងទំហំ៥ពាន់លានដុល្លារ អូស្ត្រាលី បានទិញក្នុងទំហំ៦,៣ពាន់លានដុល្លារ ហើយជប៉ុន ដែលមានសេដ្ឋកិច្ចធំបំផុតទី៤ ទូទាំងពិភពលោកបានទិញក្នុងទំហំ១ពាន់លានដុល្លារ៕
ដោយ: តែម សុខុម