
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ថា កងកម្លាំងអាម៉េរិក បានវាយប្រហារលើទីតាំងនុយក្លេអ៊ែរបស់អ៊ីរ៉ង់ ចំនួន៣កន្លែងដោយជោគជ័យ និងបានព្រមានថា ទីក្រុងតេហេរ៉ង់នឹងរងការវាយប្រហារថែមទៀតប្រសិនបើអ៊ីរ៉ង់មិនព្រមទទួលយកសន្តិភាព។ ការវាយប្រហាររបស់អាម៉េរិកនេះ បានបង្ហាញពីការលូកដៃចូលកាន់តែជ្រៅក្នុងជម្លោះនៅតំបន់មជ្ឈិមបូព៌ារបស់អាម៉េរិក ដែលធ្វើឱ្យគេរំពឹងថា ជម្លោះនៅតំបន់នេះនឹងកាន់តែតានតឹងបន្ថែមទៀត។
ក្រុមវិនិយោគិនរំពឹងថា ការវាយប្រហាររបស់អាម៉េរិកនេះនឹងជំរុញឱ្យមានការលក់ភាគហ៊ុនថោកៗ និងជំរុញឱ្យមានការទិញប្រាក់ដុល្លារ និងទ្រព្យសម្បត្តិដែលមានសុវត្ថិភាពផ្សេងទៀត ប៉ុន្តែវានៅតែមានភាពមិនច្បាស់លាស់ពីការវិវត្តនៃជម្លោះនេះ។ ការកើនឡើងជម្លោះអាចជះផលប៉ះពាល់ចម្រុះដល់តម្លៃប្រាក់ដុល្លារអាម៉េរិក ដែលបានធ្លាក់ចុះនៅឆ្នាំនេះ ដោយសារតែការព្រួយបារម្ភអំពីការធ្លាក់ចុះឥទ្ធិពលរបស់អាម៉េរិក។ ប៉ុន្តែក្រុមអ្នកវិភាគបាននិយាយថា ការចូលដៃដោយផ្ទាល់របស់អាម៉េរិក ក្នុងសង្រ្គាមអ៊ីរ៉ង់-អ៊ីស្រាអែលនេះអាចធ្វើឱ្យប្រាក់ដុល្លារទទួលបានអត្ថប្រយោជន៍ដំបូងពីការស្វែងរកសុវត្ថិភាពវិនិយោគ។
ក្រុមអ្នកវិនិយោគបានអះអាងថា ក្តីបារម្ភដ៏សំខាន់សម្រាប់ទីផ្សារនៅពេលនេះ គឺផ្តោតលើផលប៉ះពាល់នៃការវិវត្តនៃជម្លោះនៅមជ្ឈិមបូព៌ា ទៅលើតម្លៃប្រេង និងអតិផរណា។ ការកើនឡើងអតិផរណាអាចបង្អាក់ទំនុកចិត្តអ្នកប្រើប្រាស់ និងកាត់បន្ថយឱកាសនៃការកាត់បន្ថយអត្រាការប្រាក់ក្នុងរយៈពេលខ្លី។
តម្លៃប្រេងឆៅនៅលើទីផ្សារអង់គ្លេស បានកើនឡើង១៨% ចាប់តាំងពីថ្ងៃទី១០ ខែមិថុនា ដោយឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត៥ខែកន្លងមកនេះ ដោយឡើងដល់ជិត៨០ដុល្លារក្នុងមួយធុងបារ៉ែល៕
ដោយ៖ សុខ មង្គល