ប្រទេសចិន-សហរដ្ឋអាមរិក

ទីភ្នាក់ងារអាមេរិកខាងវាយតម្លៃគណនេយ្យសហគ្រាសថ្លែងថា របាយការណ៍សវនកម្មចិនមានចន្លោះប្រហោងច្រើន


ទីភ្នាក់ងាររដ្ឋាភិបាលអាមេរិកបាននិយាយកាលពីថ្ងៃពុធថា ក្រុមអ្នកឃ្លាំមើលគណនេយ្យនៅសហរដ្ឋអាមេរិកបានរកឃើញចំណុចខ្វះខាតដែលមិនអាចទទួលយកបាននៅក្នុងរបាយការសវនកម្មរបស់ក្រុមហ៊ុនចិនដែលចុះបញ្ជីនៅសហរដ្ឋអាមេរិក។ របាយការណ៍ទាំងនោះធ្វើឡើងដោយក្រុមខេភីអិមជី (KPMG) ក្នុងប្រទេសចិន និងក្រុមហ៊ុន ប្រៃស៍វ៉តធឺហៅស៍ឃូភើ (PricewaterhouseCoopers) ក្នុងទីក្រុងហុងកុង។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរបស់រើយធឺ។
ទីភ្នាក់ងារអាមេរិកខាងវាយតម្លៃគណនេយ្យសហគ្រាសថ្លែងថា របាយការណ៍សវនកម្មចិនមានចន្លោះប្រហោងច្រើន

ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យគណនេយ្យក្រុមហ៊ុនសាធារណៈសហរដ្ឋអាមេរិក ដែលហៅកាត់ថា ភីស៊ីអេអូប៊ី (PCAOB) បានផ្សាយការរកឃើញភាពមិនប្រក្រតីតាមរយៈអធិការកិច្ចរបស់ខ្លួន បន្ទាប់ពីទទួលបានរបាយការណ៍ពីក្រុមសវនករសហគ្រាសចិនជាលើកដំបូងកាលពីឆ្នាំមុន។

ក្រុមប្រឹក្សានេះបានចរចាជាងមួយទសវត្សរ៍ជាមួយអាជ្ញាធរចិន ដើម្បីមានសិទ្ធិពិនិត្យមើលរបាយការណ៍សវនកម្មរបស់ក្រុមហ៊ុនចិនដែលចុះបញ្ជីនៅសហរដ្ឋអាមេរិក។ ការផ្ដល់សិទ្ធិឱ្យអាជ្ញាធរសហរដ្ឋអាមេរិកពិនិត្យរបាយការណ៍សវនកម្មរបស់ក្រុមហ៊ុនចិនទាំងនោះ បានជួយឱ្យសហគ្រាសដែលមានមូលដ្ឋាននៅប្រទេសចិន ប្រហែល ២០០ ក្រុមហ៊ុន អាចរក្សាវត្តមានរបស់ពួកគេនៅក្នុងផ្សារហ៊ុនអាមេរិកបាន។

លោកស្រី អេរីកា វីលៀម (Erica Williams)​ ប្រធានក្រុមប្រឹក្សាភិបាលត្រួតពិនិត្យគណនេយ្យក្រុមហ៊ុនសាធារណៈសហរដ្ឋអាមេរិក ​បានអះអាងកាលពីថ្ងៃពុធថា កង្វះខាតមានច្រើនណាស់រហូតដល់សវនករមិនអាចមានភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់លើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនចិនទាំងនោះ។

លោកស្រីបានលើកឡើងថា ក្រុមហ៊ុននានា ក្នុងនោះមានពីរនៅក្នុងចំណោមក្រុមហ៊ុនដែលគេហៅថាក្រុមហ៊ុនធំទាំង ៤ ក្នុងប្រព័ន្ធគណនេយ្យពិភពលោក តំណាងឱ្យ ៤០% នៃចំណែកទីផ្សារក្រុមហ៊ុនដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក ត្រូវបានធ្វើសវនកម្មដោយក្រុមហ៊ុនគណនេយ្យនៅហុងកុងនិងចិនដីគោក។

ជុំវិញការអះអាងនេះ ក្រុមហ៊ុន PricewaterhouseCoopers នៅហុងកុង បាននិយាយថា ខ្លួនកំពុងធ្វើការជាមួយក្រុមប្រឹក្សាភិបាលត្រួតពិនិត្យគណនេយ្យក្រុមហ៊ុនសាធារណៈសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាដែលបានលើកឡើង និងបានកត់សម្គាល់ថារបាយការណ៍សវនាកម្មនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់កិច្ចសហប្រតិបត្តិការរបស់សហរដ្ឋអាមេរិក និងចិន។ ទន្ទឹមនឹងនេះ KPMG Huazhen នៅក្នុងប្រទេសចិន បាននិយាយតាមរយៈសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានចាត់វិធានការដើម្បីដោះស្រាយបញ្ហាដែលក្រុមប្រឹក្សាភិបាលត្រួតពិនិត្យគណនេយ្យក្រុមហ៊ុនសាធារណៈសហរដ្ឋអាមេរិកបា​នរកឃើញ។

ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យគណនេយ្យក្រុមហ៊ុនសាធារណៈសហរដ្ឋអាមេរិក​ បានអះអាងថា ចន្លោះប្រហោងនានាអាចបង្កើនការព្រួយបារម្ភក្នុងចំណោមវិនិយោគិនជុំវិញភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុសាធារណៈរបស់ក្រុមហ៊ុនចិនដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក។ តែទោះជាយ៉ាងនេះក្តី វិនិយោគិនមួយចំនួនបាននិយាយថា ការរកឃើញនេះអាចជួយកែលម្អប្រព័ន្ធគណនេយ្យរបស់ក្រុមហ៊ុនចិន។

លោកស្រី អេរីកា រីលៀម បាននិយាយថា ការពិតដែលថាយើងបានរកឃើញចំណុចខ្វះខាតជាច្រើន គឺជាសញ្ញាមួយបង្ហាញថាអភិក្រមអធិការកិច្ចមានដំណើរការ ហើយឥឡូវនេះយើងអាចនិយាយអំពីការធ្វើឱ្យក្រុមហ៊ុនមានទំនួលខុសត្រូវ និងអំពីការជំរុញគុណភាពសវនកម្ម។

លោកស្រី អេរីកា វីលៀម បានបញ្ជាក់ទៀតថា ស្ថាប័នលោកស្រីនឹងផ្តល់រយៈពេលមួយឆ្នាំឱ្យក្រុមហ៊ុនសវនកម្មទាំងពីរខាងលើ ដើម្បីបំពេញកង្វះខាតក្នុងរបាយការណ៍របស់ខ្លួន ហើយក្រុមប្រឹក្សានេះនឹងបញ្ជូនករណីនេះទៅក្រុមពង្រឹងច្បាប់របស់ខ្លួននាឱកាសសមស្រប។ ការស៊ើបអង្កេតបែបនេះនៅទីបំផុតអាចនាំឱ្យមានការពិន័យជាប្រាក់ ឬអាចរារាំងក្រុមហ៊ុនសវនកម្មមិនឱ្យធ្វើការងារសម្រាប់ក្រុមហ៊ុនដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក៕




អត្ថបទបន្ទាប់


អតិផរណាទំនិញប្រចាំថ្ងៃនៅចិនធ្លាក់ចុះទាបបំផុតក្នុងរយៈពេល ២ ឆ្នាំ ខណៈផលិតកម្មបន្តថយចុះ

កាលពីខែមេសា តម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃនៅប្រទេសចិនបានកើនឡើងតិចតួចបំផុតក្នុងរយៈពេលជាង ២ ឆ្នាំ ខណៈ ក្នុងវិស័យឧស្សាហកម្មឯណោះ សកម្មភាពផលិ…

ធនាគារ UOB របស់សិង្ហបុរីពង្រីកទីផ្សារនៅថៃនិងវៀតណាម ស្របពេលមានកំណើនសេដ្ឋកិច្ចនៅអាស៊ាន

ធនាគារយូណាយធីត អូវើស៊ី (United Overseas Bank) ដែលជាអ្នកផ្តល់ប្រាក់កម្ចីដ៏ធំមួយរបស់ប្រទេសសិង្ហបុរី កំពុងបោះជំហានឆ្ពោះទៅទីផ្សារនៅតំបន់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ