នៅតាមបណ្តាហាង និងផ្សារទំនើបធំៗនៅអាមេរិក ដែលធ្លាប់តែទទួលបានភ្ញៀវច្រើនអំឡុងពេលនៃទិវាទិញទំនិញ Black Friday នៅឆ្នាំនេះ គឺមានតែអតិថិជនជាក្រុមតូចៗ ដែលពាក់ម៉ាស់ និងមិនចាំបាច់តម្រង់ជួររង់ចាំទិញទំនិញទៀតឡើយ។
មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជម្ងឺឆ្លងរបស់អាមេរិកបានព្រមានថា សកម្មភាពទិញទំនិញនៅក្នុងហាង ដែលមានមនុស្សច្រើន គឺជាសកម្មភាពដែលមានហានិភ័យខ្ពស់ ដូច្នេះហើយអតិថិជនជាច្រើន បានងាកទៅប្រើប្រាស់ប្រព័ន្ធពាណិជ្ជកម្មតាមអនឡាញវិញ។
បើតាមការព្យាកររបស់ក្រុមហ៊ុនលក់ទំនិញធំៗ ទិវាទិញទំនិញ Black Friday និងទិវា Cyber Monday នឹងអាចជំរុញការលក់ទំនិញតាមប្រព័ន្ធអនឡាញ ឲ្យកើនឡើងដល់ ៩ពាន់លានដុល្លារអាមេរិក ឬ ១០ពាន់លានដុល្លារអាមេរិក។
សហព័ន្ធវិស័យលក់រាយថ្នាក់ជាតិអាមេរិក បានប៉ាន់ប្រមាណថា ការលក់ទំនិញនៅអំឡុងថ្ងៃឈប់សម្រាករបស់អាមេរិកក្នុងឆ្នាំ ២០២០នេះ នឹងសម្រេចបានប្រមាណ ៧៦០ពាន់លានដុល្លារអាមេរិកកើន ៥% ធៀបទៅនឹង ឆ្នាំ២០១៩៕