
ប្រធានធនាគារកណ្ដាលអាម៉េរិក លោក ជើរ៉ូម ផៅវែល (Jerome Powell) ត្រូវបានគេព្យាករថា អាចនឹងរក្សាអត្រាការប្រាក់ឱ្យនៅដដែលដោយគ្មានការផ្លាស់ប្តូរ ដោយសារទិន្នន័យរបស់រដ្ឋាភិបាល ដែលចេញផ្សាយកាលពីថ្ងៃសុក្រ សប្ដាហ៍មុន បង្ហាញពីកំណើនការងារដ៏រឹងមាំ ដោយការងារថ្មីៗអំឡុងខែមេសា កន្លងទៅសម្រេចបានកំណើនជាង១៧ម៉ឺន៧ពាន់កន្លែង។ ជាធម្មតា ទីផ្សារការងារដែលមានស្ថិរភាព ពិតជាជួយគាំទ្រដល់សេចក្ដីសម្រេចចិត្តរបស់ធនាគារកណ្ដាលអាម៉េរិក ក្នុងការរក្សាអត្រាការប្រាក់ឱ្យនៅដដែលដោយគ្មានការផ្លាស់ប្ដូរ។
ជាលទ្ធផលនៃវិធានការរបស់ធនាគារកណ្ដាលអាម៉េរិក ក្នុងការទប់អតិផរណាបង្ហាញថា តម្លៃទំនិញពេលនេះកំពុងធ្លាក់ចុះបន្តិចម្តងៗហើយ ហើយជាធម្មតានេះ គឺជាដំណឹងដ៏ល្អ។ ប៉ុន្តែពន្ធនាំចូលថ្មីៗរបស់សហរដ្ឋអាម៉េរិក ប្រឈមហានិភ័យធ្វើឱ្យអតិផរណាហក់ឡើងវិញ។
ជាការពិតណាស់ថា ភាពមិនប្រាកដប្រជា គឺជាបញ្ហាដ៏ធំបំផុតសម្រាប់ធនាគារកណ្តាលនានាជុំវិញពិភពលោករួមទាំងធនាគារកណ្ដាលអាម៉េរិកផងនៅពេលនេះ។ ការពិភាក្សាអំពីពន្ធគយដែលសេតវិមានកំពុងបន្តធ្វើឡើង អាចនឹងធ្វើឱ្យទស្សនវិស័យសេដ្ឋកិច្ចប្រែប្រួលយ៉ាងឆាប់រហ័ស ជាកត្តាដែលធ្វើឱ្យទីផ្សារពិបាកនឹងព្យាករអំពីស្ថានភាពសេដ្ឋកិច្ចនៅពេលដ៏ខ្លីខាងមុខ។
ងាកទៅមើលអឺរ៉ុបឯណោះវិញឃើញថា ធនាគារកណ្តាលអឺរ៉ុប បានបន្តបញ្ចុះអត្រាការប្រាក់ជាបន្តបន្ទាប់ដោយសារការប្រមើឃើញអតិផរណានឹងបន្តធ្លាក់ចុះទាប និងសន្ទុះកំណើនសេដ្ឋកិច្ចយឺតដោយសារពន្ធគយដ៏ចម្រូងចម្រាសរបស់សហរដ្ឋអាម៉េរិក៕
ដោយ: តែម សុខុម