ប្រទេសចិន បានក្តោបចំណែកទីផ្សារលក់របស់ក្រុមហ៊ុន Applied Materials រហូតដល់ទៅ៤៣% ចន្លោះពីខែកុម្ភៈ ដល់ខែមេសា ឆ្នាំនេះ ដោយបានកើនឡើង២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកការលក់របស់ក្រុមហ៊ុន Lam Research នៅប្រទេសចិនវិញ បានកើនពី២០% ឡើងដល់៤២% នៅត្រីមាសទី១ឆ្នាំនេះ។ តាមរយៈលទ្ធផលនេះវាហាក់ដើរផ្ទុយពីផែនការរបស់ក្រុងវ៉ាស៊ីនតោន ដែលខិតខំទប់ស្កាត់ការនាំចេញបច្ចេកវិទ្យា និងឧបករណ៍បន្ទះឈីបទំនើបៗទៅកាន់ប្រទេសចិន។
គួរបញ្ជាក់ថា រដ្ឋាភិបាលសហរដ្ឋអាម៉េរិក កាលពីឆ្នាំ២០២២ បានរឹតបន្តឹងការនាំចេញឧបករណ៍ផលិតបន្ទះសៀគ្វី ដែលប្រើសម្រាប់ផលិតគ្រឿងបន្ទះឈីបទំនើបៗក្នុងបំណងទប់ស្កាត់ការរីកចម្រើនរបស់ទីក្រុងប៉េកាំង នៅក្នុងវិស័យនេះ ប៉ុន្តែបរិក្ខារសម្រាប់ផលិតផលទំនិញប្រើប្រាស់មិនស្ថិតក្នុងផ្នែកនៃការរឹតបន្តឹងនេះទេ។
នៅក្នុងព្រឹត្តិការណ៍ឧស្សាហកម្មបន្ទះឈីប ស៊ីមីខុន វេស (Semicon West) ដែលរៀបចំធ្វើនៅក្នុងទីក្រុង San Francisco រហូតដល់ថ្ងៃព្រហស្បតិ៍ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់អាម៉េរិក បានប្រកាសពីជោគជ័យលើកម្មវិធីមួយទៀត គឺច្បាប់បន្ទះឈីប និងវិទ្យាសាស្រ្ត។ ច្បាប់នេះបានអនុម័តក្នុងឆ្នាំ២០២២ ដោយផ្តល់ប្រាក់ឧបត្ថម្ភចំនួនជិត៥៣ពាន់លានដុល្លារសម្រាប់ការស្រាវជ្រាវ និងការផលិតបន្ទះឈីបនៅក្នុងទឹកដីអាម៉េរិក ដែលជំរុញឱ្យក្រុមហ៊ុនបន្ទះឈីបប្រកាសពីផែនការវិនិយោគធំៗមួយចំនួន។ ក្រុមហ៊ុនទាំងនេះ រួមមាន ក្រុមហ៊ុន Intel ក្រុមហ៊ុន Samsung Electronics និងក្រុមហ៊ុនតៃវ៉ាន់ TSMC ផងដែរ៕
អត្ថបទ៖ សុខ មង្គល