ការនាំចេញកម្ពុជា​

សភាអាមេរិកបានអនុម័តការបន្តកម្មវិធីនៃការអនុគ្រោះពន្ធ (GSP) ដល់កម្ពុជារហូត​ដល់​ចុងឆ្នាំ២០២០


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានប្រាប់សារព័ត៌មាន ខេមបូណូមីស ថា អាមេរិក នឹងបន្តកម្មវិធីនៃការអនុគ្រោះពន្ធ (GSP) រហូតដល់ចុងឆ្នាំ២០២០ បន្ទាប់ពី សភាអាមេរិកបានអនុម័តសេចក្តីព្រាងច្បាប់ H.R 4979 កាលពីពាក់កណ្តាលខែកុម្ភៈឆ្នាំ២០១៨នេះ ក្រោមសម្លេង ៤០០ ទល់នឹង 2 សម្លេង។ សេចក្តីព្រាងច្បាប់នេះនឹងបន្តកម្មវិធីនៃការអនុគ្រោះពន្ធ (GSP) ដែលប្រទេសកម្ពុជា និង ប្រទេសកំពុងអភិវឌ្ឍតិចតួចបានទទួលអត្ថប្រយោជន៍កន្លងមក និង គ្របដណ្តប់លើការបង់ពន្ធ ចាប់តាំង ពីកម្មវិធីនេះបានបញ្ចប់តាំងពីចុងឆ្នាំ២០១៧កន្លងមកថ្មីៗនេះ។
វិស័យ​កាត់ដេរ​កម្ពុជា
ដោយ

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បានបញ្ជាក់​ប្រាប់ អ្នកយកព័ត៌មាន​ខេមបូណូមីស ថា​សេចក្តីព្រាង​ច្បាប់ H.R 4979 របស់អាមេរិក​ដែលបន្តកម្មវិធី​នៃការអនុគ្រោះពន្ធ (GSP)នេះ នឹងត្រូវឆ្លងកាត់​ព្រឹទ្ធសភា​​អាមេរិក នាពេលឆាប់ៗ​ខាងនេះហើយ មុននឹង​ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ ចុះហត្ថលេខា​ដើម្បីក្លាយជា​ច្បាប់ពេញលេញ​តែម្តង។

ការអនុគ្រោះពន្ធ (GSP) ដែលអនុញ្ញាត​ឲ្យផលិតផល​មួយចំនួន​មិនមាន​លក្ខណ​វេទិយិត​ពីប្រទេស កំពុងអភិវឌ្ឍន៍​​ចំនួន​ ១២០ ប្រទេស ដែលរួមមាន​កម្ពុជាផងដែរ​នោះ នាំចូលទៅ​កាន់សហរដ្ឋអាមេរិក​បាន​អស់​សុពលភាព ​កាលពី​ចុងឆ្នាំ​២០១៧ មកម្ល៉េះ។ ក៏ប៉ុន្តែ កម្មវិធី​នៃការអនុគ្រោះពន្ធ GSP នេះ រំពឹងថានឹងត្រូវ​បន្តរហូត​ដល់​ចុង​ឆ្នាំ​២០២០ បន្ទាប់ សភាសហរដ្ឋ​អាមេរិក​អនុម័ត​ក្រោមសម្លេង​៤០០សម្លេង ទល់​នឹង២សម្លេង​។​កម្មវិធីនៃការ​​អនុគ្រោះ GSP របស់សហរដ្ឋ​អាមេរិក​ នាពេលកន្លងមក បានធ្វើឲ្យ​ការនាំចេញនៃវិស័យ​មួយ​ចំនួន​ ដូចជា ការនាំចេញ​ផលិតកាបួប សម្រាប់ធ្វើដំណើរ​មានការ​កើនឡើង។

យោងតាម​តួលេខ​របស់ការិយាល័យស្ថិតិ​ សហរដ្ឋអាមេរិក​បានបង្ហាញថា ពីខែកក្កដា ឆ្នាំ២០១៧បញ្ជាក់​ថាការនាំចូល​របស់​អាមេរិក ក្រោមក្រប​ខណ្ឌការ​អនុគ្រោះពន្ធ GSP មានទំហំ​ទឹកប្រាក់​ប្រមាណជាង​ ១៨ ពាន់លាន​ដុល្លារអាមេរិក។ ចំណែក ការនាំចេញរបស់​កម្ពុជាក្រោម​ក្របខណ្ឌ​ការអនុគ្រោះពន្ធ​នេះ ទៅកាន់​សហរដ្ឋ​អាមេរិក មានទំហំ​ទឹកប្រាក់​ជាង ១៦០លានដុល្លារ។​

រូបភាពផលិតផលស្បែកជើង

កាលពី​ឆ្នាំ២០១៧ ទាំង ក្រសួងពាណិជ្ជកម្ម និង សមាគមរោងចក្រកាត់ដេរ​កម្ពុជា បានធ្វើការបញ្ចុះ​បញ្ចូល​​សហរដ្ឋអាមេរិក​ឲ្យពិនិត្យ​អនុញ្ញាត ឲ្យផលិតផល​វាយភណ្ឌ សំលៀក​បំពាក់ និង ស្បែកជើង ស្ថិត​​នៅក្រោម​ការអនុគ្រោះ​ពន្ធ​នេះដែរ ក៏ប៉ុន្តែ ហាក់មិនទាន់​បានទទួល​ព័ត៌មាន​អ្វីដែលថ្មី​នៅឡើយទេ​ សម្រាប់​ការស្នើ​សុំនេះ បើទោះបីជា​កម្មវិធីនៃការ​អនុគ្រោះពន្ធ GSP នេះ ត្រូវបាន​អនុម័ត​ដោយសភាសហរដ្ឋ​អាមេរិក​កាលពីពេលថ្មីៗ​នេះក៏ដោយ។

លោក ឡុង កែមវិចិត្រ អ្នកនាំ​ពាក្យក្រសួង​ពាណិជ្ជកម្ម និង លោក លី តេកហេង ដែលជាប្រធាន​គ្រប់គ្រង​ផ្នែកប្រតិបត្តិការ​ នៃសមាគម​រោង​ចក្រកាត់​ដេរ​កម្ពុជា ​បានបញ្ជាក់​ដូចគ្នាថា​ក្រសួងពាណិជ្ជកម្ម និង ខាងសមាគម​នៅតែ​បន្ត​ធ្វើការ​បញ្ចុះបញ្ជូល​​ឲ្យសហរដ្ឋ​អាមេរិក​​ដាក់ផលិតផល​ស្បែកជើង សម្លៀក​​បំពាក់​ស្ថិតនៅក្រោម​ការអនុគ្រោះ GSP​ ដដែល។

តាមសេចក្តី​ប្រកាស​ព័ត៌មាន​កន្លងមក របស់សមាគម​រោងចក្រកាត់ដេរ​នៅកម្ពុជា​បានបញ្ជាក់ថា​សម្រាប់ផលិតផល​ស្បែកជើង​ មានទំហំទឹក​ប្រាក់ប្រមាណ​ ១៨០ លានដុល្លារ នៃទឹក​ប្រាក់​សរុប​ប្រមាណ ​២៤៥ លាន​ដុល្លារ នៃ​ការ​នាំចេញ​​ផលិត​ផល​ស្បែកជើង​​របស់កម្ពុជា​​ក្នុងឆ្នាំ ២០១៦ គឺស្ថិតនៅក្នុង​ចំនាត់​ថ្នាក់​នៃការ​ទទួល​​បានការ​អនុគ្រោះពន្ធ​តាមរយៈ​កម្មវធី​ GSP នេះ។

តាមរយៈ​កម្មវិធី​នៃការអនុ​គ្រោះពន្ធ (GSP) កាល​ពីឆ្នាំ ២០១៦វិញ កម្ពុជាទទួល​បានការអនុ​គ្រោះពន្ធ​លើ​ផលិត​ផល​កាបូប​ធ្វើដំណើរ​សម្រាប់នាំចូល​ទីផ្សារ​របស់​សហរដ្ឋអាមេរិក​។​

លោក លីតេកហេង ប្រធាន​គ្រប់គ្រង​ផ្នែកប្រតិបត្តិការ​​នៃសមាគម​​រោងចក្រ​កាត់ដេរ​នៅកម្ពុជា​​បានបញ្ជាក់ថា ​គ្រាន់តែ​កម្ពុជាទទួល​បាន​ការ​អនុគ្រោះពន្ធ​ ​លើផលិតផល​សម្រាប់ធ្វើដំណើរ ការវិនិយោគលើ​រោងចក្រ​ផលិត​ ផលិតផល​សម្រាប់ធ្វើ​ដំណើរ​​មានការ​កើនឡើង​​យ៉ាងគំហុក។ លោកបាន​បន្ថែមថា រោងចក្រផលិត​កាបូប​សម្រាប់ធ្វើដំណើរ​មានការកើនឡើង​​ពី៣រោងចក្រ មករហូត​ដល់ ២០​រោងចក្រ​នៅគិតមក​ត្រឹមដើម​ឆ្នាំ​២០១៨នេះ៕

None



អត្ថបទបន្ទាប់


តើ​កំណើនធនាគារនិងមីក្រូហិរញ្ញវត្ថុ​បង្កើតភាពវិជ្ជមាន​ឬ​អវិជ្ជមាន​អ្វីខ្លះ?

បច្ចុប្បន្ន នៅកម្ពុជាមានកំណើនធនាគារ និង មីក្រូហិរញ្ញវត្ថុគួរឲ្យកត់សម្គាល់។ លោក យុន សុវណ្ណា នាយក​ប្រតិបត្តិ​នៃ​សមាគមមីក្រូ​ហិរញ្ញវត្ថុកម្ពុជា…

រយៈពេល ៥ឆ្នាំ កម្ពុជាចំណេញពីការលក់ផលិតផលឧស្សាហកម្ម ប៉ុន្មានម៉ឺនលានដុល្លារ?

នៅក្នុងរយៈពេល៥ឆ្នាំចុងកន្លងមកនេះ កម្ពុជាលក់ចេញផលិតផលនៅក្នុងវិស័យឧស្សាហកម្មក្នុងតម្លៃទឹកប្រាក់ប្រមាណ ជាង ៤,៣ ម៉ឺនលានដុល្លារអាមេរិក ដែលមាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ