លោកខេវិន ម៉ាកាធី ប្រធានសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋកាលពីថ្ងៃអង្គារ ត្រូវបានសភាជិកសភាសាធារណរដ្ឋខ្លួនឯងបោះឆ្នោតទម្លាក់ចេញពីកៅអី នៅពីរថ្ងៃ ក្រោយពេលដែលមានចោទប្រកាន់លោកថា បានក្បត់កាសន្យាចំពោះក្រុមសាធារណរដ្ឋ និងព្រមព្រៀងដោយសម្ងាត់ជាមួយបក្សប្រជាធិបតេយ្យ។ អវត្តមានប្រធានសភានៅក្នុងស្ថាប័ននីតិបញ្ញតិដ៏មានឥទ្ធិពលនេះ កំពុងធ្វើឱ្យគេចោទសួរថា នរណាជាអ្នកជំនួសបន្ទាប់ពីលោក និងក៏កំពុងរុញឱ្យមានចលាចលក្នុងជួរបក្សសាធារណរដ្ឋផង និងសភាតំណាងរាស្រ្តផង។
សារព័ត៌មានអន្តរជាតិធំៗបានចុះផ្សាយដោយកាលពីថ្ងៃអង្គារថា សមាជិកសភាស្តាំនិយមមកពីបក្សសាធារណរដ្ឋដឹកនាំដោយលោកម៉ាត ហ្កេតតំណាងរាស្រ្តមកពីរដ្ឋហ្វរីដា បានរួមគ្នាបោះឆ្នោតដកតំណែងលោកម៉ាកាធីភ្លាមៗ ក្នុងសម្លេង២១៦ទល់នឹង២១០សម្លេង។
លោកម៉ាកាធីបានប្រាប់អ្នកកាសែតថា លោកនឹងមិនកាន់តំណែងជាប្រធានសភាទៀតទេ។ មុននឹងឈានមកដល់ដំណាក់នេះ កាលពីថ្ងៃចន្ទតំណាងរាស្ត្រលោកម៉ាត ហ្កេតបានប្រកាសថា លោកនឹងដាក់ពាក្យសុំឱ្យដកតំណែងប្រធានសភាលោកម៉ាកាធី។ ហេតុផលនេះគឺថា លោកម៉ាកាធីបានក្បត់នឹងការសន្យាចំបក្សសាធារណរដ្ឋខ្លួនឯង និងបានគាំទ្រចេញច្បាប់បណ្តោះអាសន្នមួយ ដើម្បីផ្ដល់មូលនិធិចំណាយ ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាលសហព័ន្ធកាលពីថ្ងៃសៅរិ៍សប្តាហ៍មុន។ ច្បាប់នោះហើយ គឺជាដើមចមនៃការមិនចេញចិត្តរបស់ក្រុមសាធារណរដ្ឋដែលថា វាបានផ្តល់ប្រយោជន៍ដល់ក្រុមប្រជាធិបតេយ្យជាង។
យ៉ាងណា មកទល់នឹងពេលនេះគេមិនទាន់ដឹងថា នរណានឹងចូលមកជំនួសតំណែងកំពូលក្នុងស្ថាប័នសភានេះនៅឡើយទេ ហើយក៏កំពុងជំរុញឱ្យមានភាពចលាចលបន្ថែមទៀត។ តែយ៉ាងហោចណាស់លោកផាទ្រីក ម៉ាហេនរី ដែលជាតំណាងរាស្ត្រមកពីបក្សសាធារណរដ្ឋ និងជាដៃគូលោកម៉ានកាធី នឹងត្រូវបានតែងតាំងជាប្រធានសភាបណ្តោះអាសន្នសិន។ បច្ចុប្បន្ន កៅអីទាំង៤៣៥នៃសភាតំណាង គឺមានតំណាងរាស្ត្រមកពីបក្សសាធារណរដ្ឋចំនួន២២១នាក់ និងបក្សប្រជាធិបតេយ្យ២១២រូប។ នៅក្នុងស្ថានការបន្ទាប់បែបនេះ គេនឹងនៅរង់ចាំមើលបន្តទៀតចំពោះការដោះស្រាយនយោបាយបញ្ហាផ្ទៃក្នុងរវាងបក្សទាំងពីរ មុននឹងឈានដល់ការតែងតាំងប្រធានសភាថ្មីនៅប៉ុន្មានសប្តាហ៍ខាងមុខ។