សំណើរការចំណាយនេះ កំពុងដំណើរការដើម្បីដាក់ឲ្យសភាអាមេរិកធ្វើការអនុម័តនៅពេលខាងមុខ។ ទោះយ៉ាងណា ការស្នើកញ្ចប់ថវិកាចំណាយថ្មីនេះ អាចនឹងមានការតឹងតែងសម្រាប់ការឈានទៅទទួលបានការអនុម័តពីសភា ដ្បិតថា សភាអាមេរិកក៏ទើបតែអនុម័តថវិកាជិត២ទ្រីលានអាមេរិករួចថ្មីៗ សម្រាប់ការជំរុញសេដ្ឋកិច្ច និងដោះស្រាយបញ្ហាកូវីដ-១៩។
លោក ចូ បៃឌិន និយាយថា «យើងនឹងប្រើប្រាស់លុយពលរដ្ឋដែលបង់ពន្ធចូលរដ្ឋ ដើម្បីកសាងអាមេរិកឡើងវិញ។ យើងនឹងទិញផលិតផលផលិតដោយជនជាតិអាមេរិក គាំទ្រការងាររាប់លានកន្លែងសម្រាប់រោងចក្រនៅអាមេរិក, បង្កើនសមត្ថភាពប្រកួតប្រជែងនៅក្នុងពិភពលោកដែលកំពុងមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងៗ។»
ស្របពេលដែលអាមេរិក ទើបតែងាកមកគិតគូរចំពោះការអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំបែបនេះ គេសង្កេតឃើញថា ប្រទេសចិនបានចាប់ផ្ដើមគិតគូររៀបចំផែនការនេះ រាប់ឆ្នាំមកហើយ។ យ៉ាងណាមិញ នៅក្នុងខែកុម្ភៈកន្លងទៅនេះ រដ្ឋាភិបាលចិន បានដាក់ចេញផែនការ១៥ឆ្នាំ សម្រាប់បណ្ដាញដឹកជញ្ជូនរបស់ខ្លួន ហើយចិនក៏មានគោលដៅ នឹងពង្រីកបណ្ដាញផ្លូវដែកពីចង្ងាយជាង១៤ម៉ឺនគីឡូម៉ែត្រ ដែលមាននៅឆ្នាំ២០២០ ឲ្យបានដល់ ២០ម៉ឺនគីឡូម៉ែត្រនៅត្រឹមឆ្នាំ២០៣៥។
ចិនក៏មានផែនការពង្រីកបន្ថែម អាកាសយានដ្ឋានស៊ីវិលថ្មីចំនួន ១៦២អាកាសយានដ្ឋាន បន្ទាប់ពីទីក្រុងប៉េកាំងទើបតែបើកដំណើរការអាកាយន្ដដ៏ធំមួយតម្លៃ ១១ពាន់លានដុល្លារកាលពីឆ្នាំមុននេះ។
ផ្ទុយពីចិន អាមេរិកបានសាងសង់ព្រលានយន្ដហោះថ្មីៗ និងខ្នាតធំតិចតួចណាស់ បើគិតតាំងពីអំឡុងពាក់កណ្ដាលឆ្នាំទសវត្សរ៍១៩៩០មក។
របាយការណ៍ស្ដីពីហេដ្ឋារចនាសម្ព័ន្ធសង្គមនៃវិស្វករស៊ីវិលឆ្នាំ២០២១របស់អាមេរិក បានឲ្យដឹងថា មាន៤៣%នៃផ្លូវថ្នល់នៅអាមេរិកគឺស្ថិតនៅក្នុងស្ថានភាពអន់ ឬមិនសូវល្អ និងមានស្ពានប្រហែលជាង៦១ម៉ឺនស្ពាននៅអាមេរិក គឺមានអាយុកាលមិនតិចជាង៥០ឆ្នាំនោះទេ និងមានប្រហែល៧,៥% គឺត្រូវបានចាត់ទុកថាខ្វះចន្លោះរចនាសម្ព័ន្ធ៕