
តាំងពីដាក់ចេញវិធានការពន្ធគយមកដល់ពេលនេះ រដ្ឋាភិបាលសហព័ន្ធក្រោមការដឹកនាំរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ប្រមូលចំណូលពន្ធគយបានជិត៤៦ពាន់លានដុល្លារ មានការកើនឡើងជាង១៤ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ កំណើនចំណូលពន្ធគយនេះ ត្រូវបានជំរុញដោយការដាក់ពន្ធលើទំនិញចិន ១៤៥% និងពន្ធលើដែកថែប អាលុយមីញ៉ូម រថយន្ត ដែលនាំចូលពីកាណាដា និងម៉ិកស៊ិក២៥%។ ជាមួយនឹងសមិទ្ធផលនេះ រដ្ឋបាលលោក ត្រាំ កំពុងដាក់គោលដៅដោះស្រាយវិបត្តិបំណុលរបស់សហរដ្ឋអាម៉េរិក ដែលមានទំហំប្រមាណ៣៦ទ្រីលានដុល្លារ។
អ្នកវិភាគបានលើកឡើងថា កាលណាលោក ត្រាំ និយាយពីកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតកិច្ចព្រមព្រៀងជាមួយដៃគូពាណិជ្ជកម្មរបស់អាម៉េរិក នោះរូបភាពពន្ធបដិការនឹងកាន់តែមានភាពច្របូកច្របល់។ លោក ឆាត បោន (Chad Bown) អ្នកជំនាញជាន់ខ្ពស់នៅវិទ្យាស្ថាន Peterson សម្រាប់សេដ្ឋកិច្ចអន្តរជាតិ បានលើកឡើងថា លោកពិតជាពិបាកក្នុងការយល់ពីចំណាត់ការច្បាស់លាស់របស់លោក ត្រាំ លើបញ្ហាពន្ធបដិការ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗ។
អ្នកវិភាគកត់សម្គាល់ឃើញថា នៅពេលនិយាយពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងបញ្ហាពន្ធ លោក ត្រាំ តែងតែពឹងផ្អែកលើឯកសារមួយ ដែលមានចំណងជើងថា The Art of the Deal ដែលគេអាចចាត់ទុកថាជាផែនការមេរបស់លោក ខណៈសេដ្ឋកិច្ចពិភពលោកបន្តស្ថិតក្នុងភាពមិនច្បាស់លាស់។
បច្ចុប្បន្នពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើជំនួបពិភាក្សារវាងមន្ត្រីជាន់ខ្ពស់អាម៉េរិក និងចិន លើបញ្ហាសង្រ្គាមពន្ធ១៤៥% ដែលអាម៉េរិក ដាក់លើទំនិញចិន និង១២៥% ដែលចិន ដាក់លើទំនិញសហរដ្ឋអាម៉េរិក៕
ដោយៈ សរ សុជាតិ