
លោកស្រី គ្រីស្ទីន ឡាហ្គាដ (Christine Lagarde) ប្រធានធនាគារកណ្ដាលអឺរ៉ុប (ECB) បានថ្លែងកាលពីថ្ងៃទី២៦ ខែឧសភា ថា ប្រាក់អឺរ៉ូ អាចនឹងក្លាយជាជម្រើសដ៏រឹងមាំជំនួសប្រាក់ដុល្លារអាម៉េរិក ហើយវានឹងនាំមកនូវអត្ថប្រយោជន៍ដ៏ធំសម្បើមដល់សហភាពអឺរ៉ុប ប្រសិនបើបណ្ដារដ្ឋាភិបាលក្នុងសហភាពអឺរ៉ុប អាចពង្រឹងប្រព័ន្ធហិរញ្ញវត្ថុ និងប្រព័ន្ធសន្តិសុខរបស់ប្លុកនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
ដោយមានការព្រួយបារម្ភចំពោះគោលនយោបាយសេដ្ឋកិច្ច ដែលពិបាកនឹងព្យាករដឹងមុនរបស់សហរដ្ឋអាម៉េរិក បណ្ដាវិនិយោគិនទូទាំងពិភពលោកកំពុងកាត់បន្ថយការ
កាន់កាប់ទ្រព្យសកម្មគិតជាប្រាក់ដុល្លារអាម៉េរិក នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ប៉ុន្តែវិនិយោគិនខ្លះបានងាកទៅសម្រុកទិញចូលមាសជំនួសវិញ ព្រោះពួកគេមិនទាន់ឃើញថា រូបិយប័ណ្ណមួយណាដែលអាចជំនួសប្រាក់ដុល្លារអាម៉េរិក ឱ្យពិតប្រាកដ។
ជាការពិតតួនាទីរបស់ប្រាក់អឺរ៉ូ នៅទូទាំងពិភពលោកហាក់នៅទ្រឹង ពោលគឺឈប់លូតលាស់ទៅមុខអស់ជាច្រើនទសវត្សរ៍មកហើយ ដោយសារតែស្ថាប័នហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប នៅមិនទាន់មានលក្ខណៈពេញលេញនៅឡើយ ហើយបណ្ដារដ្ឋាភិបាលនៃប្រទេសអឺរ៉ុប ក៏បានបង្ហាញចំណាប់អារម្មណ៍តិចតួចក្នុងការធ្វើសមាហរណកម្មបន្ថែមទៀត។
អំឡុងពេលផ្ដល់បាឋកថានៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ លោកស្រី គ្រីស្ទីន ឡាហ្គាដ បានថ្លែងថា ស្ថានការណ៍ផ្លាស់ប្តូរក្នុងពិភពលោកនាពេលបច្ចុប្បន្នផ្តល់ឱកាសដ៏ល្អសម្រាប់ប្រាក់អឺរ៉ូ ពង្រីកវត្តមានរបស់ខ្លួនឱ្យកាន់តែទូលំទូលាយនៅក្នុងពិភពលោក ប៉ុន្តែរឿងនេះនឹងមិនកើតឡើងដោយឯកឯងនោះទេ ពោលគឺត្រូវកែលម្អដ៏ច្បាស់លាស់ និងម៉ឺងម៉ាត់។
លោកស្រីបានសង្កត់ធ្ងន់ថា ដើម្បីសម្រេចបាននូវគោលដៅដ៏មហិច្ឆតានេះ អឺរ៉ុប ត្រូវការទីផ្សារមូលធនដែលមានភាពរឹងមាំជាងនេះ ព្រមទាំងប្រព័ន្ធច្បាប់ និងប្រព័ន្ធសន្តិសុខដែលល្អប្រសើរជាងនេះ ដើម្បីជួយគាំទ្រការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបើកចំហពាណិជ្ជកម្ម។
សូមបញ្ជាក់ថា តួនាទីនៃប្រាក់ដុល្លារអាម៉េរិក បានធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំ ហើយពេលនេះប្រាក់ដុល្លារអាម៉េរិក មានចំណែកគ្របដណ្ដប់ត្រឹមតែ៥៨% ប៉ុណ្ណោះនៃទុនបម្រុងអន្តរជាតិ របស់ពិភពលោកទាំងមូល ដែលជាកម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ។ ទោះជាយ៉ាងណា ប្រាក់ដុល្លារអាម៉េរិក មានចំណែកគ្របដណ្ដប់ខ្ពស់ជាងឆ្ងាយ បើធៀបនឹងប្រាក់អឺរ៉ូ ដែលមានចំណែកគ្របដណ្ដប់ត្រឹមតែ២០%៕
ដោយ: តែម សុខុម