វិស័យសេដ្ឋកិច្ច

អ្នកជំនាញសេដ្ឋកិច្ចអាម៉េរិកថា កុំទាន់សប្បាយនឹងជោគជ័យនៃការគ្រប់គ្រងអត្រាអតិផរណា


ទោះបីជាស្ថានភាពសេដ្ឋកិច្ចសហរដ្ឋអាម៉េរិកមកដល់ពេលនេះបានបង្ហាញភាពវិជ្ជមាន ហើយភាពតានតឹងលើបញ្ហាសម្ពាធអតិផរណាកំពុងតែធូរស្រាលក៏ពិតមែន ប៉ុន្តែអ្នកជំនាញនៅតែបន្តពញ្ញាក់ឱ្យមានការប្រុងប្រយ័ត្ន បើទោះបីអត្រាការប្រាក់ស្ថិតក្នុងស្ថានភាពមិនប្រែប្រួលក្តី។ អត្រាអតិផរណានៃស្ថានភាពសេដ្ឋកិច្ចអាម៉េរិក បានស្រកចុះពី៦,៥%នៅដើមឆ្នាំ២០២២ មកនៅត្រឹម២,៦% នៅចុងឆ្នាំ២០២៣។ ប៉ុន្តែធនាគារកណ្តាលអាម៉េរិកបានដាក់ផែនការបញ្ចុះសម្ពាធអតិផរណានេះឲ្យដល់កម្រិតប្រមាណជា២ %។
វិស័យសេដ្ឋកិច្ច
ដោយ

លោក ណែល កាស្ការី (Neel Kashkari) ប្រធានធនាគារកណ្តាលអាម៉េរិក ប្រចាំនៅរដ្ឋមីនីសូតា បាននិយាយថា វាជាការឆាប់ពេកហើយក្នុងការប្រកាសជ័យជម្នះលើអតិផរណា បើទោះបីជាមានសញ្ញាវិជ្ជមាន ក្រោយសម្ពាធតម្លៃមានភាពធូរស្រាលក៏ដោយចុះ។

នៅក្នុងបទសម្ភាស​ជាមួយទូរទស្សន៍ Fox News អ្នកជំនាញរូបនេះ បានលើកឡើងថា មុនអាចប្រកាសថា អាម៉េរិកបានបញ្ចប់ទាំងស្រុងលើការអនុវត្តគោលនយោបាយគ្រប់គ្រងអតិផរណា និងបានដោះស្រាយបញ្ហានេះដោយជោគជ័យ លុះត្រាទទួលបានទិន្នន័យបន្ថែមទៀតសិន។ សម្រាប់អ្នកជំនាញរូបនេះ អាម៉េរិកពិតជាត្រូវការមូលដ្ឋាននៃសេដ្ឋកិច្ចបន្ថែមទៀត មុនអាចបង្ហាញពី ការវិវត្តន៍ទៅមុខ នៃការគ្រប់គ្រងសេដ្ឋកិច្ច។

លោកបាននិយាយថា ខណៈពេលនេះអាម៉េរិកមានទិន្នន័យប្រមាណជាបីខែប៉ុណ្ណោះស្តីពីអតិផរណា ដូច្នេះវាមិនគ្រប់គ្រាន់ទេនៅក្នុងការចេញសេចក្តីសន្និដ្ឋានណាមួយ។ លោកបានបន្ថែមថា «យើងពិតជាត្រូវការនូវទិន្នន័យបន្ថែម ហើយនៅពេលនេះយើងកំពុងតែបន្តស្វែងរក ដើម្បីមើលថា តើយើងពិតជាបានយកឈ្នះនិងអាចគ្រប់គ្រងអតិផរណាមែនឫក៏អត់សិន»។

លោក ណែល កាស្ការី បានគូសបញ្ជាក់ថា ហានិភ័យនៃការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ គឺមានភាពល្អប្រសើរ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយលោកបារម្ភថា អតិផរណាអាចនឹងផ្ទុះឡើងម្តងទៀត។ លោក ណែល កាស្ការី បាននិយាយនៅក្នុងបទសម្ភាស​មួយទៀតជាមួយ Wall Street Journal ថា ការរឹតបន្តឹងនឹងមិនអាចធ្វើឱ្យអាម៉េរិកត្រលប់ទៅរកកម្រិតអតិផរណាដល់២%វិញបានទេនៅពេលនេះ។

ពាក់ព័ន្ធនឹងបញ្ហាអតិផរណានេះ លោក ជេរ៉ូម ផូវែល (Jerome Powell) ប្រធានក្រុមប្រឹក្សាភិបាលធនាគារកណ្តាលអាម៉េរិក បាននិយាយថា អត្រាអតិផរណានេះ គឺមានទំនាក់ទំនងជាពិសេសនៅក្នុងការសម្រេចិត្តបញ្ចុះអត្រាការប្រាក់ ដែលនៅពេលនេះធនាគារកណ្តាលនៅតែ​បន្តកម្រិតមធ្យមភាគពី៥,២៥%​ ទៅ៥,៥% ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងរយៈពេល២២ឆ្នាំ។

ដោយឡែកពាក់ព័ន្ធនឹងបញ្ហាអត្រាការប្រាក់លោក ណែល កាស្ការី បានសង្កត់ធ្ងន់ថា វាហាក់ដូចជាឆាប់ពេកហើយក្នុងការនិយាយថា តើត្រូវការការដំឡើងអត្រាការប្រាក់បន្ថែមទៀត ឬអត់នោះនៅពេលនេះ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីប្លុកប្រទេស BRICS មានផែនការបង្កើតទីភ្នាក់ងារវាយតម្លៃឥណទានអន្តរជាតិដូចគ្នាទៅនឹងទីភ្នាក់ងារវាយតម្លៃឥណទានរបស់អាម៉េរិក?

ព័ត៌មាន
ប្លុកប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ខ្លាំង ហៅកាត់ថា BRICS ដែលមានសមាជិកស្ថាបនិកចំនួន៥រួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្ប…

ពលរដ្ឋវៀតណាមនៅបរទេសផ្ញើប្រាក់មកស្រុកបានជិត២០០ពាន់លានដុល្លារ នៅក្នុងរយៈពេលជិត៣ទសវត្សរ៍

ព័ត៌មាន
ពលរដ្ឋវៀតណាម ដែលរស់នៅ និងធ្វើការនៅឯបរទេសបានផ្ញើប្រាក់មកស្រុកវិញបានរហូតដល់ជិត២០០ពាន់លានដុល្លារអាម៉េរិក គិតចាប់ពីឆ្នាំ១៩៩៣ មកទល់នឹងឆ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ