សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកនៅភ្នំពេញ ស្តីពីការបង្វែរថវិកានៃគម្រោងព្រៃឡង់បៃតង របស់ទីភ្នាក់ងារជំនួយអាមេរិក USAID បានឲ្យដឹងទៀតថា ក្រោយពីបញ្ចប់ជំនួយដល់ស្ថាប័នរដ្ឋាភិបាល សហរដ្ឋអាមេរិកនឹងបង្វែរជំនួយទៅជួយវិស័យឯកជន សង្គមស៊ីវិល និងការងារ របស់សហគមន៍មូលដ្ឋាន ដើម្បីកែលម្អមុខរបរប្រកបជីវភាពរស់នៅ និងពង្រីកកសិកម្ម ដែលមិនប៉ះពាល់បរិស្ថានវិញ។ សហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា លើបញ្ហាបរិស្ថាន និងបម្រែបម្រួលអាកាសធាតុ ដែលជាកង្វល់រួមរបស់យើង និងរបស់ពិភពលោក ដោយរួមទាំងការធ្វើការតាមរយៈកិច្ចសហការជាដៃគូរវាងសហរដ្ឋអាមេរិក និងតំបន់ទន្លេមេគង្គ។
សេចក្ដីប្រកាសព័ត៌មានដដែលនេះ បានលើកឡើងថា សហរដ្ឋអាមេរិកបានធ្វើការចំណាយថវិកាចំនួនជាង ១០០ លានដុល្លារ លើកម្មវិធីមួយចំនួន សម្រាប់ប្រយុទ្ធប្រឆាំងនឹងបញ្ហាទាំងនេះ នៅកម្ពុជា តាមរយៈទីភ្នាក់ងារជំនួយ អាមេរិក USAID ។ តាំងពីតាំងពីឆ្នាំ ២០១៦ មក ទោះបីជាមានការគាំទ្រ របស់ទីភ្នាក់ងារជំនួយ អាមេរិក USAID ដើម្បីឲ្យមានការដើរល្បាត ការបណ្តុះបណ្តាលដល់ផ្នែកអនុវត្តច្បាប់ច្រើនថែមទៀត និងការរៀបចំបង្កើតប្រព័ន្ធគ្រប់គ្រងតំបន់ការពារថ្នាក់ជាតិក៏ដោយ ក៏តំបន់ដែនជម្រកសត្វព្រៃនៅព្រៃឡង់ នៅតែបានបាត់បង់ដដែល នូវផ្ទៃដីព្រៃប្រមាណ ៣៨ ០០០ ហិកតា គឺជិត ៩% នៃព្រៃឈើសរុបនៅទីនោះ។
សេចក្ដីថ្លែងការណ៍ពីទូតអាមេរិកបន្ថែមទៀតថា ការកាប់ឈើខុសច្បាប់ដែលត្រូវបានបញ្ជាក់ច្បាស់ នៅតែបន្តមាន នៅក្នុងនិងជុំវិញដែនជម្រកសត្វព្រៃ នៅព្រៃឡង់ ហើយអាជ្ញាធរ កម្ពុជាមិនបានធ្វើការកាត់ទោសបានសមល្មម ចំពោះបទល្មើសសត្វព្រៃ ឬបញ្ឈប់សកម្មភាពខុសច្បាប់ទាំង នេះឡើយ។ លើសពីនេះទៀត អាជ្ញាធរបានបន្តបំបិទសម្លេង ហើយធ្វើទុក្ខសហគមន៍ មូលដ្ឋាន និងសង្គមស៊ីវិល ដែលជាដៃគូ របស់គេ ដែលបង្ហាញកង្វល់ដ៏សមហេតុផល លើការបាត់បង់ធនធានធម្មជាតិ របស់គេ។ បើទោះបីប្រទេសកម្ពុជាសម្រេចបាននូវដំណើរចម្រើនទៅមុខខ្លះ នៅក្នុងការការពារបរិស្ថានក្តី តែ សហរដ្ឋអាមេរិកបាន សម្តែងនូវកង្វល់ម្តង ហើយម្តងទៀតលើការកាប់បំផ្លាញព្រៃឈើ ដែលនៅតែមានច្រើន នៅក្នុងតំបន់ការពារ ពិសេស នៅដែនជម្រកសត្វព្រៃ នៅព្រៃឡង់ ជាទីដែលទីភ្នាក់ងារជំនួយ អាមេរិក USAID បានចំណាយធនធានជាច្រើន។
អាមេរិកក៏បានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការច្រើនថែមទៀត រវាងរដ្ឋាភិបាលកម្ពុជា សហគមន៍ មូលដ្ឋាន និងសង្គមស៊ីវិល ដើម្បីរកដំណោះស្រាយដើម្បីការពារព្រៃឡង់ និងបេតិកភណ្ឌធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាប្រយោជន៍ របស់ប្រជាជនកម្ពុជាទាំងអស់ និងពិភពលោក៕