ប្រទេសមហាអំណាចមួយចំនួនក្នុងពិភពលោកដឹកនាំដោយសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប បានត្រៀមកញ្ចប់ឧបត្ថម្ភធនចំនួន៣៨០ពាន់លានដុល្លារ សម្រាប់ការផលិតកម្មឧបករណ៍បន្ទះឈីបទំនើបៗនៅក្រុមហ៊ុនធំៗពីរ រួមមាន ក្រុមហ៊ុន Intel Corp របស់អាម៉េរិក និងក្រុមហ៊ុនផលិតបន្ទះឈីបរបស់តៃវ៉ាន់ TSMC។
ឥឡូវនេះប្រទេសទាំងនេះបានចាប់ផ្ដើមចាក់បញ្ចូលប្រាក់ឧបត្ថម្ភលើកដំបូងជិត៨១ពាន់លានដុល្លារសម្រាប់ឧស្សាហកម្មបន្ទះឈីប ដើម្បីជំរុញផលិតកម្មឧស្សាហកម្មដ៏មានឥទ្ធិពលមួយនេះ។ វិធានការនេះបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន ប្រឈមមុខនឹងទីក្រុងប៉េកាំងកាន់តែខ្លាំងឡើងទៅលើបច្ចេកវិទ្យាទំនើបមួយនេះ ដោយឈានដល់ចំណុចរបត់ដ៏សំខាន់មួយដែលអាចនឹងកំណត់ពីអនាគតនៃសេដ្ឋកិច្ចពិភពលោក។
មិនមែនមានតែបស្ចិមលោកប៉ុណ្ណោះទេ ដែលធ្វើបែបនេះ សូម្បីតែនៅតំបន់អាស៊ី ក៏មានការបង្កើនថវិកាសម្រាប់ការផលិតបន្ទះឈីបនេះដែរ។ ជាក់ស្ដែងរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេសកូរ៉េខាងត្បូងលោក ឆយ សាង មុក (Choi Sang-mok) ថ្មីៗនេះបាននិយាយថា ប្រទេសនេះកំពុងត្រៀមផែនការនៃការផ្ដល់ប្រាក់ឧបត្ថម្ភជាង៧ពាន់លានដុល្លារសម្រាប់ការវិនិយោគ និងការស្រាវជ្រាវពាក់ព័ន្ធនឹងបន្ទះឈីប។
លោក ឆយ បានអះអាងថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងប្រកាសពីព័ត៌មានលម្អិតនៃកញ្ចប់ថវិកានេះក្នុងពេលឆាប់ៗនេះ ដោយកំណត់គោលដៅទៅលើសម្ភារបន្ទះឈីប ក្រុមហ៊ុនផលិតឧបករណ៍បន្ទះឈីប និងក្រុមហ៊ុនពាក់ព័ន្ធដទៃទៀតនៅទូទាំងខ្សែច្រវាក់ផ្គត់ផ្គង់ឧស្សាហកម្មនេះ៕
អត្ថបទ៖ សុខ មង្គល