ការប្រុងប្រយ័ត្នលើការបោះទុនវិនិយោគនៅក្នុងប្រទេសចិន

ក្រុមហ៊ុនអាមេរិក និងអឺរ៉ុបបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀតលើការបោះទុនវិនិយោគនៅក្នុងប្រទេសចិន ចំពេលទំនាក់ទំនងប្រេះឆាខ្លាំង


ក្រុមហ៊ុនអន្តរជាតិរបស់អាមេរិក និងអឺរ៉ុបកំពុងបង្កើនការប្រុងប្រយ័ត្នមួយកម្រិតទៀត ចំពោះការបោះទុនវិនិយោគរបស់ពួកគេនៅក្នុងប្រទេសចិន ក្រោយពីបានមើលឃើញថា ទំនាក់ទំនងចិន និងអាមេរិក កាន់តែរកាំរកូសទៅៗ នៅមួយរយៈចុងក្រោយ ពិសេសនៅបន្ទាប់ពីមានបញ្ហាបាឡុងរបស់ចិនហោះចូលដែនអាកាសអាមេរិកនាពេលចុងក្រោយនេះតែម្ដង។ នេះបើយោងតាមការប្រឹក្សាអំពីហានិភ័យវិនិយោគហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNBC។
ក្រុមហ៊ុនអាមេរិកនិងអឺរ៉ុបបង្កើនការប្រុងប្រយ័ត្នក្នុងការរកស៊ីនៅចិនក្រោយទំនាក់ទំនងកាន់តែយ៉ាប់!

លោក រីឆាត ម៉ាទីន(Richard Martin) នាយកគ្រប់គ្រងនៃស្ថាប័នវាយតម្លៃ IMA Asia បាននិយាយថា ភាពតានតឹងផ្នែកពាណិជ្ជកម្មដែលកំពុងបន្ត មិនទាន់ស្រាកស្រាន្ដរបស់សហរដ្ឋអាមេរិកជាមួយប្រទេសចិន គឺជាហេតុផលចម្បងសម្រាប់ការប្រុងប្រយ័ត្ន ចំពោះការវិនិយោគរបស់ក្រុមហ៊ុនអាមេរិក។

លោកម៉ាទីន បានប្រាប់ CNBC ថា៖ គ្មានអ្វីគួរសង្ស័យនោះទេ គឺដោយសារភាពតានតឹង និងហានិភ័យនៃជម្លោះភូមិសាស្ត្រនយោបាយ ទើបធ្វើឱ្យក្រុមហ៊ុនកាន់តែប្រយ័ត្នប្រយែងកាន់តែខ្លាំងចំពោះការវិនិយោគក្នុងប្រទេសចិន។ និន្នាការប្រុងប្រយ័ត្នខ្ពស់នេះមិនមែនទើបចាប់ផ្តើមឡើងទេ ពោលគឺតាំងតែរដ្ឋបាលលោកត្រាំ ដែលបានចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្មជាមួយចិនមកម្ល៉េះ គ្រាន់តែស្ថានការណ៍បច្ចុប្បន្នកាន់តែធ្វើឱ្យក្រុមហ៊ុនទាំងនោះ ប្រុងប្រយ័ត្នមួយកម្រិតថែមទៀត។

ចូលមកដល់រដ្ឋបាលលោក ចូ បៃឌិន អាមេរិកកំពុងត្រួតពិនិត្យ និងពិចារណាលើការដករនាំងពន្ធគយមួយចំនួន ដែលរដ្ឋបាលមុនបានដាក់ចេញហើយ ប៉ុន្តែគេមិនរំពឹងថា រឿងនេះនឹងកើនឡើងឆាប់ៗនោះទេ ដោយសារតែបច្ចុប្បន្នទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន មិនត្រឹមតែមិនបានចាប់ដៃគ្នាទៅរកភាពល្អប្រសើរនោះទេ ផ្ទុយទៅវិញ វាកាន់តែមើលមុខគ្នាមុនត្រង់។

ជាក់ស្តែង សំណុំរឿងបាឡុងចារកម្ម បានធ្វើឱ្យអាមេរិក និងចិន ប្រើសំដីធ្ងន់ៗដាក់គ្នា ពិសេសនៅក្រោយពេលដែលប្រមុខការទូតកំពូលនៃប្រទេសទាំងពីរបាន ជួបគ្នាកាលពីសប្តាហ៍មុន នៅទីក្រុងមូនិច ប្រទេសអាល្លឺម៉ង់។ ចិនបដិសេធសុំទោសអាមេរិកដាច់ខាតចំពោះ រឿងបាឡុងដែលហោះចូលទឹកដីអាមេរិក ខណៈមន្ត្រីវ៉ាស៊ីនតោនប្រាប់ចិនថា មិនត្រូវឱ្យមានរឿងនេះកើតឡើងម្តងទៀតជាដាច់ខាត។ លើសពីនេះ អាមេរិកក៏បានព្រមានចិនឱ្យនៅឆ្ងាយពីការលូកដៃចូលជួយរុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែនផងដែរ។

ដោយឡែក សម្រាប់ក្រុមហ៊ុនមកពីខាងអឺរ៉ុបវិញម្តង គឺពួកគេកាន់តែមានហានិភ័យច្រើនជាងក្រុមហ៊ុនអាមេរិកទៅទៀត ដែលទាមទារឱ្យពួកគេត្រូវប្រុងប្រយ័ត្នកាន់តែខ្ពស់ដែរ ចំពោះការវិនិយោគនៅប្រទេសចិន។

ប្រុងប្រយ័ត្នកាន់តែខ្ពស់ក៏ដោយសារតែ បន្ថែមពីលើហានិភ័យដោយសារទំនាក់ទំនងអាមេរិក-ចិន ក្រុមហ៊ុនអឺរ៉ុប ត្រូវប្រយ័ត្នពីទំនាក់ទំនងចិន-រុស្ស៊ីមួយទៀត។ ជុំវិញបញ្ហាសង្គ្រាមនេះ ចិនមិនបានថ្កោលទោសរុស្ស៊ីនោះឡើយ ហើយថែមទាំងបានប្រកាសពីទំនាក់ទំនងគ្មានដែនកំណត់ជាមួយគ្នាថែមទៀត។ ជាមួយគ្នានេះ គេមើលឃើញថា ចិនក៏ទទួលបានប្រយោជន៍សេដ្ឋកិច្ចនិងពាណិជ្ជកម្មពីរុស្ស៊ីជាច្រើនដែរនៅអំឡុងពេលនេះ។ ក្រុមហ៊ុនចិន ខ្លះនៅបន្តរកស៊ីជាមួយម៉ូស្គូដដែល ទោះបីជាមានទណ្ឌកម្មពីលោកខាងលិច ដូច្នេះហើយក្រុមហ៊ុន អឺរ៉ុប ដែលរកស៊ីជាមួយក្រុមហ៊ុនចិនទាំងនោះក៏អាចរងសម្ពាធ ទៅតាមនោះផងដែរ។

យ៉ាងណាក៏ដោយចុះ ក្រុមហ៊ុនអន្តរជាតិអាមេរិក និងអឺរ៉ុបមិនអាចកាត់ផ្តាច់ទាំងស្រុងពីការវិនិយោគក្នុងប្រទេសចិននោះទេ។ ទោះបីកំណើនសេដ្ឋកិច្ចចិន នៅឆ្នាំ២០២២សម្រេចបានតែ៣% ខុសការំពឹងទុករបស់ប៉េកាំងថាមាន ៥,៥% ក៏ពិតមែន តែការបើកដំណើរការប្រទេសឡើងវិញរបស់ចិន នឹងជួយជំរុញកំណើនសេដ្ឋកិច្ចចិនក្នុងត្រីមាសទី២ឆ្នាំ២០២៣ និងកាន់តែបង្កើតបរិយាសវិនិយោគជាវិជ្ជមាន សម្រាប់ក្រុមហ៊ុនបរទេស៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន Meta ដាក់ចេញមុខងារថ្មីអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាច Verify គណនីខ្លួនឯងបាន ប៉ុន្តែត្រូវបង់ប្រាក់ប្រចាំខែ

ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook បានប្រកាសថា ខ្លួនបាននិងកំពុងដាក់ឱ្យប្រើប្រាស់សាកល្បងនូវមុខងារបង់ប្រាក់ប្រចាំខែ (Monthly s…

រូបិយបណ្ណរុស្ស៊ីឡើងថ្លៃវិញបន្តិចហើយ ក្រោយធ្លាក់ចុះដល់អត្រាទាបបំផុតក្នុងរយៈពេល១០ខែចុងក្រោយ

តម្លៃប្រាក់រូប្លដែលជារូបិយបណ្ណរបស់រុស្ស៊ីបានងើបឡើងវិញបន្តិចហើយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រោយពីនៅសប្តាហ៍មុនលុយរូប្លធ្លាក់ចុះដល់ទៅកម្រិតទាបបំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ