លោក ប្ល៊ីនខិន រដ្ឋមន្ត្រីការបរទេសអាមេរិក បានសង្កត់ធ្ងន់នៅក្នុងសវនាការនោះថា ប្រទេសចិនមិនបានផ្គត់ផ្គង់អាវុធដល់ រុស្ស៊ីនោះទេ ក៏ប៉ុន្តែលោកបានគូសបញ្ជាក់ថា ប្រទេសទាំង២នេះគឺជាដៃគូនឹងគ្នា ដោយគ្មានដែនកំណត់ ដូច្នេះហើយនាពេលអនាគតរុស្ស៊ីអាចនឹងជួយចិនក្នុងការផលិតអាវុធនុយក្លេអ៊ែរផងដែរ។
ក្តីកង្វល់ថ្មីរបស់អាមេរិកនេះ បានកើតចេញពីសហប្រតិបត្តិការនុយក្លេអ៊ែររវាងរុស្ស៊ី និងចិន ខណៈដែលនៅចន្លោះខែកញ្ញា និងខែធ្នូ រុស្ស៊ីបាននាំចេញបរិមាណដ៏ច្រើននៃសារធាតុអ៊ុយរ៉ាញ៉ូមសម្បូរទៅដោយសារធាតុរ៉ែខ្ពស់ទៅកាន់ប្រទេសចិន។ នេះបើតាមរបាយការណ៍កាលពីចុងខែកុម្ភៈចេញដោយទីភ្នាក់ងារ Bloomberg ដែលបានដកស្រង់ទិន្នន័យពីក្រុមអ្នកវិភាគរបស់អង់គ្លេស។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា សារធាតុអ៊ុយរ៉ាញ៉ូមនេះ ត្រូវបានគេចាត់ទុកថា ជាឥន្ធនៈសម្រាប់ដំណើរការម៉ាស៊ីនរ៉េអាក់ទ័រដ៏សំខាន់នៅក្នុងខេត្តហ្វូជៀន (Fujian) នៅប្រទេសចិន ដែលគេរំពឹងថានឹងចាប់ផ្តើមដំណើរការនៅឆ្នាំនេះ។
លោក ចន ផ្លាំ (John Plumb) ជំនួយការរដ្ឋមន្ត្រីការពារជាតិអាមេរិកទទួលបន្ទុកផ្នែកគ្រប់គ្រងគោលនយោបាយអវកាស និងនុយក្លេអ៊ែរ បាននិយាយនៅក្នុងសវនាការកាលពីដើមខែមីនាថា វាជារឿងគួរឱ្យព្រួយបារម្ភណាស់ ដែលឃើញរុស្ស៊ី និងចិនអាចឈានដល់កាសហការគ្នាលើបញ្ហានេះលើការផលិតនុយក្លេអ៊ែនេះ។
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកម្នាក់បានប្រាប់ Nikkei ថា អាមេរិកមិនសូវជាបានបង្កើនកិច្ចសន្ទនាជាមួយប្រទេសចិនអំពីសមត្ថភាពនុយក្លេអ៊ែរប៉ុន្មានទេ ដូច្នេះហើយអាមេរិកបានអំពាវនាវឱ្យទីក្រុងប៉េកាំងផ្តល់តម្លាភាពកាន់តែច្រើនលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
ប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់សភា គឺលោក ម៉ៃ ធឺនឺ (Mike Turner) និងសមាជិកគណបក្សសាធារណរដ្ឋជាន់ខ្ពស់២រូបទៀតបានប្រាប់លោក ចេក ស៊ូលីវ៉ាន (Jake Sullivan) ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានថា «កិច្ចសហប្រតិបត្តិការនុយក្លេអ៊ែររបស់រុស្ស៊ី និងសាធារណរដ្ឋប្រជាមានិតចិនមានដំណើរការហួសពីគម្រោងស៊ីវិលទៅទៀត»ដោយពួកគេបានប្រាប់ឱ្យរដ្ឋបាលរបស់លោក បៃដិន គួរតែប្រើគ្រប់មធ្យោបាយតាមលទ្ធភាពរបស់ខ្លួនដើម្បីបញ្ឈប់កិច្ចសហប្រតិបត្តិការដ៏គ្រោះថ្នាក់រវាងក្រុមហ៊ុនផលិតនុយក្លេអ៊ែរ Rosatom របស់រុស្ស៊ី និងប្រទេសចិន។
រដ្ឋបាលរបស់លោក បៃដិន បានរកឃើញថា ចិនកំពុងពង្រីកសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួនយ៉ាងខ្លាំង។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំចេញផ្សាយកាលពីខែវិច្ឆិកា ឆ្នាំមុន មន្ទីរបញ្ចកោណបានប៉ាន់ប្រមាណថា ចិននឹងបង្កើនឃ្លាំងអាវុធរបស់ខ្លួន៣ដង គឺឡើងដល់ ១៥០០ ក្បាលគ្រាប់នុយក្លេអ៊ែរនៅឆ្នាំ២០៣៥៕