ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃទី១៥ ខែកញ្ញា បាននិយាយថា «លោក ស៊ី ជីនពីង ពិតជាចង់ដឹង និងមានកង្វល់អំពីស្ថានការណ៍ក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែលោក ពូទីនបានសរសើរមេដឹកនាំចិនមិនដាច់ពីមាត់ ចំពោះអ្វីដែលខ្លួនហៅថា ជាជំហរ «មានតុល្យភាព» ចំពោះការឆ្លើយតបជុំវិញបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។
នៅក្នុងជំនួបទល់មុខគ្នាលើកដំបូងរបស់បុរសខ្លាំងទាំងពីរ លោក ស៊ី ជីនពីង បាននិយាយថា «លោកពិតជារីករាយណាស់ដែលបានជួប «មិត្តចាស់» ម្តងទៀត បន្ទាប់ពីលោក ពូទីន បានលើកឡើងពី ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ដើម្បីបង្កើតពិភពលោកឯកប៉ូល នឹងទទួលបរាជ័យ»។
លោក ពូទីន ក៏បាននិយាយចំពោះមុខលោក ស៊ី ជីនពីងថា «សមមិត្តជាទីគោរព» ដោយថា ជំហរប្រកបដោយតុល្យភាព» របស់មិត្តចិនក្នុងជម្លោះនៅអ៊ុយក្រែន គឺពិតជាត្រឹមត្រូវ។
ក្នុងនោះដែរ លោក Xi មិនបានលើកឡើងអំពីប្រទេសអ៊ុយក្រែននៅក្នុងសុន្ទរកថា ជាសាធារណៈរបស់លោកនោះឡើយ ហើយក៏មិនត្រូវបានគេលើកឡើងនៅក្នុងសុន្ទរករបស់ចិន នៃកិច្ចប្រជុំកំពូលដែលបានធ្វើឡើងនៅប្រទេសអ៊ូសបេគីស្ថាននោះដែរ។
បើយោងតាមទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា ប្រទេសចិនមានឆន្ទៈក្នុងការផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់ប្រទេសរុស្ស៊ី ដែលទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់ខ្លួន។
មែនទែនទៅ ភាពជាដៃគូគ្មានដែនកំណត់រវាង លោក Xi និង Putin ត្រូវបានចាត់ទុកថាជាការវិវត្តដ៏សំខាន់បំផុតមួយនៅក្នុងភូមិសាស្ត្រនយោបាយ បន្ទាប់ពីការរះត្រដែងឡើងរបស់ប្រទេសចិនក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ ជាមហាអំណាចក្នុងតំបន់អាស៊ី។
ជាមួយគ្នានោះ លោក ស៊ី ជីនពីង បានប្រាប់លោកពូទីនថា «ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសរុស្ស៊ី ដើម្បីដើរតួនាទីជាប្រទេសមហាអំណាចដែលឈានមុខគេ និងប្រកបដោយទំនួលខុសត្រូវ ក្នុងការជំរុញស្ថិរភាព និងភាពវិជ្ជមានទៅក្នុងពិភពលោកដែលពោរពេញទៅដោយភាពចលាចល»។
ទន្ទឹងគ្នានេះ អ្នកនាំពាក្យសេតវិមានអាមេរិកលោក John Kirby បាននិយាយថា ប្រទេសចិនគួរតែបដិសេធការគាំទ្រលើការឈ្លានពានរបស់រុស្ស៊ី ដោយលោកបានលើកឡើងក្នុងសារព័ត៌មានCNN ថា៖ «ពិភពលោកទាំងមូលគួរតែរួបរួមគ្នាប្រឆាំងនឹងអ្វីដែលលោកពូទីនកំពុងធ្វើ» ហើយនេះមិនមែនជាពេលវេលាសម្រាប់ធ្វើការធម្មតាជាមួយលោកពូទីនឡើយ»។
មួយវិញទៀត នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានថ្លែងថា «ទំនាក់ទំនងរវាងចិន និងរុស្ស៊ីមិនមែនភាពស៊ីជម្រៅក្នុងរយៈពេលត្រឹមតែមួយថ្ងៃ មួយសប្តាហ៍ ឬមួយខែនោះឡើយ ប៉ុន្តែវានឹងបន្តជាច្រើនឆ្នាំទៅមុខ»។
លោកបានបន្ថែមថា «ជាការពិតណាស់ យើងបានឃើញទំនាក់ទំនងនេះកាន់តែជិតស្និទ្ធកាន់តែខ្លាំងឡើង ហើយយើងក៏នឹងបន្តតាមដានភាពចូលជិតគ្នាថែមមួយកម្រិតទៀត តែប្រទេសនៅលើពិភពលោក មិនថា តែអាមេរិកនោះទេ ក៏ត្រូវតែស្វែងយល់ដូចគ្នា»។
ទោះបីជាយ៉ាងណាក្តី លោក ពូទីន ក៏បានចេញមុខគាំទ្រចិនចំពោះសំណុំរឿងកោះតៃវ៉ាន់ដែរ ដោយលោកបានសង្កត់ធ្ងន់ថា «រុស្សីនឹងប្រកាន់ភ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ «ចិនតែមួយ» ហើយយើងថ្កោលទោសយ៉ាងខ្លាំងនូវការបង្កហេតុពីសំណាក់សហរដ្ឋអាមេរិក នៅក្នុងច្រកសមុទ្រតៃវ៉ាន់»។
ភ្លាមៗ ខាងភាគីកោះតៃវ៉ាន់ បានថ្កោលទោសលោក ពូទីន ចំពោះការលើកឡើងបែបនេះ និងការស៊ីខ្សែគ្នារវាងទីក្រុងម៉ូស្គូ និងប៉េកាំងក្នុងការបន្តធ្វើសេចក្តីថ្លែងការណ៍បង្ខូចអធិបតេយ្យភាពតៃវ៉ាន់ នៅលើឆាកអន្តរជាតិផងដែរ៕