អាមេរិក-ចិន-កម្មវិធី TikTok

មេFBI អាមេរិក បារម្ភខ្លាំងថា ចិនអាចប្រើកម្មវិធី TikTok ជាអាវុធមកប្រជែងជាមួយខ្លួន


នាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) របស់អាមេរិក លោក Christopher Wray បានបង្ហាញក្តីកង្វល់របស់ខ្លួនចំពោះ TikTok ដែលជាកម្មវិធីវីដេអូខ្លីៗដ៏ពេញនិយមបំផុតរបស់ក្រុមហ៊ុនចិន ByteDance ទៅកាន់សភាអាមេរិកថា កម្មវិធីនេះនឹងបង្កការគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក ដោយលោកចោទថា ក្រុងប៉េកាំងនឹងប្រើប្រាស់វាក្នុងការប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់អាមេរិក។
នាយក FBI បារម្ភខ្លាច TikTok បង្កការគំរាមដល់សន្តិសុខជាតិអាមេរិក

លោកបានចែករំលែកទស្សនៈនេះ ទៅកាន់មន្រ្តីពាក់ព័ន្ធហើយ ដើម្បីពិចារណាថា តើគួរបន្តឱ្យមាន TikTok នៅលើទឹកដីអាមេរិកទៀត ឬយ៉ាងណា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានជាតិធំៗ។

លោក Wray បាននិយាយក្នុងកិច្ចប្រជុំសភាមួយកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ថា រដ្ឋាភិបាលចិនអាចនឹងប្រើប្រាស់ TikTok ដើម្បីគ្រប់គ្រងទិន្នន័យ ឬ កម្មវិធី software របស់អ្នកប្រើប្រាស់រាប់លាននាក់នៅអាមេរិក ហើយចំពោះមុខងារ algorithm ដែលក្រុមហ៊ុនប្រើប្រាស់ដើម្បីកំណត់ឥរិយាបថរបស់អ្នកប្រើប្រាស់នោះ នឹងត្រូវយកទៅប្រើក្នុងប្រតិបត្តិការដ៏មានឥទ្ធិពលរបស់ចិន។

នាយក FBI រូបនេះបានប្រាប់ទៅកាន់គណៈកម្មាធិការសន្តិសុខផ្ទៃក្នុងរបស់សភាអាមេរិកថា ក្រោមច្បាប់របស់ចិន គឺក្រុមហ៊ុនរបស់ចិនត្រូវតម្រូវឱ្យធ្វើអ្វីៗទាំងអស់ដែលរដ្ឋាភិបាលចិនចង់បាន ក្នុងនោះរួមទាំងការផ្តល់ព័ត៌មាន និងទិន្នន័យផ្សេងៗ ដែលវាជាឧបករណ៍មួយរបស់រដ្ឋាភិបាលចិន។ លោកថា មូលហេតុទាំងនេះ គឺគ្រប់គ្រាន់ដែលអាមេរិកត្រូវតែប្រុងប្រយ័ត្នឱ្យមែនទែន។

តែយ៉ាងណាមិញ អ្នកនាំពាក្យក្រុមហ៊ុន TikTok លោកស្រី Brooke Oberwetter បាននិយាយថា បើយោងតាមអ្វីដែលលោក Wray បាននិយាយនោះ គឺវានឹងអាចត្រូវដាក់ចូលក្នុងកិច្ចចរចារវាងក្រុមហ៊ុន និងរដ្ឋាភិបាលអាមេរិក។ លោកស្រីបន្តថា ក្រុមហ៊ុនកំពុងស្ថិតនៅដំណាក់កាលមួយក្នុងការបំពេញភាពចន្លោះប្រហោង ដែលជាក្ដីបារម្ភសម្រាប់សន្តិសុខជាតិអាមេរិកនេះផងដែរ។

គួរកត់សម្គាល់ដែរថា ក្តីកង្វល់នេះមិនមែនជារឿងថ្មីនោះទេ ពោលគឺ FBI ធ្លាប់បានបញ្ចេញក្តីបារម្ភរបស់ខ្លួនទៅកាន់គណៈកម្មាធិការខាងលើជាយូរមកហើយ អំពីការវិនិយោគបរទេសនៅក្នុងសហរដ្ឋអាមេរិក។

គណៈកម្មាធិការវិនិយោគបរទេស ដែលជាភ្នាក់ងាររបស់រដ្ឋាភិបាលអាមេរិក ក្នុងការពិនិត្យទៅលើការវិនិយោគណាដែលមានហានិភ័យដល់សន្តិសុខជាតិនោះ គឺកាលពីឆ្នាំ២០២០ បានបញ្ជាឱ្យក្រុមហ៊ុន ByteDance ដក TikTok ចេញវិញ ដោយបារម្ភខ្លាចថា ទិន្នន័យអ្នកប្រើប្រាស់អាមេរិក អាចនឹងធ្លាក់ដល់ដៃរដ្ឋាភិបាលកុម្មុយនិស្តចិន។ ជុំវិញរឿងនេះ បានធ្វើឱ្យភាគីទាំងពីរត្រូវចរចាគ្នាអស់រយៈពេលជាច្រើនខែ ទម្រាំឈានដល់កិច្ចព្រមព្រៀងមួយដែលធានាបានថា អាចការពារទិន្នន័យរបស់អ្នកប្រើប្រាស់ TikTok ជាង ១០០លាននាក់បាន។

លោក Vanessa Pappas នាយកប្រតិបត្តិ TikTok បានប្រាប់សភាអាមេរិកកាលពីខែកញ្ញាថា TikTok បាននឹងកំពុងបន្តដំណើរឆ្ពោះទៅកិច្ចព្រមព្រៀងចុងក្រោយជាមួយរដ្ឋាភិបាលអាមេរិក ដើម្បីធានាការពារទិន្នន័យអ្នកប្រើប្រាស់អាមេរិក ជាមួយនឹងផលប្រយោជន៍សន្តិសុខជាតិអាមេរិក។

សូមរំលឹកថា ក្នុងអំឡុងរដ្ឋបាលលោក ដូណាល់ ត្រាំ កាលពីឆ្នាំ២០២០ គឺអាមេរិកបានប៉ុនប៉ងរាំងស្កាត់អ្នកប្រើប្រាស់ថ្មីៗពីការទាញយកកម្មវិធី WeChat និង TikTok របស់ចិន ព្រមទាំងហាមឃាត់នូវប្រតិបត្តិការផ្សេងៗ ប៉ុន្តែគឺមិនទទួលបានជោគជ័យឡើយ ពោលគឺបានចាញ់ក្តីក្នុងតុលាការ ចំពោះវិធានការនេះ។

ចូលមកដល់ជំនាន់រដ្ឋបាលលោក ចូ បៃឌិន កាលពីខែមិថុនា ឆ្នាំ២០២១ គឺបានដកចេញច្បាប់របស់លោក ដូណាល់ ត្រាំ ជាបន្តបន្តាប់ ដែលពាក់ព័ន្ធនឹងការហាមឃាត់ការទាញយកកម្មវិធី ប៉ុន្តែក្រុងវ៉ាស៊ីនតោន បានចេញវិធានការថ្មីដោយបញ្ជាឱ្យក្រសួងពាណិជ្ជកម្ម ជាអ្នកពិនិត្យមើលនូវការគំរាមកំហែងសន្តិសុខនានា ដែលបង្កឡើងដោយកម្មវិធីទាំងនោះ៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីបរិស្ថាន៖ កម្ពុជាចូលរួមបដិភាគថវិកា ២,៣% នៃ GDP សម្រាប់សកម្មភាពប្រែប្រួលអាកាសធាតុ

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ អះអាងថា ការប្រែប្រួលអាកាសធាតុកំពុងញាំញីដល់ដំណើរការអភិវឌ្ឍន៍ដោយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូ…

អង្គការ WTO ព្រមានពីហានិភ័យការនៃធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងពិតប្រាកដនៅក្នុងប្រទេសសេដ្ឋកិច្ចធំៗ

ប្រធានអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានព្រមាននៅថ្ងៃពុធ ទី១៦ ខែវិច្ឆិកានេះថា ប្រទេសសេដ្ឋកិច្ចធំៗមួយចំនួនរបស់ពិភពលោក ប្រឈមមុខនឹងហានិភ័យ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ