ជំនួបទល់មុខរវាងចូ បៃឌិននិងស៊ី ជីនពីង

ជំនួបទល់មុខរវាងលោក ចូ បៃឌិន និងស៊ី ជីនពីងជាង៣ម៉ោង បានជជែកពីបញ្ហាក្ដៅៗអ្វីខ្លះ?


មិនដែលមានឡើយជំនួបផ្ទាល់អង្គុយទល់មុខជជែកគ្នារវាងថ្នាក់ដឹកនាំកំពូលអាមេរិកបច្ចុប្បន្ន និងមេដឹកនាំចិន បើរាប់ចាប់តាំងពីលោក ចូ បៃឌិន ឡើងជាប្រធានាធិបតីកាលពីដើមឆ្នាំ២០២១មក។ ជំនួបនៅកោះបាលី ជាង៣ម៉ោង កាលពីថ្ងៃទី ១៤ ខែវិច្ឆិកានោះ គឺជាជំនួបដ៏សំខាន់មួយ ដែលត្រូវបានគេមើលឃើញថា បានបន្ថយកម្ដៅបានខ្លះនៃភាពតានតឹងស្ទើរតែផ្ទុះនៃភាគីទាំងពីរ។
ជួបគ្នាផ្ទាល់លើកដំបូងចូបៃឌិននិយាយជាមួយស៊ីជីនពីងអស់៣ម៉ោង!

ច្បាស់ណាស់ដែលថា សំណុំរឿងកោះតៃវ៉ាន់នឹងត្រូវលោក ស៊ីជីនពីង និងលោក ចូ បៃឌិន យកមកនិយាយមុនគេ និងចាត់ទុកសំខាន់ជាងគេផងដែរក្នុងជំនួបលើកនេះ។

«ពួកយើង នឹងត្រូវប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លាបន្តទៀត ប៉ុន្តែខ្ញុំសុំនិយាយថា យើងនឹងមិនបង្កជម្លោះទេ ខ្ញុំកំពុងធ្វើឱ្យការប្រកួតប្រជែងមួយនេះប្រកបដោយការទទួលខុសត្រូវ»។ នេះជាអ្វីដែលប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន ថ្លែងប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំជាមួយសមភាគីចិន គឺលោក ស៊ី ជីនពីងអស់៣ម៉ោង។

ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានចុះផ្សាយដោយយោង សេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំថា លោកស៊ី ជីនពីង បានប្រាប់ទៅអាមេរិកដោយចាត់ទុកបញ្ហាកោះតៃវ៉ាន់ថាជាបន្ទាត់ក្រហមដំបូងគេក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិន ដែលវ៉ាស៊ីនតោនមិនត្រូវដើរហួសបន្ទាត់ក្រហមនេះឡើយ។ ប្រធានាធិបតីចិន ដែលទើបផ្តើមកាន់តំណែងសម្រាប់អាណត្តិទី៣រូបនេះ ប្រាប់ទៅលោក ចូ បៃឌិន ថា ការដោះស្រាយបញ្ហាកោះតៃវ៉ាន់ គឺសម្រាប់កិច្ចការផ្ទៃក្នុងរបស់ទីក្រុងប៉េកាំង និងរវាងចិននិងចិនប៉ុណ្ណោះ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បានឱ្យដឹងថា លោកស៊ី ជីនពីងបានប្រាប់ឱ្យអាមេរិកនិងចិន គួរតែយកប្រវត្តិសាស្ត្រធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងអ្វីដែលបានកើតឡើងពីមុន ហើយយកជាបទពិសោធន៍សម្រាប់ការដឹកនាំទៅអនាគត កុំឱ្យជាន់ដានប្រវត្តិសាស្ត្រទៀត។

ប៉ុន្តែលោកចូ បៃឌិន បានអះអាងថា លោកបានធានាចំពោះលោក ស៊ី ជីនពីង អំពីគោលនយោបាយរបស់សហរដ្ឋអាមេរិកលើកោះតៃវ៉ាន់ គឺមិនដែលមានការប្រែប្រួលឡើយ។ ក្នុងន័យនេះ អាមេរិកអស់រយៈពេលជាច្រើនទស្សវត្សរ៍មកហើយនោះ គឺនៅតែគាំទ្រលើគោលការណ៍ ចិនតែមួយ និងការគាំទ្រផ្នែកយោធាសម្រាប់កោះតៃវ៉ាន់។

ប្រធានាធិបតីអាមេរិករូបនេះ ក៏បានច្រានចោលការលើកឡើងដែលថា អាមេរិកព្យាយាមបង្កើតសង្គ្រាមត្រជាក់ថ្មីជាមួយចិន ខណៈវ៉ាស៊ីនតោនក៏ជឿជាក់ដែរថា ប៉េកាំងក៏មិនមានបំណងបង្កើតសង្គ្រាមត្រជាក់ថ្មីដូចគ្នា។

នៅពេលត្រូវអ្នកកាសែតចោទសួរពីករណីបើមានការវាយឈ្លានពានកោះតៃវ៉ាន់ ពីសំណាក់ប៉េកាំង លោកចូ បៃឌិនឆ្លើយយ៉ាងខ្លីថា លោកគិតថាមិនមានការប៉ុនប៉ងណាមួយពីភាគីចិន ដើម្បីឈ្លានពានតៃវ៉ាន់ទេ។

ដោយឡែក នៅក្នុងសំណុំរឿងកូរ៉េខាងជើងវិញ លោកចូ បៃឌិន ហាក់បានដាក់ការសង្ស័យលើទីក្រុងប៉េកាំងថា អាចមានឥទ្ធិពល ឬជាប់ពាក់ព័ន្ធនឹងការសាកល្បងមីស៊ីលកូរ៉េខាងជើង ច្រើនលើកច្រើនសារ និងដ៏ខ្លាំងក្លាមិនធ្លាប់មានពីមុនមក។ លោកលើកឡើងថា វាពិបាកសន្និដ្ឋានថា ចិនពិតជានៅពីក្រោយការសាកល្បងនេះ ឬអត់ ប៉ុន្តែអ្វីដែលលោកច្បាស់នោះ គឺចិនពិតជាមានទឹកមាត់ប្រៃអាចគ្រប់គ្រងលើព្យុងយ៉ាងបាន។

នៅក្នុងជំនួប៣ម៉ោងនោះ លោកបៃឌិនបានបញ្ជាក់ប្រាប់លោក ស៊ី ជីនពីងថា សហរដ្ឋអាមេរិកនឹងធ្វើអ្វីដែលខ្លួនត្រូវធ្វើដើម្បីការពារខ្លួនឯង ក៏ដូចជាសម្ព័ន្ធមិត្តទាំងកូរ៉េខាងត្បូង និងជប៉ុន។ ប្រការនេះទំនងធ្វើឱ្យជប៉ុននិងកូរ៉េខាងត្បូង ប្រឈមមុខច្រើនជាងមុនជាមួយចិន តែលោកអះអាងថា វាមិនមែនជាការប្រឆាំងនឹងចិនឡើយ។

គួរជម្រាបថា ក្រៅពីសំណុំរឿងខាងលើ មេដឹកនាំមហាអំណាចទាំងពីរបានពិភាក្សាគ្នាលើបញ្ហាសំខាន់ច្រើនទៀត ដូចជាការអនុវត្តសេដ្ឋកិច្ចមិនមែនទីផ្សាររបស់ទីក្រុងប៉េកាំង និងបញ្ហានៅស៊ីនជាំង ទីបេ និងហុងកុង និងអំពីបញ្ហាសិទ្ធិមនុស្សផងដែរ។

ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនបានធ្លាក់ដល់ចំណុចអាក្រក់បំផុតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារភាពតានតឹងកាន់តែខ្លាំងឡើងលើបញ្ហាជាច្រើនចាប់ពី សំណុំរឿងហុងកុង និងកោះតៃវ៉ាន់ រហូតដល់សមុទ្រចិនខាងត្បូង ការអនុវត្តពាណិជ្ជកម្ម និងការរឹតបន្តឹងរបស់សហរដ្ឋអាមេរិកលើបច្ចេកវិទ្យារបស់ចិន។

សូមបញ្ជាក់ ទីក្រុងប៉េកាំងបានបញ្ឈប់កិច្ចសន្ទនាផ្លូវការជាបន្តបន្ទាប់ជាមួយទីក្រុងវ៉ាស៊ីនតោន រួមទាំងការពិភាក្សាអំពីការប្រែប្រួលអាកាសធាតុ និងការពិភាក្សារវាងយោធានិងយោធា បន្ទាប់ពីប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី Nancy Pelosi ធ្វើឱ្យចិនខឹងសម្បារចំពោះដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់កាលពីខែសីហា។ ប៉ុន្តែភាគីអាមេរិកបានឱ្យដឹងថា មានកិច្ចខិតខំប្រឹងប្រែងជាច្រើនត្រូវបានភាគីទាំងពីរធ្វើឡើងក្នុងរយៈពេលពីរខែកន្លងមកនេះ សំដៅស្តារទំនាក់ទំនងរវាងគ្នាឡើងវិញ។ ជាក់ស្តែង ដូចមានជំនួបរវាងគ្នាលើកដំបូងរវាងមេដឹកនាំទាំងពីរនៅឥណ្ឌូនេស៊ី ហើយបើតាមសេតវិមានឱ្យដឹងក្រោយបញ្ចប់ជំនួប លោកចូ បៃឌិន និងលោក ស៊ី ជីនពីង បានយល់ព្រមអនុញ្ញាតឱ្យមន្ត្រីជាន់ខ្ពស់របស់ពួកគេ បន្តទំនាក់ទំនងសន្ទនាឡើងវិញស្តីពីអាកាសធាតុ ការបន្ធូរបន្ថយបំណុល និងបញ្ហាផ្សេងៗទៀត៕




អត្ថបទបន្ទាប់


សេដ្ឋកិច្ចអាមេរិកហាក់មានពន្លឺងាកចេញពីការដាំក្បាលចុះនៅឆ្នាំ២០២៣ ខណៈសេដ្ឋកិច្ចតំបន់អឺរ៉ុបនៅតែបន្ដខ្មៅងងឹត

ព័ត៌មាន
ស្ថាប័នហិរញ្ញវត្ថុដ៏ធំរបស់អាមេរិក ម៉ូហ្កាន ស្តេនលី (Morgan Stanley) បាននិយាយថា សេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេស និងតំបន់ចាយប្រាក់អឺរ៉ូទំនង…

លោក ដូណាល់ ត្រាំ គ្រោងនឹងឈរឈ្មោះបោះឆ្នោតជាប្រធានាធិបតីអាមេរិកម្ដងទៀតសម្រាប់យុទ្ធនាការបោះឆ្នោតឆ្នាំ២០២៤

ព័ត៌មាន
អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវគេរំពឹងថា នឹងចាប់ផ្តើមការខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងសេតវិមានជាផ្លូវការម្ដងទៀត តាមរយៈការ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ