Advertisement
ធនាគារ SME ថៃ

ធនាគារ SME ថៃ ផ្ដល់កម្ចីជាង ១,៧ ពាន់លានដុល្លារ ជំរុញវឌ្ឍនភាពវិស័យ SME


ស្ថិតនៅក្រោមការគ្រប់គ្រងដោយរដ្ឋ ធនាគារអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម របស់ថៃ (SME Bank) ត្រៀមនឹងបញ្ចេញទុនកម្ចី ការប្រាក់ទាប ដែលមានទំហំជាទឹកប្រាក់ប្រមាណ ៥៨ ពាន់លានបាត ឬស្មើនឹងប្រមាណជាង ១,៧ ពាន់លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍអាជីវកម្មគ្រប់គ្រងលក្ខណៈគ្រួសារ អាជីវកម្មដែលកំពុងដំណើរការជាកសិដ្ឋាន និងអាជីវកម្មខ្នាតតូចដែលមានភាពច្នៃប្រឌិតផ្សេងៗទៀត។
ធនាគារ SME ថៃ (www.bangkokpost.com)
ដោយ
Advertisement

ក្នុងចំនួន​ទឹកប្រាក់​កម្ចី​ ៥៨​ ពាន់លានបាត ឬស្មើនឹង ១,៧ ពាន់លាន​ដុល្លារ​អាមេរិក​នោះ នឹងមាន​បែងចែក​ជាកម្ចី​ ២ប្រភេទ ដែល​ប្រភេទ​កម្ចីទី១ មានជាងទឹកប្រាក់សរុប ៨ ពាន់​លាន​បាត ឬស្មើ​នឹង​ប្រមាណ​​ ២៤០ លាន​ដុល្លារអាមេរិក នឹងត្រូវ​ផ្ដល់ជាកម្ចី​​ទៅឲ្យ​សហគ្រាស​​ធុនតូច និងមធ្យម ដែលបាន​ចុះបញ្ចី ​ជំរុញ​ឲ្យ​ពួកគេក្លាយ​ទៅជា​ស្ថាប័ន ឬក្រុមហ៊ុន​​ដែលមាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ ឬហៅថា​នីតិបុគ្គល។

រីឯ​ប្រភេទ​កម្ចីទី២ មាន​ទឹកប្រាក់​​កម្ចី ៥០ ពាន់​លាន​បាត ​ឬស្មើនឹង​ជាង ១,៤ ពាន់​លាន​ដុល្លារ​អាមេរិក នឹងផ្ដល់​​ទៅលើ​ឧស្សាហកម្ម​ផលិត​កែច្នៃ​កសិកម្ម ទេសចរណ៍​សហគមន៍ និងសហគមន៍​សហគ្រាស និងអាជីវកម្មតូចៗ ​ដែលមាន​ភាពច្នៃ​ប្រឌិត​ជាដើម។ នេះបើ​តាមប្រសាន៍​របស់ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ធនាគារ SME របស់​ថៃ គឺលោក Mongkol Leelatham ដែល​ត្រូវ​បានដកស្រង់​សម្ដី​ ដោយកាសែត​បាងកក​ប៉ុស្ដិ៍​ កាលពីពេល​ថ្មីៗ​នេះ។

សម្រាប់​ផែនការ​​ទឹក​ប្រាក់​​កម្ចី ៨ ពាន់​លាន​បាត ឬស្មើនឹង​​ប្រមាណ ជាង ២៤០ លាន​ដុល្លារ​​អាមេរិក​​នេះ ធនាគារ SME ថៃ នឹង​​គិត​ការប្រាក់​ពី​​អ្នកខ្ចី ១% រហូត​ដល់​រយៈពេល​កម្ចី ៧ឆ្នាំ និងមាន​រយៈពេល​អនុគ្រោះ រយៈ​ពេល៣ឆ្នាំ លើប្រាក់ដើម។ លើសពីនេះ អ្នកខ្ចី​មិនចាំបាច់​មានទ្រព្យ​បញ្ចាំនោះឡើយ​ ហើយ​អ្នក​ដែលធ្លាប់​បរាជ័យ​ក្នុងការសង​កម្ចី​ត្រឡប់​ទៅកាន់​ធនាគារ​​​ម្ដង ក៏អាច​មានសិទ្ធិ​ស្នើសុំ​កម្ចីនេះ​ដែរ។

បើតាម​ការគូស​បញ្ជាក់ ពីលោក Mongkol Leelatham នៅក្នុង​កាសែត​បាងកក​ប៉ុស្ដិ៍ បានឲ្យ​ដឹងថា អ្នកខ្ចី អាច​ស្នើសុំ​កម្ចីធំ​បំផុត​ត្រឹម ១លានបាត ឬស្មើនឹង​ប្រមាណ ៣ម៉ឺន​ដុល្លារ​អាមេរិក ហើយខាង​ធនាគារ នឹងប្រើប្រាស់​ពេលតែ​ ៧ថ្ងៃ ប៉ុណ្ណោះ ដើម្បី​សម្រេច​ដំណើរ​ការការ​ផ្ដល់​កម្ចី។ 

ដោយឡែក សម្រាប់​ប្រាក់​កម្ចី ៥០ពាន់​លាន​បាត ឬស្មើនឹង​ប្រមាណ ១,៤ពាន់​លាន​ដុល្លារ​អាមេរិក ដែល​មាន​រយៈ​ពេល​កម្ចី​កំណត់ ៧ឆ្នាំនោះ ធនាគារ SME ថៃ នឹង​កំណត់​យកការ​ប្រាក់​ទៀង​ទាត់ ៣% (Fixed Interest Rate) សម្រាប់​រយៈពេល​ ៣ឆ្នាំ នៃ ប្រសិន​បើអ្នក​ខ្ចី ខ្វះទ្រព្យ​បញ្ចាំ ពួកគេ​អាចស្នើ​សុំការ​ប្រើប្រាស់ សេវាធានា​ឥណទាន ពីសាជីវកម្ម​ធានា​ឥណទាន​ថៃ (TCG) ដែល​មានការ​ផ្ដល់នូវ​ការលើក​លែង​ការ​ចំណាយ​ប្រចាំ​ឆ្នាំ សម្រាប់​រយៈពេល ៤ឆ្នាំ​ដំបូង​ផងដែរ។

គិតមក​ទល់ចុង​ខែ មិថុនានេះ ធនាគារ SME ថៃបាន​សម្រេច​ផ្ដល់កម្ចី​ប្រមាណ ២ ទៅ៣ ពាន់​លាន​បាតហើយ​ ឬស្មើនឹង​ប្រមាណ ជាង​៦០ ទៅជាង ៩០លាន​ដុល្លារ​អាមេរិក សម្រាប់ SME ដែលជា​នីតិបុគ្គល។

អ្នកជំនាញ​សេដ្ឋកិច្ច​ថៃ បាន​អះអាង​ថា ការផ្ដល់​កម្ចី​ទាំងនេះ គឺជា​នឹងជួយ​ដល់ការ​រីកលូត​លាស់ប្រកប​ដោយ​ចីរភាព​របស់ សហគ្រិន​ខ្នាតតូច​ក្នុង​ប្រទេស​ថៃ។

គួរជម្រាប​ដែរថា កន្លងមក រាជរដ្ឋា​ភិបាល​កម្ពុជា ក៏ធ្លាប់បាន​ប្រកាស​ពីការ​បង្កើត​ធនាគារ SME ដែលមាន​អត្រា​ការប្រាក់​ទាប សម្រាប់​ជំរុញ​ដល់កំណើន​លូតលាស់​​វិស័យ SME នៅ​កម្ពុជា​ដែរ ប៉ុន្ដែ រហូតមក​ទល់​ពេលនេះ ធនាគារ​ដែលជា​ក្ដីរំពឹង​ដ៏ធំ​របស់​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម​នៅកម្ពុជា​មួយ​នេះ នៅមិនទាន់​​លេច​រូបរាង​នៅឡើយ​ទេ។ មន្ត្រីជាន់​ខ្ពស់​រាជរដ្ឋាភិបាល ឯកឧត្តម វង្ស៊ី វិស្សុត រដ្ឋលេខា​ធិការ​ ក្រសួង​​​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់​បានអះអាង​ថា រាជរដ្ឋា​ភិបាល នឹងជំរុញ​​ឲ្យធនាគារ​មួយនេះ ចេញក្នុង​ពេល​ឆាប់ៗ ហើយ​បច្ចុប្បន្ន ខាងក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​និងកំពុង ដុតដៃ​ដុតជើង ធ្វើការងារ​ទាំងអស់​នេះ​ហើយ៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក ឆាយ សុផល ចាយ​លុយ​ជាង​១​ម៉ឺន​ដុល្លារ​ទិញ​សៀវភៅ​សម្រាប់​អតិថិជន Book Cafe

ព័ត៌មាន
ខុស​ពី​ហាង​កាហ្វេ​ដទៃ លោយ ឆាយ សុផល ដែល​ជា​សាស្រ្តាចារ្យ​សារព័ត៌មាន និង​ជា​អ្នក​និពន្ធ​ដ៏​ល្បីល្បាញ​ម្នាក់ បាន​បើក​ហាង​កាហ្វេ​ឈ្មោះ​ថា...

ថៃ ត្រៀមកញ្ចប់ថវិកា ៦ ពាន់លានដុល្លារ សម្រាប់ជួយកសិករដាំដុះស្រូវ

ព័ត៌មាន
រាជរដ្ឋាភិបាលថៃ សន្យាបែងចែកកញ្ចប់ថវិកា ២០០ពាន់លានបាត ឬស្មើនឹងប្រមាណ ៦ពាន់លានដុល្លារអាមេរិក សម្រាប់ជាជំនួយហិរញ្ញប្បទាន ទ្រទ្រង់ដល់កសិក...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ