មកដល់ពេលនេះ ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិកបានតម្លើងអត្រាការប្រាក់ ដប់ដងជាប់ៗគ្នា ចាប់តាំងពីខែមីនា ឆ្នាំ ២០២២ ដែលជាហេតុនាំឲ្យអត្រាការប្រាក់គោលនៅពេលបច្ចុប្បន្នបានឡើងដល់ចន្លោះពីកម្រិត ៥% ទៅ ៥,២៥ %។ នេះជាការដំឡើងអត្រាការប្រាក់ក្នុងល្បឿនដ៏គួរឱ្យភ័យខ្លាចចំពោះធនាគារកណ្តាលសហរដ្ឋអាមេរិក ក្នុងគោលបំណងកាត់បន្ថយអតិផរណាដែលឡើងខ្ពស់។
នៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីការប្រកាសតម្លើងអត្រាការប្រាក់ជាថ្មីទៀតនេះ លោក ជេរ៉ូម ផូវែល ( Jerome Powell) ប្រធានធនាគារកណ្តាលសហព័ន្ធ បាននិយាយថា ធនាគារកណ្តាលនៅតែចាត់ទុកអតិផរណាថាខ្ពស់ ហើយថាខ្លួននៅតែមានការព្រួយបារម្ភដោយសារតែបញ្ហាសម្ពាធតម្លៃវាខ្ពស់ពេក។
លោកបាននិយាយថា វាឆាប់ពេកក្នុងការនិយាយថា វដ្តនៃការដំឡើងអត្រាការប្រាក់គឺចប់នោះ។ យើងត្រៀមខ្លួនដើម្បីធ្វើកិច្ចការច្រើនបន្ថែមទៀត ទោះជាត្រូវដំឡើងអត្រាការប្រាក់ទៀត ក៏ត្រូវធ្វើដែរ ប្រសិនបើចាំបាច់ ហើយមន្ត្រីនានាក៏មិនបាននិយាយថាពួកគេនឹងមិនដំឡើងអត្រាការប្រាក់ម្ដងទៀតនៅឯកិច្ចប្រជុំគោលនយោបាយនាខែមិថុនានោះដែរ។
ទោះបីជាយ៉ាងនេះក្ដី លោក ផូវែល បាននិយាយថា លោកមើលឃើញថា ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុដោយធនាគារកណ្ដាលអាមេរិកគួរតែជិតដល់ពេលដែលត្រូវបញ្ចប់ហើយ។ លោក ផូវែល បានយល់ស្របថា "គោលនយោបាយមានភាពតឹងតែង" ហើយបានបន្តថា រឿងនោះធ្វើឱ្យគេអាចនិយាយបានថា ធនាគារកណ្តាលបានធ្វើកិច្ចការច្រើនគ្រប់គ្រាន់ហើយ ពាក់ព័ន្ធនឹងអត្រាការប្រាក់ ជាពិសេសដោយមើលឃើញភាពតានតឹងដែលកំពុងកើតមាននៅក្នុងសេដ្ឋកិច្ចសហរដ្ឋអាមេរិក។ និយាយម្យ៉ាងទៀត គឺការរឹតបន្តឹងគោលនយោបាយឥណទានដោយធនាគារនានា តាមរយៈការដំឡើងអត្រាការប្រាក់ អាចធ្វើឱ្យសេដ្ឋកិច្ចងើបយឺតជាងការរំពឹងទុក។ ប៉ុន្តែ ធនាគារកណ្ដាលអាមេរិកនៅតែមានសង្ឃឹមថា ឱនភាពសេដ្ឋកិច្ចនឹងអាចបញ្ចៀសបាន។
គោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិកឥឡូវនេះគឺប្រហាក់ប្រហែលនឹងពេលមុនមានវិបត្តិហិរញ្ញវត្ថុកាលពី ១៦ ឆ្នាំមុន ហើយស្ថិតនៅក្នុងកម្រិតដែលមន្ត្រីធនាគារកណ្ដាលភាគច្រើនបានព្យាករកាលពីខែមីនាថា"តឹងតែងល្មម" ដើម្បីធ្វើឱ្យអតិផរណាវិលត្រឡប់ទៅរកអត្រា ២ % វិញ ដូចដែលធនាគារកណ្តាលអាមេរិកចង់បាន។ ប៉ុន្តែ បច្ចុប្បន្នអតិផរណានៅតែស្ថិតក្នុងកម្រិតមួយខ្ពស់ជាង ២ ដង បើធៀបនឹងគោលដៅនោះ៕